ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ស​.​យ​.​ក ដឹកនាំ​ក្រុម​សិល្បករ​ទៅ​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី

ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុម​សិល្បករ​ចំនួន​៤៩​នាក់ ដើម្បី​ទៅ​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​។

លោក សុខ សប្បាយ​ណា សមាជិក​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា មុន​ការ​ចេញ​ដំណើរ​នេះ យើង​បាន​ហាត់​សមជា​ង​២​ខែ​មក​ហើយ និង​បាន​គិតទុក​ប្រមាណ​៦​ខែ​មកហើយ​។ លោក​បន្ត​ថា សិល្បៈ​ដែល​យកទៅ​សម្តែង​នៅ​ឈី​ង​ហ្គេ​នេះ មាន​៥​ទម្រង់ ទាំង​បុរាណ ទាំង​សម័យ​លាយ​គ្នា ដូចជា​របាំ​ម្ករ​, គោ​សមុទ្រ​ទឹកដោះ​, ល្បុក្កតោ​ក្បាច់​ក្រមា​, រំដួល និង​ព្រះថោង​នាងនាគ ហើយ​ប្រធានបទ គឺ​សុខដុម ដែល​តំណាង​ឲ្យ​មោទនភាព​ជាតិខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​។

តាម​លោក សុខ សប្បាយ​ណា នេះ​គឺជា​លើក​ទី​៥​ហើយ តែ​សំរាប់ ស​.​ស​.​យ​.​ក ដឹកនាំ គឺជា​លើក​ទី​២ ដែល​លើក​ទី​១​កាលពី​ឆ្នាំ​២០១៧​។ លោក​បញ្ជាក់ថា នៅ​សិង្ហ​បុរី យើង​ក៏​នឹង​យក​ល្ខោនខោល​ទៅ​សម្តែង​ផង​ដែរ ដោយសារ​តែ​ល្ខោនខោល​របស់​ខ្មែរ​យើង​ទើប​ត្រូវបាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា នឹងចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ ឆ្នាំ២០១៩ ជាថ្មី ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​១៦ ខែកុម្ភៈ នៅ​ទីតាំង F1 Pit Building នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​ការចូលរួម​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ស​មា​គម​ប្រជាជន នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។

លោក ហ៊ុន ម៉ា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្វីៗ​កើតចេញពី ការខិតខំ​ប្រឹងប្រែង​របស់​យើង ហើយ​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​សហភាព​សហព័ន្ធ​យុ​ជនកម្ពុជា បាន​ដឹកនាំ​ក្រុម​សិល្បៈ​ទៅ​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ​នេះ ហើយ​សកម្មភាព​នេះ បើ​គ្មាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកគ្រូ អ្នកគ្រូ​ទេ គឺ​មិនអាច​ទៅរួច​ទេ​។ លោក​បញ្ជាក់ថា ប្រធានបទ​ឆ្នាំនេះ គឺ​ខាង​សិង្ហ​បុរី ជា​អ្នករៀបចំ ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្តី​ស្រមៃ​មួយ ហើយដោយ​ផ្អែកលើ​ប្រធានបទ​នេះ ទើប​កម្ពុជា​យើង​តាក់តែង​ជា​ប្រធានបទ​មួយ តាម​ទម្រង់​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​យើង ដូចជា​អង្គរ ព្រះថោង​នាងនាគ គោ​សមុទ្រ​ទឹកដោះ ល្បុក្កតោ ហើយ​ក្នុងនោះ ក៏មាន​ផ្ការំដួល ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ផងដែរ​។

តាម​លោក ហ៊ុន ម៉ា​នី អះអាងថា សកម្មភាព​នេះ បើ​ប្រៀបធៀប​និង​ពេលមុន នឹង​ទទួលបាន​ការស្វាគមន៍ លេចធ្លោ​លើស​ពី​បណ្តា​ប្រទេស​ដទៃ ពីព្រោះ​ជាធម្មតា​ប្រទេស​នីមួយៗ គេ​តែង​ពី​វប្បធម៌​របស់ខ្លួន ប៉ុន្តែ​កម្ពុជា នឹង​មិន​ចាញ់​ប្រទេស​គេ​នោះទេ​។ លោក​បញ្ជាក់ថា ឈី​ង​ហ្គេ គ្រាន់តែ​ជា​វេទិកា​មួយ​ប៉ុណ្ណោះ ហើយ​មាន​វេទិកា​ជាច្រើន​ទៀត ដែល​យើង​បាន​ទៅ​បង្ហាញ​វប្បធម៌ សង្គម​របស់​យើង ហើយ​លើសពី​នេះ​ទៀត យើង​ចង់បង្ហាញ​ពី​កម្ពុជា នាពេល​បច្ចុប្បន្ន ហេតុនេះ​ហើយ ទើប​យើង​មាន​បញ្ចូល​ល្បុក្កតោ ដែល​មាន​ប្រើប្រាស់​ក្រមា​ជា​អាវុធ ក្នុងការ​ការពារ​ខ្លួន ដែលជា​អត្តសញ្ញាណ​ជាតិ ដូច្នេះ​យើង​បង្ហាញ​ពី​កម្ពុជា នាពេល​បច្ចុប្បន្ន ដែលមាន​សុខុម​រម្យ​នា​។

លោក ហ៊ុន ម៉ា​នី លើកឡើង​ទៀត​ថា អ្វី​ដែល​គួរ​ចាប់អារម្មណ៍​លើស​ពី​បទ​ទៀត​នោះ គឺ​នៅពេល​យើង​ទៅដល់ ការ​ស្នាក់នៅ​ទីនោះ នឹងមាន​ទំនាក់ទំនង​ជាមួយ​គណៈ​កម្ម​ការ ជាមួយ​គណៈប្រតិភូ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​ភាព​ញញឹម​រាក់ទាក់​របស់​ខ្មែរ​យើង នឹង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ហើយ​ការចូលរួម​នេះ នឹងធ្វើ​ឲ្យ​អន្តរជាតិ ក៏ដូចជា​ពិភពលោក​បាន​ស្គាល់​ថា ប្រជាជន​ខ្មែរ​យើង​មាន​ភាព​ម៉ត់ចត់​ក្នុង​ការធ្វើការងារ ហើយក៏​មាន​ភាព​រាក់ទាក់​ផងដែរ​។

នៅក្នុង​សន្និសីទ​មួយ​នា​ថ្មីៗ​នេះ លោក សុខ សប្បាយ​ណា ធ្លាប់បាន​ថ្លែងថា ក្បួន​ដង្ហែ ឈី​ង​ហ្គេ គឺជា​ក្បួនព្យុហយាត្រា សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​សមាគម​ប្រជាជន នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ហើយ​កម្មវិធី​នេះ​ត្រូវបាន​ផ្តួចផ្តើម​ដោយ​អតីត នាយករដ្ឋមន្ត្រី លី ក្វាន់​យូ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ ភាពស្រស់​បំព្រង និង​ភាព​សម្បូរបែប​នៃ​វប្បធម៌​ចម្រុះ​។ ក្នុង​ក្បួនព្យុហយាត្រា​នេះ គឺមាន​ការចូលរួម​សម្តែង​ដោយ​ក្រុម​សិល្បៈ​ជាតិប្រមាណ​១៥០ ស្ថាប័ន និង​រួមបញ្ចូល​ជាមួយ បណ្តា​សិល្បករ សិល្បការិនី មកពី​ជុំវិញ​ពិភពលោក សរុប​ទាំងអស់​ប្រមាណ​ជិត​១០០០០​នាក់ រួមគ្នា​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ជាតិ​សាសន៍​រៀងៗ​ខ្លួន​។

លោក សុខ សប្បាយ​ណា ពន្យល់ថា មូល​ហេតុ​ដែល​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ​នោះ ដោយសារ​តែ​ក្បួន​ដង្ហែ ឈី​ង​ហ្គេ គឺមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដែល​អាច​ទាក់ទាញ​វិសាលភាព​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ទៅកាន់​មហាជន រាប់​រយ​លាន​នាក់ តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​។

ដូច្នេះ​ការចូលរួម​របស់​កម្ពុ​ជា គឺជា​ការ​ចាប់​យក​ឱកាស​បង្ហាញ​ពី វប្បធម៌​ដ៏​ប្រពៃ និង​វិសេស​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​តាមរយៈ​ការសម្តែង​របស់​សិល្បករ សិល្បការិនី កម្ពុជា​ក្នុង​ក្បួន​ដង្ហែ​ឈីង​ហ្គេ​។ ជាមួយគ្នា​នោះ​ដែរ យើង​នឹង​បង្ហាញ​ពី​កំលាំង​សាមគ្គីភាព និង​សក្តានុពល​របស់​កម្ពុជា​នាពេល​អនាគត តាមរយៈ​ការ​រួបរួម​គ្នា​របស់​យុវជន​ខ្មែរ​ផង​ដែរ​៕