ព័ត៍មានទាន់​ហេតុការណ៏
Search

លោកតា អាយុ​៨៧​ឆ្នាំ​ម្នាក់ វង្វេងស្មារតី​ចូលក្នុង​ស្រះ​ទឹក​លង់​ស្លាប់​នៅក្រោយ​ផ្ទះ​

កណ្តាល​ ៖ បុរស​ចាស់ជរា​(​លោកតា​) ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​តូច​មួយ​នៅ​ក្រោយ​ផ្ទះ​របស់​គាត់ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩​ នៅ​ភូមិ​ផ្សា​រដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ដោយសារ​តែ ការ​វង្វេងស្មារតី​របស់គាត់។

​សាកសព​ជនរងគ្រោះ​ខាងលើ​ឈ្មោះ អ៊ូ មុត អាយុ៨៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ផ្សា​រដែ​កលើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល ​ចំណុច​ផ្ទះកើតហេតុ។

ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី​ម្នាក់​ឈ្មោះ អ៊ុន សុភាព​ ភេទ​ស្រី ​អាយុ៥៨​ឆ្នាំ អ្នក​រស់​នៅ​ក្បែរ​ខាង​ជាប់​ផ្ទះ​សាកសព​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​វេលា​ម៉ោង​ប្រហែល​១១ គាត់​(​អ៊ុន សុភាព​) បាន​យក​បាយ​ម្ហូប មក​ឲ្យ​ជនរងគ្រោះ​ពិសារ​ក៏​បានឃើញ​ជនរងគ្រោះ​រអិល​ដួល​នៅក្នុង​ស្រះ​ក្រោយ​ផ្ទះ ​ហើយក៏​បាន​ទៅ​ជួយ​ទាញ​ដៃ​ជនរងគ្រោះ​ចេញពី​ស្រះ​ទឹក​ឲ្យ​អង្គុយ​នៅ​មាត់​ស្រះ​និង​បាន​ប្រាប់​ជនរងគ្រោះ​ថា តា​ឯង​ឈប់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​ទៀត​ប្រយ័ត្ន​គ្រោះថ្នាក់ ហើយ​គាត់​(​អ៊ុន សុភាព​) ក៏បាន​ត្រឡប់​មក​ផ្ទះ​វិញ​។

នាង​បាន​បញ្ជាក់​ថា លុះ​មកដល់​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ក៏​ស្រាប់តែ​ឃើញ​កូនស្រី​
(​សតិ​មិន​គ្រប់​)​របស់​ជនរងគ្រោះ​ជាស​ព បាន​បក់ដៃ​ហៅ​ឲ្យ​មក​ជួយ នៅពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​ដួល​ស្លាប់​ផ្កាប់មុខ​នៅក្នុង​ទឹក​ស្រះ​នោះ​ដដែល​។

អ្នកជិតខាង​ម្នាក់​ឈ្មោះ សូ វណ្ណៈ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជា​មួយ​បាន​មក​ជួយ​សែង​សព​ជនរងគ្រោះ​មក​ដាក់​ក្រោមផ្ទះ ​ដើម្បី​ធ្វើ​ចលនា​សង្គ្រោះ​និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​។

សមត្ថកិច្ច​នគរបាល​ផ្នែក​ជំនាញ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់​ពិតប្រាកដ​មែន​មិន​មាន​ការធ្វើឃាត​អ្វី​នោះ​ទេ និង​បាន​ប្រគល់​សាកសព​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114