ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ចុះ​កុងត្រា​ជាមួយ​ខ្សែការពារ សេង កុ​សែន ត្រៀម​រដូវ​កាល​ថ្មី​

ខ្សែការពារ សេង កុ​សែន ខ្សែការពារ​មួយ​រូប​ ដែល​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​ទីលាន ជាមួយ​ក្លិប​បាល់ទាត់​៩​ផ្សេងគ្នា នៅ​ពេល​នេះ​បានសម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​ក្លិប​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ហើយ​ដើម្បី​ត្រៀម​ជួយ​ក្រុម​ស្វាគមន៍​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ​។

ក្លិប​ភ្នំពេញ​ក្រោ​ន រំពឹង​ថា ​វត្តមាន​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ នឹង​ជួយ​រួមចំណែក​ជាមួយ​មិត្ត​រួម​ក្រុម ដើម្បី​ឲ្យ​ក្លឹប​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រកួតប្រជែង​នា​ពេល​ខាង​មុខ​។ ភ្នំពេញ​ក្រោ​ន កំពុងតែ​ពង្រឹង​ក្រុម​ឡើងវិញ​ក្រោយ​មាន​កីឡាករ​យុវជន​ដែលមាន​សមត្ថភាព​មូ​យ​ចំនួន​ចាកចេញ​ទៅកាន់​ក្លិប​ផ្សេង​។

សូម​បញ្ជាក់​ថា ​កីឡាករ​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​រូប​នេះ​បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន ជាមួយ​ក្រុម​កងទ័ពជើងទឹក ក្នុង​ឆ្នាំ​២០០៧ ហើយ​បាន​បន្ត​លេង​ជាមួយ​ក្រុម​មួយ​ចំនួន​ទៀត​ដូចជា នៅ​ឆ្នាំ​២០០៩ ចូលរួម​ជាមួយ​ក្រុម Spark FC នៅ​ឆ្នាំ​២០១១ លេង​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ឆ្នាំ​២០១៣ លេង​ជាមួយ​ក្រុម​បៀ​ប្រាយ​យូ​ណាយ​ធី​ត នៅ​ឆ្នាំ​២០១៤ លេង​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) នៅ​ឆ្នាំ​២០១៥ លេង​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្លិប​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) នៅ​ឆ្នាំ​២០១៦ លេង​ជាមួយ​ក្រុម​បឹងកេត នៅ​ឆ្នាំ​២០១៧ ចូលរួម​ក្រុម​វេ​ស្ទើន​ភ្នំពេញ និង​ឆ្នាំ​២០១៨ លេង​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​។

កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន​ទា​ត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយបាល់​ប៉េណាំង​ទី​កាត់​សេចក្តី​៤ទល់៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង២​ជើង​៤ទល់៤៕