ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​កុម្ភៈ ​កើតឡើង​៩​លើក ​ស្លាប់​៤​នាក់​ និង​របួសធ្ងន់​ស្រាល​១៩​នាក់​

​ភ្នំពេញ​ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន៩​លើក ( យប់៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ ( ប្រុស ) រងរបួស​ធ្ងន់​៨​នាក់ ( ស្រី​៤​នាក់ ) និង​រងរបួស​ស្រាល​១១​នាក់ ( ស្រី​២​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១១​នាក់ ( យប់៨​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៣​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ៣​លើក ( ស្លាប់ ២​នាក់ ) , ប្រជែង​គ្រោះថ្នាក់១​លើក ( ស្លាប់១​នាក់ ) , ស្រវឹង១​លើក និង​កត្តា​យាន១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤​លើក និង​ផ្លូវ​ខេត្ត ចំនួន៥​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៥​លើក រថយន្ត​ធុន​តូច ចំនួន៣​លើក និង​រថយន្ត​ធុន​ធំ ចំនួន១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កណ្តាល​២​លើក ស្លាប់​២​នាក់ របួស ៦​នាក់ ( ស្រី ១​នាក់ ) ខេត្តកំពង់ចាម ១​លើក ស្លាប់ ១​នាក់ របួស ២​នាក់ ( ស្រី ១​នាក់ ) និង​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់។​

យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា រយៈពេល១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១-១១ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង១៤៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៦៩​នាក់ របួស​សរុប ២២១​នាក់ ក្នុងនោះ​របួសធ្ងន់១៥៣​នាក់ និង​របួសស្រាល៦៨​នាក់៕