ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​គ្រាប់បែក​ប្រភេទ​M117 មិនទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​ស្រុក​គងពិសី ដែល​បន្សល់ទុក​ដោយ​យោធា​អាមេរិក

កំពង់ស្ពឺ ​៖​ គ្រាប់បែក​ប្រភេទ M117 ដែល​ទម្លាក់​ពីលើ​យន្តហោះ​របស់​កងទ័ព​សហ​រដ្ឋ​អាមេរិក​ក្នុងសម័យ​សង្គ្រាម​វៀតណាម​មកលើ​ទឹកដី​កម្ពុជា​ កាលពី​អំឡុង​ទសវត្សរ៍​​ឆ្នាំ​៦០ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​កប់​ដី ក្នុងស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

អាជ្ញាធរ​ស្រុក​គងពិសី បានឱ្យដឹងថា គ្រាប់បែក​ដែល​បន្សល់ទុក​ដោយ​យោធា​អាមេរិក​ទម្លាក់​ពីលើ​យន្តហោះ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​កាយ​រណ្តៅ​ដី​ប្រទះឃើញ នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​បឹង​កា​ជោ​ត ស្ថិត​ក្នុងភូមិ​ចំការ​ដូង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

រហូតដល់​ថ្ងៃទី​១២ ខែ​កុម្ភៈ​នេះ ក្រុមមន្ត្រី​ជំនាញ​ផ្នែក​ដោះមីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ស៊ីម៉ាក់ បាន​សិក្សា​តាម​លក្ខណៈ​បច្ចេកទេស​ រួច​កំណត់​យកចេញ​ដើម្បី​កុំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ។

អាជ្ញាធរ​និយាយ​ថា បុរស​ម្នាក់​មានឈ្មោះ ចក់ បាន​បើក​គ្រឿងចក្រ អេ​ស្ការ​វ៉ា​ទ័​រ កាយ​ដី​ស្រាប់តែ​ប៉ះចំ​គ្រាប់​មិនទាន់​ផ្ទុះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បាន​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ជំនាញ​ឲ្យ​មក​ពិនិត្យ​ភ្លាមៗ។

ប្រភព​បន្ត​ទៀត​ថា កម្លាំង​ជំនាញ​ស៊ីម៉ាក់​បានកំណត់​ប្រតិបត្តិការ​យក​ចេញ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ បន្ទាប់ពី​បាន​ពិនិត្យ​ស្ថានភាព​លក្ខណៈ​បច្ចេកទេស​គ្រាប់បែក​នេះ​រួច​កាលពី​ម្សិលមិញ។

សូម​រម្លឹកថា សរុប​ទូទាំងប្រទេស​ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក និង​គ្រាប់បែក​គីមី​មក​លើ​ទឹកដី​កម្ពុ​ជាជាង ៥​លាន​តោន ច្រើនជាង​ប្រទេស​ជប៉ុន ៣​ដង​។ សម្រាប់​បំណុល​ខ្មែរ​ជំពាក់​អាមេរិក​ដល់​សព្វថ្ងៃ​ជិត ៤០០​លាន​ដុល្លារ ថ្លៃ​គ្រាប់ B52 នេះ ជា​លទ្ធផល​ដែល​បាន​មក​ដោយសារតែ​បរទេស​និយម​!!​។​

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើងថា «USA គួរតែ​យកចិត្ត​ដាក់​លើ​បញ្ហា​គ្រាប់បែក​ដែល​បន្សល់ទុក​ពី​អតីតកាល​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខ្លះ​ផង កុំ​ផ្តោត​តែ​ការយកចិត្តទុកដាក់​ទៅលើ​តែ​រឿង​ធ្វើបាប​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា តែមួយ​មុខ​ពេក​។ ពីព្រោះ​ប្រជាជន​កម្ពុជា ក៏ត្រូវ​ការ​រស់រាន​មានជីវិត និង​ជីវភាព​រស់នៅ​ដូច​ប្រជាជន USA និង ប្រជាជន​ប្រទេស​ដទៃ​ដែរ»។

ប្រភព​បន្ត​ថា ​យុទ្ធភណ្ឌ​មិន​ផ្ទុះ​នោះ​ ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ M117 ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម​ ត្រូវ​បាន​ស៊ីម៉ាក់​ធ្វើការ​ពិនិត្យ និង​រៀបចំ​ដឹក​យក​ទៅ​ទី​សុវត្ថិភាព​ដើម្បី​ដោះ​ព្រមទាំង​កម្ទេច​ចោល​ផង​ដែរ៕