ព័ត៍មានទាន់​ហេតុការណ៏
Search

ឡើង​ជែង​លើ​ផ្លូវ​លំ ដែល​មាន​ដី​ហុយ ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់​

បាត់ដំបង ៖ ក្មេងស្រី​ម្នាក់ ក្នុងចំណោម​គ្នីគ្នា​ចំនួន២នាក់ ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​ម្នាក់​ទៀត​ក៏​កំពុងធ្វើការ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ខណៈដែល​ពួកគេ​ទាំង២នាក់ បាន​បើកបរ​ម៉ូតូ ហើយ​ឡើង​ជែង​ខ្វះ​ការ​ប្រុងប្រយ័ត្ន។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង នៅវេលា​ម៉ោង​១០និង៣០​នាទី ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​បង្កឡើង ដោយ​រថយន្ត ម៉ាក ហ៊ី​យិន​ដាយ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D.7338 ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​បាត់ដំបង 1Q.9472។​

​តាម​ការអះអាង​ពី​សមត្ថកិច្ច​ជំនាញ​បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គឺអាច​ភាគី​ម៉ូតូ ដែលបើ​ក​​បរ​ដោយ ​ឈ្មោះ ជាតិ ស្រី​នាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​ក្រី ស្រុក​កំរៀង បាន​ឌុប​នារី​វ័យក្មេង​ដូចគ្នា​ ឈ្មោះ ឈឿន ស្រី​និ​ច អាយុ១៣​ឆ្នាំ រស់នៅ​ភូមិ/ឃុំ​ជាមួយគ្នា បាន​ឡើង​ជែង​ នៅលើ​កំណាត់​ផ្លូវលំ​ដែលមាន​ដី​ហុយ​ស្ទើរ​មើលគ្នា​មិនឃើញ។​

​នៅពេល​នោះដែរ រថយន្ត​ខាងលើ​ដែល​កំពុង​បើកបរ​មក​ពីមុខ បាន​បុក​ទៅលើ​ភាគី​ម៉ូតូ​យ៉ាង​ពេញ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ដោយឡែក អ្នករួមដំណើរ បាន​រង​របួស​ធ្ងន់ និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កងពល 53​ ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ ភ្លាមៗ​មុនពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ គឺ​អ្នកបើកបរ​រថយន្ត​ដែល​ជ្រុល​ចង្កូត​ទៅខាង​មុខ​នោះ បាន​ចត​រថយន្ត​ទុកចោល​ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល។​

​បច្ចុប្បន្ន​ សព ត្រូវបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ចំណែក​រថយន្ត និង​ម៉ូតូ ក៏បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114