ព័ត៍មានទាន់​ហេតុការណ៏
Search

បើករថយន្ត​ជែង​វ៉ា​គ្នា​ គ្មាន​ការប្រុងប្រយ័ត្ន បុក​បន្តកន្ទុយ​គ្នា ស្លាប់​ម្នាក់​របួស​៤​នាក់ អ្នក បើកបរ​បង្ក​ហេតុ​រត់​គេច​ខ្លួនបាត់

កណ្តាល​ ៖ មនុស្ស​ម្នាក់​ស្លាប់​និង​៤​នាក់ ​រងរបួស​ធ្ងន់​និង​ស្រាល ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​បើក​បុក​គ្នា​ពីក្រោយ កាលពី​ម៉ោង​២ រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ចេតិយ៍​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​។

ប៉ូលិស​និយាយ​ថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ ១.​ឈ្មោះ​ ឌឿ​ន វី ភេទប្រុស ​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ ២.​ឈ្មោះ លី ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ទីលំនៅ​ភូមិ​ជាមួយគ្នា រងរបួស​ធ្ងន់​)​។ ៣. ឈ្មោះ វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ខេត្តបាត់ដំបង​(​រង​របួស​ធ្ងន់​)​។ ៤. ឈ្មោះ ង​ន ងិ​ច​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល​ (​របួសស្រាល​)​។ ៥. ឈ្មោះ អុន ទន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​ទីលំនៅ​ភូមិ ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល (​របួស​ស្រាល​)​។

​ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​បាន​រាយការណ៍​ថា នៅមុន​ពេល​គ្រោះ​កើតឡើង ខាង​រថយន្ត​រងគ្រោះ​ម៉ាក តា​កូ​ម៉ា ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE0-7899 បើកបរ​ដោយ​ឈ្មោះ ម៉ម ម៉ាប់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុច​កើតហេតុ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៣៥ និង​៣៦ ក៏បាន​បង្កើន​ល្បឿន​វ៉ា​ជែង​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក ហ៊ី​យិន​ដាយ ពាក់​ស្លាក​លេខ 3D-5130 ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ ប៉ុន្តែ​នៅពេល​បើក​ជែង​មិនទាន់​ផុត​ផង​ ជួប​រថយន្ត​១​គ្រឿង​ទៀត​កំពុងតែ​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន​មក​ជិត​ដល់ ភាគី​ខាង​រថយន្ត​តា​កូ​ម៉ា ក៏បាន​បង្ខំចិត្ត​ឈប់​ទន្ទឹមគ្នា​និង​រថយន្ត​ហ៊ី​យិន​ដាយ​ខាងលើ​។

នៅ​គ្រានោះ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ 3D-4490 ដែល​បាន​បើក​មកពី​ក្រោយ​មិន​ប្រយ័ត្ន​ក៏បាន​មក​បុក​រថយន្ត​តា​កូ​ម៉ា នេះ បណ្តាល​ឲ្យ​ប៉ើង​ធ្លាក់​មនុស្ស​ចេញពី​រថយន្តរ​ណូ​ក​រណែល មាន​ស្លាប់​និង​របួស​តែម្តង ហើយ​រថយន្ត​បង្ក​នេះ​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត​នៅ​ទន្ទឹម​រថយន្ត​តា​កូ​ម៉ា​នោះ​ បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដូច​រថយន្ត​តា​កូ​ម៉ា​ដែរ​។

អ្នកបើកបរ​រថយន្ត ហ៊ី​យិន​ដាយ​ទាំង​២​គ្រឿង​ដែល​ដឹក​អុស​កំណាត់ឈើ​ពេល​ដឹង​​ថា មាន​មនុស្ស​ស្លាប់​និង​រង​របួស​ដូច្នេះ​ក៏បាន​នាំគ្នា​រត់​គេច​ខ្លួន​អស់​ក្នុងពេល​នោះដែរ​។

ក្រោយពេល​កើតហេតុ​កម្លាំង ជំនាញ​បាន​ចុះ​ដល់ កន្លែងកើតហេតុ បន្ទាន់​ភ្លាមៗ ធ្វើការ​គូស​ដៅ វាស់វែង កន្លែង​កើតហេតុ រួច​នាំ​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំងអស់​មក​រក្សា​ទុកជា​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​និង​អ្នករបួសធ្ងន់​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ពួកគេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114