ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ប្រកាស​រើស​គ្រូបង្វឹក​ដាក់​ក្នុង​សាលា​បាល់ទាត់​ជាតិ​បាទី ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានប្រកាស​ជ្រើសរើស​គ្រូបង្ហាត់ នៅ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បី​ដឹកនាំ​ក្រុមយុវជន​ត្រៀម​ប្រកួត​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ (​ស៊ី​ហ្គេម​) នៅ​ឆ្នាំ​២០២៣ ខាងមុខ​។

យោងតាម​សេចក្ដីជូនដំណឹង​ផ្លូវការ​របស់​ស​.​ប​.​ក បាន​បញ្ជាក់​ថា ​មូលហេតុ​នៃ​ការ​ជ្រើសរើស​គ្រូបង្វឹក​នេះ​គឺ​ផ្តោត​លើ​ផែនការអភិវឌ្ឍន៍​បាល់ទាត់​រយៈពេល​វែង និង​ក្នុងទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធ​ធ្វើជា​ម្ចាស់ផ្ទះ​។ ហេតុនេះ សហព័ន្ធ​ត្រូវការ​ជ្រើសរើស​គ្រូបង្ហាត់​កីឡាបាល់ទាត់​មួយចំនួន ដែល​មាន​សញ្ញាប័ត្រ​បង្ហា​ត់​ចាប់ពី​កម្រិត “C” ឡើងទៅ ដើម្បី​ចូលរួម​សហការ​បង្ហាត់​ក្រុម​កីឡាករ នៃ​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី​។ សេចក្ដីជូនដំណឹង​បញ្ជាក់​ពី​ចំនួន​គ្រូបង្ហាត់​ថ្មី​ដែល​ជ្រើសរើស​នេះ​នោះទេ​។

​ការជ្រើសរើស​គ្រូបង្វឹក​មិន​កំណត់​ជាតិ​សាសន៍​នេះ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង​តទៅ ហើយ​បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​ធ្វើការ​ដាក់ពាក្យ​នៅ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​មាន​អាសយដ្ឋាន​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ មហាវិថី​ព្រះ​មុន្នី​រ៉េត សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected]​។

ថ្មីៗ​នេះ​មាន​ដំណឹង​ក្រៅផ្លូវការ​ថា​ គ្រូបង្វឹក​ចាស់ៗ​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​សម្រេច​ចាក​ចេញពី​ក្រុម ដោយ​ក្នុង​នោះ​លេចមុខ​លោក មាស សំអឿន ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា លោក Lee Tae Hoon មិន​បន្ត​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​អ្នក​ទាំង​២​ជា​គ្រូ​ក្រុម U15 ហើយ​លោក គឹម ភក្តី គ្រូ​ជំនួយ​នៅ​ក្រុម U18 ទៅ​ចូលរួម​ជាមួយ​ក្លិប​បឹងកេត ជាដើម​។

​ចំណែក​សាលា​បាល់ទាត់​ជាតិ​មាន​យុវជន​២​កម្រិត​គឺ​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ បង្កើតឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ដូចជា ក្រសួង​អប់រំ​យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បណ្ដុះបណ្ដាល​ពង្រឹង​ធនធាន​កីឡាករ​បាល់ទាត់​របស់​កម្ពុជា នៅ​ថ្ងៃ​អនាគត ជាពិសេស​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ២០២៣ខាងមុខ។ សាលានេះ​មានទី​តាំង​នៅ​មជ្ឈមណ្ឌលជាតិ​ទន្លេបាទី​ ​ក្នុង​ខេត្ត​តាកែវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114