ព័ត៍មានទាន់​ហេតុការណ៏
Search

ទ្រាំ​នឹង​ការ​ជេរប្រមាថ​វាយដំ​ញឹកញាប់​ពេក​ ឪពុក​ទាញ​ដែក​ជ្រុង​វាយ​កូន​ដល់​ស្លាប់​

កណ្តាល​ ៖​ នគរបាល​ បាន​ចាប់ខ្លួន​បុរស​ជា​ឪពុកម្នាក់ ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​វាយ​សម្លាប់​កូនបង្កើត​ដែល​ផ្តើមចេញពី​ការអត់ធ្មត់​យូរ​មកហើយ ​ចំពោះ​ការជេរប្រមាថ​វាយដំ​ពី​សំណាក់​កូន​។​

​ហេតុការណ៍​នេះ​ ត្រូវបាន​គេ​ដឹង ​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ ភូមិ​ម្កាក់ ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។​

នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឲ្យ​ដឹងថា​ ជនរងគ្រោះ​ ឈ្មោះ ផង់ បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ/​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ និង​មានកូន​០២​នាក់ ហើយ​បាន​លែងលះ​គ្នា ជាង​២​ឆ្នាំ​មក​ហើយ ដោយ​មិន​អាច​ទ្រាំ​រស់នៅ​ជាមួយ​ប្ដី​បាន។​

​ជនសង្ស័យ ​ឈ្មោះ ផង់ ជាង ភេទ​ប្រុស អាយុ៦៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ស្នាក់នៅ ភូមិ/​ឃុំ​កើត​ហេតុ។ ​ជនរងគ្រោះ​ស្នាក់នៅ​ជាមួយ​នៅ ភូមិ​ម្កាក់ ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល (​ត្រូវជា​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​)​ ដោយឡែក​ ម្ដាយ​ជនរងគ្រោះ ត្រូវជា​ប្រពន្ធ ជន​សង្ស័យ ក៏​មិន​បានរស់នៅ​ក្នុងផ្ទះ​នេះ​ជាមួយ​ប្ដី​ដែរ មូល​ហេតុ​មកពី​កូន​របស់ខ្លួន (​ជនរងគ្រោះ​)​ជេរ​ប្រមាថ​រាល់ថ្ងៃ។​

​នគរ​បា​លបានឲ្យ​ដឹង​ទៀតថា ​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង១៨​និង​០០​នាទី​ ជនសង្ស័យ ជា​ឪពុក​ ឈ្មោះ ផង់ ជាង បាន​ទៅ​ហូប​ការ​គេ​ជាមួយ​ចៅស្រី អាយុ​០៤​ឆ្នាំ នៅ​ក្នុង​ភូមិ​ លុះដល់​ម៉ោង​២០​និង​១០​នាទី ទើប​ត្រឡប់មកផ្ទះ​វិញ ចូលដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ ពេល​កំពុង​ដេក​នៅ​វេលា​ម៉ោង​ប្រហែល២​និង​០០​នាទី​រំលង​អធ្រាត្រ ចូល​ថ្ងៃទី​១១​កុម្ភៈ​ឆ្នាំ​ ស្រាប់តែ​ជនរងគ្រោះ​ជា​កូន​ ឈ្មោះ ផង់ បាន ត្រឡប់​មកពី​ហូប​ការ​គេ​ក្នុង​ភូមិ​ដែរ ​បាន​ស្រែក​ឡូឡា​ជេរ​ជនសង្ស័យ​ជា​ឪពុក​ថា អា​ចុយម្រាយ​ហ្នឹង​ក្រ​ងាប់​ម្ល៉េះ ជនសង្ស័យ​បាន​តប​វិញ​ថា ឡូឡា អី ថ្មើរ​នឹង​ហើយ​មិន​ចូល​ដេក​ទៅ ​ស្រាប់តែ​ជនរង​គ្រោះ ស្ទុះ​យក​ដំបង​ឈើ​ជ្រុង​វាយ​ជនសង្ស័យ ជា​ឪពុក តែ​ឪពុក​គេច​ផុត រួច​ជនរងគ្រោះ​នៅ​បន្ត​ជេរ​ជនសង្ស័យ​ដដែលៗ ឆ្លៀត​ជនរងគ្រោះ​ដើរទៅ​ដេក​លើ​អង្រឹង​ក្រោម​ផ្ទះ ជនសង្ស័យ​ក៏​ចូលក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង​ជន្ទល់​ទ្វារ ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​រហូតដល់​ស្លាប់ រួច​បោះ​ដែក​ចោល​ទៅ ខាង​លិច​ផ្ទះ ហើយ​បាន​ចូល​សម្រាក​រហូត​ទល់​ភ្លឺ រហូត​ព្រឹក​ឡើង​ មានការ​ភ្ញាក់ផ្អើល ដឹង​ពី​ហេតុការណ៍ ថា ជនរងគ្រោះ​ស្លាប់​នៅក្រោម​ផ្ទះ។​

មន្ត្រី​ជំនាញ ​ក្រោយពី​ពិនិត្យ​សាកសព​ជនរងគ្រោះ​រួច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​ជា​កូន​ប្រាកដ​មែន​ អំពើ​នេះ​ផ្តើមចេញ​មកពី​ជនរងគ្រោះ​ជា​កូន​ជេរប្រមាថ​ក្រុម​គ្រួសារ​ និង​ប្រើ​អំពើ​ហិង្សា​មក​លើ​ឪពុក​ជា​ញឹកញាប់ ​ហើយ​ក្នុង​ថ្ងៃ​កើតហេតុ​ ទាំង​ជនសង្ស័យ​ និង​ជនរងគ្រោះ​ក្នុង​ខ្លួន​សុទ្ធតែ​ផ្ទុក​នូវ​ជាតិ​ស្រវឹង​ទៀត​ផង​៕