ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ថៃ នរៈ​សត្យា ៖ ក្រសួង​ នៅតែ​បន្ត​តាមដាន​លើ​ករណី ថេ​ណា ថ្វី​ត្បិត​មានការ​សុំទោស​ក្តី

​ភ្នំពេញ ​៖ ​តារា​ចម្រៀង​Original Song លោក ថេ​ណា គិត​រហូត​មក​ទល់ពេលនេះ ​ការរិះគន់​នៅតែ​បន្ត​កើតមានឡើង​ជាមួយ​ការ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​ទង្វើ ​នៃ​ការ​រ៉េ​ប​បទ អេ​ម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មនុស្ស​ស្រី ​និង​ហាក់​មាន​ចេតនា​ជាន់​ពន្លិច​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្លួន​ ព្រោះតែ​វង្វេង​ជាមួយ​ប្រជាប្រិយភាព ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​



ស្រប​ពេលដែល​មានការ​រិះគន់​យ៉ាង​គំហុក​ពី​សំណាក់​ទស្សនិកជន​ និង​អ្នក​សិល្បៈ​មួយ​ចំនួន ​រួមទាំង​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ភ្លាមៗ​នោះ​ គេ​សង្កេតឃើញ​តារាចម្រៀង​វ័យក្មេង​ លោក ​ថេ​ណា ​បាន​ចេញមុខ​បង្ហោះ​សារ​សូមទោស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​។​ ខណៈ​មាន​មហាជន​ជាច្រើន​ទៀត​ នៅតែ​បង្ហាញ​ការ​មិន​ពេញចិត្ត​លើ​ទង្វើ​របស់​តារា​រ៉េ​ប​រូប​នេះ​
។​

ជុំវិញ​ករណី​នេះ​ដែរ​ លោក ​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​មិនមែន​មានតែ​ទស្សនិកជន​នោះ​ទេ​ដែល​បញ្ចេញ​ប្រតិកម្ម​ គឺ សូម្បីតែ​លោក​ភ្លាមៗ​នោះ​ ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ផងដែរ ​ព្រោះ​ការ​បង្ហាញ​ចរិត​បែបនេះ​ ហាក់​បំពុល​សង្គម​ខ្លាំង​តាមរយៈ​បទ​ចម្រៀង​រ៉េ​ប​មួយ​បទ​នេះ​។​



លោក ថៃ នរៈ​សត្យា បាន​បន្តថា​ យើង​ឃើញ​មាន​មហាជន​លោក​បាន​ព្រមាន​ផ្ទាល់​ទៅ ថេ​ណា ហ្នឹង​រួច​ហើយ ចំណែកឯ​ក្រសួង​ ក៏មាន​លិខិតស្នាម​ខ្លះ​ទាក់ទង​បញ្ហា​នេះហើយ។ រីឯ​ខ្ញុំ​ផ្ទាល់​ក៏បាន​ស៊ែរ​ការព្រមាន​របស់​មហាជន​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ផ្ទាល់​រួច​ផងដែរ ​និង​ក៏​ឃើញ​ថា ថេ​ណា ភ្លាមៗ​នោះ​ ក៏បាន​លុប​បទ​ចម្រៀង​ចេញពី​បណ្តាញ​សង្គម​យូ​ធូប​រួចហើយ​។ ​នេះ​អាច​ចាត់ទុកថា​ជា​ការ​ព្រមាន​ជា​សាធារណៈ​ដល់​បុគ្គល​(​ថេ​ណា​)​រូបនោះ​។​

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោក ថៃ នរៈ​សត្យា បាន​បញ្ជាក់​ថា ​ថ្វីត្បិតតែ​មាន​មហាជន​មួយចំនួន​កំពុងតែបន្ត​ការផ្ទុះ​ភាព​រិះគន់​ខ្លាំង​លើ​តារាចម្រៀង ថេ​ណា យ៉ាង​ក្តី​តែ​ចំពោះ​ខ្ញុំ​គិតថា ​ក្រោយ​ពេលដែល​តារា​រូបនេះ​ចេញមុខ​សុំទោស​ហើយ​នោះ​ គឺអាច​ទទួលយកបាន​។ ​ប៉ុន្តែ​ខាង​ក្រសួង ​នៅតែ​បន្ត​ការ​តាមដាន​លើ​ករណី​នេះ​ដដែល គ្រាន់តែ​ពេលនេះ​យើង​ទុក​ឱកាស​ឲ្យ​គាត់​កែប្រែ​កំហុស​សិន​៕