ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ត្រៀម​ដក​ឆ្មាំ​ជាតិ​ចេញពី​ព្រំដែន

នៅ​ក្នុង​ការ​បដិសេធ​មួយ​ទៅកាន់​លោក​ប្រធានាធិបតី Donald Trump, អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​កាលពី​ថ្ងៃ​ចន្ទ​ ត្រូវ​បាន​គេ​កំណត់​ថា ​នឹង​ចុះហត្ថលេខា​លើ​បញ្ជា​មួយ​ដើម្បី​ដក​កងទ័ព​ឆ្មាំ​ជាតិ​ភាគច្រើន​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

ការិយាល័យ​របស់លោក​អភិបាល Gavin Newsom បាន​និយាយថា គាត់​នឹង​ចុះហត្ថលេខា​លើ​បញ្ជា​មួយ​មុន​សុន្ទរកថា State of the State​របស់គាត់​។​

យោងតាម​ការដកស្រង់​សម្តី​ពី​សុន្ទរកថា ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់ AFP ដោយ​ការិយាល័យ​របស់គាត់​បា​ន​និយាយថា “​គ្រាអាសន្ន​នៅ​ព្រំដែន​គឺជា​វិបត្តិ​។ ហើយ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មិនមែនជា​ផ្នែក​មួយ​នៃ​ល្ខោន​នយោបាយ​នេះ​ទេ​”​។​

ការិយាល័យ​បាន​និយាយថា ភាគច្រើន​នៃ​ទាហាន​ចំនួន​៣៦០​នាក់​ដែល​បានដាក់​ពង្រាយ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​នឹងត្រូវ​រៀបចំ​ឡើងវិញ​ដើម្បី​ផ្តោតលើ​ការគំរាមកំហែង​ពិតប្រាកដ​ដែល​រដ្ឋ​ភាគ​ខាងលិច​មួយ​នេះ​ប្រឈមមុខ​ដូចជា​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។​

ការសម្រេចចិត្ត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សកម្មភាព​ដូចគ្នា​កាលពី​ខែ​មុន​ដោយ​អភិបាលរដ្ឋ New Mexico លោក Michelle Lujan Grusham ដែល​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​ឆ្មាំ​ជាតិ​ភាគច្រើន​នៅ​ព្រំដែន​។​

អភិបាលរដ្ឋ​រូបនេះ​ដែលជា​អ្នក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឡើងកាន់តំណែង​កាលពី​ខែមករា​បាន​និយាយថា ការឆ្លងកាត់​ព្រំដែន​គឺមាន​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៧១​មកហើយ​ថា ចំនួន​ប្រជាជន​គ្មាន​ឯកសារ​របស់​រដ្ឋ​នេះ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​រយៈពេល​ជាង​១០​ឆ្នាំ​។​

គួរ​បញ្ជាក់ថា បើទោះបីជា​លោក Trump បាន​បញ្ជា​ឲ្យ​កង​យោធា​រាប់ពាន់នាក់​ត្រូវដាក់​ពង្រាយ​នៅតាម​ព្រំដែន​ភាគខាងត្បូង​ក៏ដោយ ប៉ុន្តែ​ឆ្មាំ​ជាតិ​នៅតែ​ស្ថិតនៅក្រោម​បញ្ជា​របស់​អាជ្ញាធរ​នៅក្នុង​រដ្ឋ​និ​មួយៗ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114