ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​នៅ​សណ្ឋាគារ​ក្រុង Delhi សម្លាប់​មនុស្ស​១៧​នាក់ ​និង​ចោទ​ជា​សំណួរ​អំពី​បញ្ហា​សុវត្ថិភាព

មនុស្ស​យ៉ាងតិច​១៧​នាក់​ បាន​ស្លាប់​នៅពេលដែល​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Delhi កាលពី​ថ្ងៃ​អង្គារ ​ដោយ​ជនរងគ្រោះ​រួមមាន​ទាំង​ស្ត្រី​ម្នាក់​និង​កុមារ​ម្នាក់​ផងដែរ ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​លោត​ចេញពី​បង្អួច​ដើម្បី​គេច​ពី​អគ្គិភ័យ​។​

រូបភាព​បាន​បង្ហាញថា ផ្សែង​ដ៏​ក្រាស់​និង​អណ្តាតភ្លើង​បាន​ហុយ​ចេញពី​ជាន់​កំពូល​នៃ​សណ្ឋាគារ Arpit Palace នៅក្នុង​ផ្នែក​ដ៏​កកកុញ​មួយ​នៃ​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា​។​

មន្ត្រី​អគ្គិភ័យ​ម្នាក់​បាន​និយាយថា ភ្ញៀវ​នៅ​សណ្ឋាគារ​ដែលមាន​ប្រជាប្រិយភាព​ជាមួយ​អ្នកដំណើរ​និង​អ្នកធ្វើ​ជំនួញ​មួយ​នេះ​គឺ​មិនអាច​ប្រើប្រាស់​ច្រករបៀង​ដើម្បី​គេចខ្លួន​បានទេ​ដោយសារតែ​បង្អួច​ឈើ​។​

បណ្ដាញសារព័ត៌មាន NDTV បាន​រាយការណ៍​ថា ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ចំនួន​៣​នាក់​ដែល​កំពុងស្នាក់នៅ​សណ្ឋាគារ​នេះ​គឺ​បាន​បាត់​ខ្លួន​។​

មនុស្ស​ភាគច្រើន​កំពុង​ដេកលក់​នៅពេលដែល​អគ្គិ​ភ័យ​នេះ​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​
​យោងតាម​គេហទំព័រ​របស់​សណ្ឋាគា​រ​នេះ​បាន​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ប្រហែល​១២០​នាក់​នៅ​ខាងក្នុង​អគារ​ដែល​បាន​សាងសង់ឡើង​កាលពី​ប្រហែល​២៥​ឆ្នាំមុន​មួយ​នេះ​។​

លោក Sunil Choudhary មន្ត្រី​ពន្លត់​អគ្គិភ័យ​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​AFP​ថា “​យើង​បានបញ្ជាក់​ជាមួយ​អាជ្ញាធរ​មន្ទីរពេទ្យ​ថា ចំនួន​អ្នក​ស្លាប់មាន​១៧​នាក់​ដោយ​ក្នុងនោះ​មាន​កុមារ​ម្នាក់​ផងដែរ​”​។​

ចំណែក​លោក G.C. Misra នាយក​សេវាកម្ម​ពន្លត់​អគ្គិភ័យ​ក្រុង Delhi បាន​និយាយថា អគ្គិភ័យ​នេះ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ហើយ​មនុស្ស​ចំនួន​៣៥​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ​នៅក្នុង​ប្រតិបត្តិការ​មួយ​ដែល​ចំណាយពេល​ជាច្រើន​ម៉ោង​ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ពន្លត់​អគ្គិភ័យ​យ៉ាងហោចណាស់​២៥​គ្រឿង​។​

ប៉ូលិស​បាន​និយាយថា ពួកគេ​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ហើយ​ការស៊ើបអង្កេត​តុលាការ​ត្រូវបាន​បញ្ជា​ចូលទៅក្នុង​គ្រោះមហន្តរាយ​ចុងក្រោយ​បំផុត​នេះ​ដើម្បី​លើកឡើង​នូវ​ក្តីកង្វល់​អំពី​សុវត្ថិភាព​អគ្គិភ័យ​នៅក្នុង​ប្រទេស​ឥណ្ឌា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114