ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈ​ឱសថការី​កម្ពុជា​ ដាស់តឿន​ដល់​ឱសថការី​ដែល​មិនទាន់​ចូល​ជា​សមាជិក ត្រូវ​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ឲ្យ​បាន​គ្រប់ៗ​គ្នា​

សៀមរាប ​៖​ ថ្លែង​ក្នុង​ឱកាស​ពិធី​ធ្វើ​ជំរឿន​សមាជិក​ គណៈ​ឱសថការី​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ លោក​ឱសថការី បាន បុត្តា ប្រធាន​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ​ នៃ​គណៈ​ឱសថការី​កម្ពុជា បាន​អំពាវនាវ​ដល់​ឱសថការី​ទាំងឡាយ​ណា​ដែល​មិនទាន់​ចូល​ជា​សមាជិក​គណៈ​ឱសថការី​កម្ពុជា សូម​ប្រញាប់​រួសរាន់​ចុះឈ្មោះ​ចូល​ជា​សមាជិក ​នៃ​ឱសថការី​កម្ពុជា​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត។

លោក​បាន​សំណូមពរ​ដល់​សមាជិក សមាជិកា នៃ​គណៈ​ឱសថការី​កម្ពុជា​ទាំងអស់ សូម​ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ ត្រូវ​ពង្រឹង​នូវ​សាមគ្គី​ផ្ទៃក្នុង ចេះ​យោគយល់ ​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ និង​លិខិត​បទដ្ឋាន ឯកសារ​គតិយុត្តិ​របស់​ក្រសួងសុខាភិបាល ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន ពិសេស​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ដើម្បី​វឌ្ឍនភាព​នៃ​វិជ្ជាជីវៈ​របស់​ទាំងអស់​គ្នា​។​

លោក​បន្ត​ថា​ គណៈ​ឱសថការី​កម្ពុជា​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​ព្រះរាជ​ក្រិត បច្ចុប្បន្ន​នេះ​មាន​សមាជិក​សមាជិកា ជាង​៣០០០​នាក់ ក្នុងនោះ​ខេត្ត​សៀមរាប មាន​២៨៤​នាក់​។ ​ថ្មីៗ​កន្លង​មក​នេះ គណៈ​ឱសថការី​កម្ពុជា បាន​ធ្វើ​ជំរឿន​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ជាច្រើន ​ហើយ ក្រោយ​ពី​ខេត្ត​សៀមរាប​នេះ​ ទៅ​នឹង​បន្ត​ជំរឿន​នៅ​រាជធានី​ភ្នំពេញ​ចុងក្រោយ​គេ​។​

លោក បាន បុត្តា បញ្ជាក់​ថា ការ​ធ្វើ​ជំរឿន​នេះ ផ្តល់​ឱកាស​ដល់​សមាជិក​សមាជិកា​ទទួល​បាន​នូវ​បច្ចុប្បន្នភាព​ច្បាស់លាស់ ​នៃ​ឯកសារ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ និង​ជួបជុំគ្នា ​ដើម្បី​ប្រាស្រ័យ​ទាក់ទង​បង្កើន​ភាព​ស្និទ្ធស្នាល និង​ចែករំលែក​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ​។​

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ គណៈ​ឱសថការី​កម្ពុជា បាន​រៀបចំ​ធ្វើការ​ជំរឿន​ដល់​សមាជិក សមាជិកា គណៈ​ឱសថការី​កម្ពុជា​ប្រចាំខេត្ត​សៀមរាប នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ ខេត្ត​សៀមរាប​។​ ការ​ជំរឿន​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​បច្ចុប្បន្នភាព​រកឲ្យ​ឃើញ​នូវ​ចំនួន​ពិត​ប្រាកដ​ជាក់លាក់​ នៃ​ឱសថការី ​តាម​បណ្តា​រាជធានី​ខេត្ត​ និង​ដើម្បី​រៀបចំ​លិខិតបទដ្ឋាន​ថ្មី​សម្រាប់​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ថា​ ជា​សមាជិក​ នៃ​គណៈ​ឱសថការី​កម្ពុជា ដើម្បី​បាន​ប្រើប្រាស់​ផ្ទាល់ខ្លួន រួម​ជាមួយ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ ជាដើម​៕​