ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ចំនួន​៣​រូប ​ត្រូវ​បាន​ប្រកាស​តែងតាំង​តំណែង​បន្ថែម​ជា ផ្លូវការ​ហើយ

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​៣​រូប រួមមាន​លោក វេ​ង សាខុន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក ប៉ាន សូរ​ស័ក្តិ ត្រូវ ប្រកាស តែងតាំង​មុខងារ​បន្ថែម ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​នៅ​អគារ​មិត្តភាព​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

យោង​តាម​ស្មារតី​នៃ​សេចក្តីសម្រេច​លេខ​០៥ សសរ ចុះ​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​បានសម្រេច​តែងតាំង ១​លោក វេ​ង សាខុន ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​សន្តិ​សុខ​ស្បៀង​។​ ២.​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ទទួលបន្ទុក​ការងារ​បច្ចេកទេស​អាហារូបត្ថម្ភ។ ៣.​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ត្រូវ​តែងតាំង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​។

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​ថ្លែង​កោត​សរសើរ ចំពោះ​រដ្ឋមន្ត្រី ចំនួន បី​រូប ដែល​ត្រូវ​បាន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ទំនុក​ចិត្ត តែងតាំង​មុខងារ​បន្ថែម នា​ពេល​នេះ។

លោក​សង្ឃឹម​ថា តួនាទី​ថ្មី​នេះ​នឹង​ជួយ​បំពេញបន្ថែម​នូវ​យន្តការ​ជា​គន្លឹះ​ដ៏​រឹងមាំ​មួយ​ដើម្បី​រួមចំណែក អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​” ដែល​ជា​ត្រីវិស័យ​ដើរ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុ​ជានា​ឆ្នាំ​២០៣០ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕