ព័ត៍មានទាន់​ហេតុការណ៏
Search

ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​

​ប៉ៃលិន ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​កំណត់​តំបន់​ធ្វើការ វិនិច្ឆ័យ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នា​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លោក ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី។

វិធី​នេះ ​​ប្រព្រឹត្តិ​ទៅ ​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​ លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​,​ លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ ព្រមទាំង​មន្ត្រី​សុរិយោដី​ខេត្ត​/​ស្រុក មេភូមិ មេឃុំ និង​ប្រជាពលរដ្ឋ​សរុប​១០០​នាក់​។​



បើតាម​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ប្រព័ន្ធ មាន៥​ដំណាក់កាល ទី​១.​ការងារ​ត្រៀម​រៀបចំ គឺ​មានន័យថា​ជាការ​កំណត់ តំបន់​វិនិច្ឆ័យ ការបង្កើត​គណៈកម្មការ​រដ្ឋបាល ការជូនដំណឹង​កិច្ចប្រជុំ​ផ្សព្វ ផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​ ទី​២.​ប្រតិបត្តិការ​បច្ចេកទេស គឺ​ការ​ចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។ ​ទី​.៣ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុងករណី​មានការ​ខុសឆ្គង​។​ ទី​៤.ការសម្រេច​លើ​ឯកសារ​វិនិច្ឆ័យ ពី​លទ្ធផល ​នៃ​ការ​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ របស់​គណៈកម្មការ​រដ្ឋបាល ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ​ផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា ដែល​មិនមាន​ទំនាស់​ ឬ​មានការ​ពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ និង ទី​៥.​គឺ​ចុះ​បញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​ផងដែរ។​



មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីប្រកាស​កំណត់​តំបន់​ធ្វើការ វិនិច្ឆ័យ សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ដែរ​ លោក ហុក សុផល អភិបាលរង ខេត្ត​ប៉ៃលិន បាន​ថ្លែងថា​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​គឺជា រឿង​សំខាន់​សម្រាប់​ការកំណត់​ព្រំប្រទល់​ដីធ្លី របស់​យើង​យ៉ាង​ស្របច្បាប់ ហើយ​ប័ណ្ណ​កម្មសិទ្ធិ ពិត​ជា​មាន​សារៈសំខាន់ សម្រាប់​ការកំណត់​ដីធ្លី ចែក​បន្ត ដល់​កូនចៅ​ជំនាន់​ក្រោយៗ សម្រាប់​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់ ដោយ​គ្មាន​ជន​ណា​ម្នាក់​អាច​កេង​បន្លំ​បាន​ឡើយ ដូច្នោះ ​លោក​ស្នើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល ដល់​មន្ត្រី​ជំនាញ ក្នុងការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យ​បាន​ឆាប់រហ័ស ជាមួយគ្នានេះដែរ ការប្រកាស​កំណត់​តំបន់​ធ្វើការ វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាព ងាយស្រួល​ក្នុង​ការ​ផ្ដល់​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ជូន​ប្រជា​ពលរដ្ឋ ព្រោះថា​ការកំណត់​តំបន់​វិនិច្ឆ័យ​នេះ គឺ​ផ្នែក​ជំនាញ​ នឹង​ផ្តល់​ជា​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ផងដែរ​៕​

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114