ព័ត៍មានទាន់​ហេតុការណ៏
Search

កងកម្លាំង​ស៊ី​រី​ ដែល​គាំទ្រ​ដោយ​អាមេរិក​ កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្ដើម​ទីតាំង​ចុងក្រោយ​របស់​ក្រុម IS

ក្រុម​យុទ្ធជន​ស៊ី​រី​ដែល​គាំទ្រ​ដោយ​ការ​បាញ់​កាំភ្លើង​ធំ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជី​ហាដ​និយម​ដ៏​សាហាវ​បំផុត​នៅ​ពេល​ពួកគេ​បាន​វាយលុក​ដើម្បី​ដណ្តើម​យក​មកវិញ​នូវ​ដែនដី​ចុង​ក្រោយពី​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​សមរភូមិ​រយៈពេល​ច្រើន​ថ្ងៃ។

ក្រុម​ឃ្លាំមើល​សង្គ្រាម​មួយ​បាន​និយាយថា ការវាយប្រហារ​ពី​អាកាស​របស់​ក្រុមចម្រុះ​បានសម្លាប់​ជន​ស៊ីវិល​ចំនួន​១៦​នាក់​ដោយ​ក្នុងនោះ​រួមមាន​ទាំង​កុមារ​៧​នាក់​ផងដែរ​ដែល​កំពុង​ព្យាយាម​គេច​ចេញពី​ការលាក់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ប៉ុន្តែ​សម្ព័ន្ធភាព​ដែល​ដឹកនាំ​ដោយ​អាមេរិក​មិន​អាចធ្វើ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ទេ​។​

រយៈពេល​ជាង​បួន​ឆ្នាំ​បន្ទាប់ពី​ក្រុម​ជ្រុលនិយម​បានប្រកាស​រដ្ឋ Caliphate នៅ​ទូទាំង​ផ្នែក​ធំៗ​នៃ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​, ការវាយលុក​ជាច្រើន​បានចាប់ផ្តើម​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។​

ការវាយលុក​ចុងក្រោយ​ដើម្បី​បណ្តេញ​ពួក​ជី​ហាដ​និយម​រាប់រយ​នាក់​ចេញពី​តំបន់​នៅជាប់​ព្រំដែន​អ៊ីរ៉ាក់​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ដោយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ពួក​ឃើ​ដ​។​

កាលពី​ថ្ងៃ​ចន្ទ ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​រក្សា​ការទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់​លើ​តំបន់​នោះ​ខណៈដែល SDF បាន​ប្រឈម​នឹង​ការតស៊ូ​ដ៏​សាហាវ​។​
​សំឡេង​នៃ​ការផ្ទុះ​បាន​បន្លឺ​ដល់​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ហើយ​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​អាច​ត្រូវបាន​គេ​មើលឃើញ​ពី​ដែនដី​របស់ SDF ។​

លោក Rami Abdel Rahman ប្រធាន​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា “​ការប៉ះទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​កំពុង​បន្ត​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុម IS ចុះចាញ់​”​។​

ក្រុម​ឃ្លាំមើល​នេះ​បាន​និយាយថា អ្នក​ប្រយុទ្ធ SDF ចំនួន​១២​នាក់​និង​ជន​ជី​ហាដ​និយម​ចំនួន​១៩ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​។​

អ្នកនាំពាក្យ SDF លោក Mustafa Bali បាន​និយាយថា កងកម្លាំង​បាន​ឆ្លើយតប​បន្ទាប់ពី​ក្រុម IS បើក​ការវាយប្រហារ​តបត​មួយ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា មាន​ចំណាប់ខ្មាំង SDF រាប់សិប​នាក់​ត្រូវបាន​ឃុំឃាំង​ដោយ​ក្រុម IS នៅ​ខាងក្នុង​ទីតាំង​ចុងក្រោយ​របស់​ពួកគេ​ប៉ុន្តែ​បាន​បដិសេធ​របាយការណ៍​នៃ​ការសម្លាប់​។​

ដោយមាន​ការគាំទ្រ​ពី​ការវាយប្រហារ​អាកាសរ​បស់​ក្រុមចម្រុះ​, SDF បាន​ប្រយុទ្ធ​ដើម្បី​បណ្តេញ ពួក​ជី​ហាដ​និយម​ចេញពី​ខេត្ត​ភាគ​ខាងកើត Deir Ezzor ចាប់តាំងពី​ខែកញ្ញា​មក​។​

ចាប់តាំងពី​ខែធ្នូ​មក មនុស្ស​រាប់ម៉ឺន​នាក់​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ដែល​ទាក់ទង​ទៅនឹង​យុទ្ធជន​ក្រុម IS បានគេច​ចេញពី​ទឹកដី​របស់​ក្រុម​ជី​ហាដ​និយម​ដែល​កំពុង​ថយចុះ​ដើម្បី​ចូលទៅក្នុង​ដែនដី​របស់ SDF៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114