តាកែវ ៖ ក្រុមអាជីវករ ដែលធ្លាប់មានតូបលក់ដូរនៅក្នុងផ្សារព្រៃសណ្ដែកចាស់ ស្រុកទ្រាំង ខេត្តតាកែវ នៅតែមានការតវ៉ាជាមួយនឹងក្រុមហ៊ុនវិនិយោគផ្សារដដែល បើទោះបីមានការចុះសម្របសម្រួលពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវជាច្រើនលើកច្រើនសាក៏ដោយ។
ក្រុមអាជីវករ ដែលនាំគ្នាធ្វើការតវ៉ាទាំងនោះ បានអះអាងថា ក្រុមហ៊ុនវិនិយោគផ្សារព្រៃសណ្តែកថ្មីនេះ នៅតែរំលោភលើកិច្ចសន្យាចំពោះពួកគាត់ដដែលពាក់ព័ន្ធ នឹងទំហំតូប តម្លៃតូប និងទីតាំងដែលពួកគាត់ធ្លាប់លក់ពីមុន ពិសេសអាជីវករចាស់ក្រុមហ៊ុនគ្មានតូបលក់ឲ្យ បែរជាមានតូបលក់ទៅឲ្យអាជីវករថ្មីទៅវិញ។ ក្រោយពីមានការចុះសម្របសម្រួលពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវកន្លងទៅថ្មីៗនេះដូចជាមិនមានផ្លែផ្កា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមអាជីវករបានផ្ទុះការតវ៉ាជាថ្មីម្តងទៀត ស្របពេលដែលលោកអភិបាលខេត្តតាកែវក៏មានវត្តមានក្នុងពេលនោះដែរ។ ជាមួយនឹងវត្តមានលោកអភិបាលខេត្តតាកែវដែលចុះដោះស្រាយនាពេលនេះ ពន្លឺនៃក្តីសង្ឃឹមរបស់ក្រុមអាជីវករហាក់មានពន្លឺតិចតួច ព្រោះលោកបានលើកពេលសម្រាប់ការដោះស្រាយជូនពួកគាត់ទៅថ្ងៃខាងមុខទៀត។
ពាក់ព័ន្ធនឹងសំណង់ផ្សារព្រៃសណ្តែកថ្មីនេះ លោក នួន សុធា ប្រធានមន្ទីរសូរិយោដីនគរូបនីយកម្មនិងសំណង់ខេត្តតាកែវធ្លាប់បានចេញលិខិតបំភ្លឺផងដែរ ដោយក្នុងលិខិតដែលលោកប្រធានមន្ទីរបំភ្លឺនោះបានសង្កត់ធ្ងន់៤ចំណុចដែលប្រធានវិនិយោគផ្សារមួយនេះមិនគោរពតាមគឺ ទី១ផ្សារព្រៃសណ្ដែកនេះគឺពុំមានលិខិតអនុញ្ញាតឲ្យសាងសង់នោះទេ។ ២. ទំហំតូបថ្មីក្នុងផ្សារគឺតូចជាងទំហំតូបដែលបានសន្យាមុនពេលសាងសង់។ ៣.តូបថ្មីដែលបានសាងសង់មិនគ្រប់ចំនួនតូបចាស់ឬតូបដែលបានកក់ប្រាក់។ ៤. អាជីវករដែលទទួលបានតូបថ្មីគឺខុសពីទីតាំងចាស់ឬនៅឆ្ងាយពីទីតាំងចាស់ដែលខ្លួនធ្លាប់លក់។
សូមបញ្ជាក់ផងដែរថា ផ្សារព្រៃសណ្ដែកថ្មីនេះត្រូវបានទទួលការសាងសង់ដោយ ក្រុមហ៊ុន ខេង យ៉ារីឌីវេឡុបមេន អ៊ិនវេស មេន (ខេ. វ៉ាយឌី. អ៊ី) ជិតរួចរាល់ទៅហើយ ក៏ប៉ុន្តែនៅតែមានការជជែកតវ៉ាមិនសុខចិត្តពីក្រុមអាជីវករមួយចំនួនដដែលបើទោះបីជាមានការចុះសម្របសម្រួលពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ។ ដែលចំណុចនេះបានធ្វើឲ្យក្រុមអាជីវករមានការសង្ស័យទៅលើអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរពាក់ព័ន្ធថាអាចមានការជាប់ពាក់ព័ន្ធស៊ុមគ្រលុំគ្នាជាមួយប្រធានក្រុមហ៊ុនសាងសង់ផ្សារ ជាថ្នូរនឹងលាភសក្ការៈចូលហោប៉ៅរៀងៗខ្លួន៕