ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ជឿន ពិសិដ្ឋ របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ វះកាត់​ព្យាបាល​ត្រចៀក​លើ​ទី​២​ នៅ​វៀតណាម​

កីឡាករ ជឿន ពិសិដ្ឋ សមាជិក​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្មីៗ​ដើម្បី​ពិគ្រោះ និង​ពិនិត្យមើល​ជំងឺ​រលាក​ត្រចៀក​របស់ខ្លួន បន្ទាប់ពី​បរាជ័យ​ក្នុងការ​វះកាត់​លើក​ទី​១​។ បន្ទាប់ពី​បាន​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​របស់​មន្ទីរពេទ្យ VAN HANH រួចមក គ្រូពេទ្យ បានសម្រេច​វះកាត់​ត្រចៀក​ជា​លើក​ទី​២ ដោយសារតែ​ពិនិត្យឃើញ​ថា​នៅ​តែ​មាន​មេរោគ​នៅក្នុង​ត្រចៀក​នៅឡើយ​។​

​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ស្រង់​សម្ដី​កីឡាករ ជឿន ពិសិដ្ឋ នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ថា កាលពី​៤​ខែ​មុន​ បន្ទាប់ពី​លី​គ​កំពូល​កម្ពុជា​បានបញ្ចប់ កីឡាករ​រូបនេះ​មាន​អាការៈ​ឈឺ​ចុកចាប់​ផ្នែក​ក្បាល​ជា​ខ្លាំង បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​រួចមក ខ្លួន​ក៏បាន​មក​ពិនិត្យ និង​បានទទួល​វះកាត់ នៅ​មន្ទីរពេទ្យ​អង្គឌួង បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន រកឃើញថា​មាន​ឆ្អឹង​ខាងក្រោយ​ត្រចៀក​មានការ​រលាក និង​មាន​ដំបៅ​ជាច្រើន ហើយ​បាន​ដំបៅ​នោះបាន​ស៊ី​ដល់​ឆ្អឹងត្រចៀក​បន្ត​ទៀត​ផង​។ ក្រោយ​វះកាត់​រួច​១​សប្ដាហ៍ អាការៈ​របស់​កីឡាករ​រូបនេះ​ហាក់​ពុំទាន់​ធូរស្រាល​នៅឡើយ ប៉ុន្តែ​គេ​បាន​ព្យាយាម​លេប​ថ្នាំ និង​បាន​មកជួប​ពេទ្យ ​ដើម្បី​ពិនិត្យមើល​ជា​រៀងរាល់​ការ​ណាត់​របស់​គ្រូពេទ្យ​។

​ពិសិដ្ឋ បានបញ្ជាក់​ទៀតថា ៣​ខែ​កន្លងផុតទៅ​ ដោយសារតែ អាការៈ​របស់​ខ្លួន​ហាក់​ពុំទាន់​ធូរស្រាល នៅតែ​ឈឺក្បាល និង​ត្រចៀក និង​ខ្លួន​ចង់ឲ្យឆាប់​ជា​ដើម្បី​ត្រលប់​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ ទើប​សម្រេចចិត្ត ទៅពិនិត្យ​ជំងឺ នៅ​គ្លីនិក​ឯកជន​វិញ​ម្តង​។ គ្រូពេទ្យ​បាន​រកឃើញ ការវះកាត់​លើក​ទី​១​ពុំបាន​ជោគជ័យ​នោះទេ ដោយសារតែ​កន្លែង​ដែលមាន​ដំបៅ និង​រលា​កនៅ​មាន​ដដែល ពុំ​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ​។ គ្រូពេទ្យ បានឲ្យ​​យោបល់​ថា ប្រសិនបើ​មានលទ្ធភាព​គួរតែ​ទៅរក​ទទួល​ការវះកាត់​នៅក្រៅ​ប្រទេស​ទៅ ព្រោះ​ជំងឺ​កាន់​តែ​វិវត្តន៍​ទៅមុខ​ហើយ បើ​យឺត​ពេលនោះ​អាច​មេរោគ​ចូល​ស៊ី និង​រាលដាល​កាន់តែ​ច្រើនឡើង​ច្រើនឡើង​។

​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​ម្តងទៀត​រួច ពិសិដ្ឋ ក៏បាន​សម្រេចចិត្ត​ទៅ​ទទួល​ការវះកាត់​ម្តង​ទៅ​នៅ​មន្ទីរពេទ្យ VAN HANH ប្រទេស​វៀតណាម​។ ការចំណាយ​លើ​ការវះកាត់​លើក​ទី​២​នេះ អស់​ទឹកប្រាក់ ប្រមាណ​ជាង​៨០០​ដុល្លារ ដោយ​ពុំ​គិតពី​ថ្លៃ​ធ្វើដំណើរ ហូបចុក និង​ថ្នាំពេទ្យ​នោះ​ទេ​។ ការវះកាត់​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​ សប្ដាហ៍​នេះ​ផងដែរ​។

​សូមបញ្ជាក់​ថា ​ជំងឺ​នេះ​បាន​កើតឡើង​តាំងពី ពិសិដ្ឋ មាន​អាយុប្រមាណ​១៥​ឆ្នាំ​មកម្ល៉េះ ដោយសារ​ទឹក​ចូលក្នុង​ត្រចៀក​តាំងពីក្មេង ដោយ​ពុំដែល​តាមដាន ឬ​ថត ឆ្លុះ​មើល​ម្តងណា​នោះ​ទេ ដោយ​គ្រាន់​តែ​លេប​ថ្នាំ រួច​ក៏​បាត់​ឈឺ​វិញ រហូតដល់​នៅពេល​ឆ្នាំ​២០១៦ កាលពី​លេង​ឲ្យ​ក្លឹប​បាល់ទាត់ ក្រសួង​ការពារជាតិ ធ្លាប់​ឈឺ​ម្តងទៀត តែ​ផ្សំ​ថ្នាំលេប​ទៅ​ក៏​បាត់​ឈឺ​វិញ ប៉ុន្តែ​ទើប​ចុង​ឆ្នាំ​២០១៨​នេះ ជំងឺ​នេះ​បាន​កើត​ឡើងវិញ​ទៀត រួច​ក៏​ឈានដល់​ការវះកាត់​នេះ​។​

​គួរ​បញ្ជាក់ថា​ កីឡាករ ជឿន ពិសិដ្ឋ ធ្លាប់​រួមរស់​នៅ​ជាមួយ​ក្លឹប​បាល់ទាត់ អង្គ​រថា​យ​ហ្គឺ​រ កាលពី​ឆ្នាំ​២០១៧ ដែល​បាន​ផ្ទេរ​ពី ក្លឹប​បាល់ទាត់ ក្រសួង​ការពារ រួម​ក៏​ផ្លាស់​បន្ត​ទៅ​កាន់​ក្លឹប​បាល់ទាត់ សូល​ទី​ឡូ​ល​អង្គរ កាលពី​ឆ្នាំ​២០១៨ និង​បាន​ត្រលប់​មក​ក្លឹប​បាល់ទាត់ អង្គ​រថា​យ​ហ្គឺ​រ វិញ​ បន្ទាប់ពី​លី​គ​ឆ្នាំ ២០១៨ បាន​បញ្ចប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114