ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាសាទមេបុណ្យខាងលិច​ កំពុង​ត្រូវ​បាន​បន្ត​ជួសជុល​ឡើងវិញ

សៀមរាប​ ៖​ ប្រាសាទមេបុណ្យខាងលិច ត្រូវ​បាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើងវិញ​កាលពីដើម​ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​នាពេល​កន្លងមក​។

ក្នុង​ពេល​ទស្សនកិច្ច​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៩ លោក ហង់ ពៅ បាន​លើក​ឡើង​ថា ការដ្ឋាន​នេះ​បានចាប់ផ្តើម​ដំណើរ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ស្ថានទូត​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រៅពី​នេះ ស្ថានទូត​បារាំង​ក៏បាន​ប្រគល់​នូវ​រថយន្ត​ចំនួន​២​គ្រឿង​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យក​មក​ប្រើ​ប្រាស់​សម្រាប់​ការដ្ឋាន​នេះ​ផងដែរ​។

​ប្រាសាទ​មេបុណ្យ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា បាន​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​ចាប់ពី​ឆ្នាំ ២០១២ ដោយមាន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​បារាំង និង​កម្ពុជា​។ ការដ្ឋាន​នេះ​មាន​ភាព​ស្មុគស្មាញ ដោយសារ​វា​ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ដែល​ត្រូវបាន​លិច​ទឹក​ព័ទ្ធជុំវិញ​ស្ទើរតែ​ពេញ​មួយឆ្នាំ បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ដឹកជញ្ជូន​សម្ភារៈ ក៏ដូចជា​ដំឡើង​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​ជួយ​បច្ចេកទេស​ទឹក​នៅក្នុង​ការងារ​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរការ​១២​ខែ​ក្នុង​មួយឆ្នាំ​។

គួរ​បញ្ជាក់​ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នោះ​ដែរ ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​ដោយ​លោក​ហង់ ពៅ ចំណែក​ស្ថានទូត​បារាំង​ដឹកនាំ​ដោយ​លោក គី​យូ​ម ណាក​ហ្សឺ​ឡេ (Guillaume NARJOLLET) ដែលជា​សហប្រធាន​ក្នុង​គម្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114