ព័ត៍មានទាន់​ហេតុការណ៏
Search

ផា​រ៉ា​ហ្គ​ន​ ពាំ​នាំ​មក​នូវ​បច្ចេកវិទ្យា និង​ភាពជា​ដៃគូ​ជាមួយ​ វិទ្យាស្ថាន​ពហុបច្ចេកទេស​កាណាដា

ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន អេ​ឌ្យូ​ខេ​សិន ឯ​.​ក (Paragon Education Company Limited) បាន​ធ្វើជា​ម្ចាស់​នៃ​ការរៀបចំ​ពិធីជប់លៀង ដើម្បី​អបអរសាទរ​ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ ​វិទ្យាសា្ថន​ពហុបច្ចេកទេស (Southern Alberta Institute of Technology) នៃ​ប្រទេស​កាណាដា​។​

គ្រឹះស្ថាន​អប់រំ ផា​រ៉ា​ហ្គ​ន ប្ដេជ្ញា​ធ្វើឱ្យ​យុវជន​កម្ពុជា​បន្ត​ការ​រីកចម្រើន​ឆ្ពោះ​ទៅ​មុខ​ក្នុង​ផ្នែក​បច្ចេកវិទ្យា តាមរយៈ​ភាពជា​ដៃគូ​ជាមួយ វិទ្យាស្ថាន​ពហុបច្ចេកទេស ដែល​ឈានមុខ​គេ​របស់​ប្រទេស​កាណាដា​។​
SAIT ជា​វិទ្យាស្ថាន​ពហុបច្ចេកទេស នៃ​ប្រទេស​កាណាដា ដែល​បណ្ដុះបណ្ដាល​និស្សិត​របស់​ខ្លួន​ឱ្យ​ទទួល​បាន​ចំណេះ ជំនាញ និង​សមត្ថភាព ស្របតាម​តម្រូវការ​នៃ​ពិភព​បច្ចេកវិទ្យា​បច្ចុប្បន្ន​។

វិទ្យាស្ថាន​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩១៦ ហើយ​បាន​ផ្ដល់នូវ​កម្មវិធីសិក្សា​ជាង​១០០​កម្មវិធី ដែល​ផ្ដល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​មានតម្លៃ​ខ្ពស់​។​

វិទ្យា​សា្ថ​ន​នេះ​បាន​ជួយ​ឱ្យ​និស្សិត​ត្រៀមខ្លួន​សម្រាប់​ការងារ​ផ្សេងៗ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ ជាពិសេស​ការងារ​បច្ចេក​ទេស ខណៈដែល​ប្រទេស​កាណាដា​ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ពិភពលោក​លើ​ផ្នែក​នវានុវត្តន៍​បច្ចេកវិទ្យា​។​

ពិធីជប់លៀង​ខូ​ក​ធែ​ល ដើម្បី​អបអរ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​អប់រំ​ទាំងពីរ បាន​ប្រព្រឹត្តទៅ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​កន្លងទៅនេះ​។​

លោកជំទាវ ជា សុ​ផាក​ន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ចុះហត្ថលេខា​ជា​តំណាង ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន​អេ​ឌ្យូ​ខេ​សិន ឯ​.​ក ដោយឡែក លោកស្រី យូ​ឌី ផេ​ដឺ​សិន (Judy Pedersen) ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អតិថិជន​អន្តរជាតិ បាន​ធ្វើជា​តំណាង Southern Alberta Institute of Technology អំឡុង​អង្គពិធី​នេះ​ផងដែរ​។​

បន្ថែម​ពីនេះ ក៏មាន​ផងដែរ​នូវ វត្តមាន និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយស​ក្រុមប្រឹក្សាភិបាល​ផា​រ៉ា​ហ្គ​ន និង លោកជំទាវ​ដូ​នី​កា ផ​ត់​ធី (Donica Pottie) ឯកអគ្គរាជទូត​កាណាដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​
មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ព័ត៌មានវិទ្យា រួម​នឹង​ជំនាញ​វិស្វកម្ម និង​គ្រប់គ្រង​ពាណិជ្ជកម្ម គឺជា​មុខជំនាញ​ស្នូល​នៃ​ការអប់រំ​នៅ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន ខណៈដែល​សិស្សានុសិស្ស​ពី​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន គ្រប់​សាខា​ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​រៀន​ស្គាល់​មុខវិជ្ជា​ទាំងនេះ​ចាប់ពី​កម្រិត​ដំបូង​មក​។​

កិច្ចសហប្រតិបត្តិការ​ថ្មី​ជាមួយ​ស្ថាប័ន​នៃ​ប្រទេស​កាណាដា​នេះ នឹង​ពង្រីក​នូវ​វិសាលភាព និង​បង្កើន​ឱកាស​ដល់​សិស្ស​-​និស្សិត ព្រមទាំង​ផ្ដល់ជូន​ពួកគាត់​នូវ​ចំណេះដឹង​កាន់តែ​ប្រសើរឡើង ជុំវិញ​វិស័យ​នានា​ដែល​កំពុង​សម្រួច​អនាគត​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114