ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ ​លើក​ពេល​កាត់ទោស​ក្រុម​ លោក​ ថោង សារ៉ាត់ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១២​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​លើក​ពេល​សវនាការ​កាត់ទោស​ក្រុម​ លោក​ ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន​៤​នាក់ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ។​

តាម​កាលវិភាគ​ដែល​បាន​ព្រាង​ទុក នៅ​ថ្ងៃទី១២ និង​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ លោក ​តុ​ប ឈុន​ហេង ជា​ប្រធាន​ក្រុមប្រឹក្សា ​និង​បើកសវនាការ​បន្ត​លើ​សំណុំរឿង​ឃាតកម្ម​ ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ ដែល​ក្រុម​ឃាតក​បាន​បាញ់សម្លាប់​កាលពី​ព្រលប់​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប៉ុន្តែ​ពេល​សវនាការ​ ត្រូវ​ចាប់ផ្ដើម​ក្រុមប្រឹក្សាតុលាការ​បានសម្រេច​លើក​ពេល​សវនាការ​ទៅវិញ ហើយ​ជន​ជាប់​ចំនួន​៤​នាក់ ​ដែល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​បន្ត​សិន រង់ចាំ​តុលាការ​សម្រេច​ជាថ្មី។​

សូមបញ្ជាក់ថា តុលាការ​បានសម្រេច​ចោទប្រកាន់​ ទី​១​-ឈ្មោះ ថោង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន ៩៩៩ ជាប់ចោទ​ពីបទ ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។​ ទី​២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ៤៤​ឆ្នាំ និង​ទី​៣-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ៤២​ឆ្នាំ (​ស្លាប់​) ជាប់ចោទ ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន។​ ទី​៤-​ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ២៩​ឆ្នាំ ទី​៥-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៦-​ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។ ចំពោះ​ការសួរដេញដោល តុលាការ​ នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី ១៦​មករា​នេះ។​

សូម​រំលឹក​ថា​ ជនរងគ្រោះ​មាន ឈ្មោះ អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​ពេជ្រ ត្រូវ​ឃាតក​បាញ់​សម្លាប់ កាលពី​ម៉ោង​ប្រមាណ​ជាជាង​៧​ល្ងាច ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ​នៅមុខ​តូប​លក់​ផ្លែឈើ​ស្រស់​យីហោ ឡោ តិច​សេង ក្បែរ​ផ្សារ​អូឡាំពិក។​

ក្នុង​សវនាការ​ចំនួន​២២​លើក​កន្លងទៅ ​ក្រុម​ជនជាប់ចោទ ​បាន​បដិសេធ​ថា ​ពួកគេ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ទេ ប៉ុន្តែ​ពួកគេ​មិន​មាន​ភស្តុតាង​ដោះ​បន្ទុក​ទាល់តែសោះ។​

គួរ​រំឭក​ដែរ​ថា ជនជាប់ចោទ ​ឈ្មោះ ថោង សារ៉ាត់ និង​ ឈ្មោះ ថោង ចំរើន (​ជា​ឪពុក​) និង ​ឈ្មោះ កែវ សារី (​ជា​ម្តាយ​) ក៏​ធ្លាប់​ត្រូវបាន លោក ឃី ឆៃ ចៅក្រម​សាលា រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ៦​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ក្រោម​បទចោទប្រកាន់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត យោងតាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។​

ចំពោះ​សំណុំរឿង​ឃាតកម្ម បើក​ក្នុង​ករណី​តុលាការ​រកឃើញថា​ លោក​ ថោង សារ៉ាត់ ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដូច​ការចោទប្រកាន់រ​បស់​តុលាការ​នោះ​ ក្រុម​ជនជាប់ចោទ​អាច​ប្រឈម​មុខការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​បើ​យោងតាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ៕