ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស​ ណ​យ ជួប ផេ​ត​ឆ័​ត្រ​ឆ័យ ឯ ឈឿន ឆៃ​ដែន ជួប ហ្វា​សះ​ថា​ន នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ វង្ស ណ​យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជម្រះ​បញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត​ឆ័​ត្រ​ឆ័យ ស​.​ប៊ុន​យៀម។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១គីឡូក្រាម។​

ផេ​ត​ឆ័​ត្រ​ឆ័យ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ។​ អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរសម​ដែរ។ ​នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

ទោះជា​យ៉ាងណា ផេ​ត​ឆ័​ត្រ​ឆ័យ ជួប​ជាមួយ​វង្ស​ណ​យ​លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ​។​ យ៉ាងណា វង្ស ណ​យ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើឲ្យ​ផេ​ត​ឆ័​ត្រ​ឆ័យ ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។​

ផេ​ត​ឆ័​ត្រ​ឆ័យ បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំណត់ត្រា​ប្រកួត​ជិត​១០០លើក ឈ្នះ​៧៨​លើក ចាញ់​១៥​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​២១​លើក​ឯណោះ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឺ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មានកំណត់​ត្រា​ប្រកួត​រហូតដល់​១៨៧​លើក ឈ្នះ​១១៨​លើក ចាញ់​៦៤​លើក និង​ស្មើ​៥​លើក។​

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ មិនអាច​មើលងាយ ផេ​ត​ឆ័​ត្រ​ឆ័យ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ទើបតែ​ស្គាល់​ចាញ់​១៥​លើក​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ជិត​១០០​លើក​នោះ។ ចាំមើល វង្ស ណ​យ និង ផេ​ត​ឆ័​ត្រ​ឆ័យ នេះ តើន​រណា​ជា​អ្នកឈ្នះ ?​ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Tuksila ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​០២​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅនេះ។​

ចំពោះ ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ហ្វា​សះ​ថា​ន សា​កា​ធិ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦១​គីឡូក្រាម។​ ហ្វា​សះ​ថា​ន គូ​របស់​ឈឿន ឆៃ​ដែន​នេះ គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត។​

ប៉ុន្តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​ធ្លាប់​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​កម្ពុជា​នោះដែរ​កន្លងមក។ ដូច្នេះ ហ្វា​សះ​ថា​ន មិនដឹងថា​ គេ​មាន​សមត្ថភាព​ខ្លាំង ​ឬ​ខ្សោយ​នោះឡើយ។ តែបើ​តាម​ លោក ធី ណា​រិ​ទ្ធ គ្រូ​បង្វឹក​ក្លិប​អាណាចក្រ​គុន​ខ្មែរ​និយាយ​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ ហ្វា​សះ​ថា​ន នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៧​ថៃ គឺ​មិន​ខ្សោយ​នោះទេ។ ​លាក​បន្តថា ឈឿន ឆៃ​ដែន ពុំ​ដឹងថា ​អាច​តស៊ូ​ជាមួយ​ថៃ​ម្នាក់នេះ​បាន ​ឬ​យ៉ាងណា​នោះទេ ?​។

ឆៃ​ដែន គេ​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ទម្ងន់​៦០​គ​.​ក្រ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន។ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង​ និង​ទម្ងន់​ជើង​ទាត់​ធ្ងន់។​ ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​ជាង​១០០​លើក គេ​វាយ​ឈ្នះ​៨១​លើក ចាញ់​២៤​លើក និង​ស្មើ​០៥​លើក ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជាច្រើន​លើក​។
​ ​
ឈឿន ឆៃ​ដែន ប្រកួត​ចុងក្រោយ​នេះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chhay Lek ដោយ​ពិន្ទុ​ កាលពី​ថ្ងៃ​ទី​០៥​ ខែ​មករា ឆ្នាំ​២០១៩។ ចាំមើល រវាង​ ឈឿន ឆៃ​ដែន និង ហ្វា​សះ​ថា​ន តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ?។​

ចំណែក​ការប្រកួត​មិត្តភាព​ខ្មែរ ​និង​ខ្មែរ​វិញ ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជា​មួយ ម៉ន វ​ណ្ណី អ្នក​ប្រដាល់ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក។​

ងួន គា ជា​អ្នក​ប្រដាល់​ជើងចាស់​។ គេ​មាន​កណ្ដាប់ដៃ​ល្អ ខ្លាំង និង​លឿន​រហ័ស។ គេ​ប្រកួត​ចុង​ក្រោយ​នេះ​បាន​វាយ​ឈ្នះ សង គង់ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ឯ ម៉ន វ​ណ្ណី ប្រកួត​ចុង​ក្រោយ​នេះ វាយ​ចាញ់​ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ក្នុង​ទឹក​ទី​៤។​ ចាំមើល រវាង​ ងួន គា និង ម៉ន វ​ណ្ណី តើន​រណា​ឈ្នះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114