ព័ត៍មានទាន់​ហេតុការណ៏
Search

តា​អាចារ្យ​ការ​ ជិះ​កង់​ឆ្លង​ផ្លូវ ត្រូវ​រថយន្ត​បុក​ស្លាប់​

កណ្ដាល ៖ លោកតា​អាចារ្យ​ការ​ ត្រូវ​រថយន្ត​បុក​ស្លាប់ ខណៈ​ជិះ​កង់​ឆ្លង​ផ្លូវ​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ០៨​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦​និង​៣០​នាទី ​នៅ​ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល។

នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​អ្នក​បង្ក​បើកបរ​រថយន្ត​បាន​គេច​ខ្លួន​បាត់។ ចំណែក​អ្នក​ជិះ​កង់​ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ វណ្ណ ជ័យ ​ភេទ​ប្រុស ​អាយុ​៨១​ឆ្នាំ​ មុខរបរ​អាចារ្យ​ការ​ មាន​ទីលំនៅ​ភូមិ​ទេព​អក​ជួ ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ខេត្ត​កណ្ដាល។

ជំនាញ​ចរាចរណ៍​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស​-​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​2K-9058 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) បាន​បើក​រថយន្ត​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​(​ជ្រៃ​ធំ​-​តាខ្មៅ​)។ លុះ​មកដល់​ចំណុច​កើតហេតុ ​ក៏បាន​បុក​ជាមួយ​កង់​មួយ​គ្រឿង ជិះ​ដោយ​ ឈ្មោះ វណ្ណ ជ័យ ភេទ​ប្រុស​ អាយុ​៨១​ឆ្នាំ មុខរបរ​អាចារ្យ​ការ មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា ​ពី​ត្បូង​មក​ជើង ​ហើយ​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ពី​កើតមក​លិច​ ធ្វើឲ្យ​រថយន្ត​គេច​មិនទាន់​ ក៏​បុក​បណ្ដាលឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​នៅ​កន្លែងកើតហេតុ។

បន្ទាប់ពី​សមត្ថកិច្ច​យើង​ធ្វើការ​ពិនិត្យ​ និង​វាស់វែង​កន្លែង​កើតហេតុ​រួច ក៏បាន​យក​វត្ថុតាង​ទាំងពីរ​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់។​

ចំណែក​សាកសព ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​ ការ​សន្និដ្ឋាន​របស់​ជំនាញ​ថា ​ករណី​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ និង​អ្នក​ជិះ​កង់ បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា ទើប​បង្ក​ឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង៕