ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ជា​ការពិត​ទេ ដែល​ថា​កូន​ធ្វើបាប​ឪពុក​ក្នុង​វ័យចាស់​ជរា​ពិការ​រហូតដល់​គាត់​ទ្រាំ​មិនបាន​មកប្ដឹង​សមត្ថកិច្ច

ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជរា​ពិការ​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម បាន​ធ្វើ​ដំណើរ​ទៅ​ប្តឹង​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​កូនស្រី​បង្កើត​របស់​ខ្លួន ធ្វើបាប​ផ្លូវចិត្ត​និង​គំរាម​ប្ដឹង​លោក ដោយសារ​រឿង​កូន​ជំពាក់​លុយ​ឪពុក​មិន​ព្រម​សង​ហើយ​ជេរប្រមាថ ឪពុក​ទៀត​ ខណៈ​ដែល​ឪពុក​ទៅ​ទារ​លុយ កូន​ជំពាក់​នោះ មិន​ត្រឹមតែ​មិនបាន​លុយ​បែរជា​ត្រូវ​គំរាម​ប្ដឹង​បក​វិញ​ទៀត​ផង យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​គាត់​ដែល​មក​ប្ដឹង​ប៉ុណ្ណោះ​ឯ​រឿង​ពិត​បែប​ណា​នោះ​ ទាល់តែ​កូន​ចេញមុខ​មក​បកស្រាយ។

បុរស​ចំណាស់​ខាងលើ​ឈ្មោះ ហ៊ុយ ប៉ាង អាយុ​៧៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក ចូលនិវត្តន៍ មាន​ទីលំនៅ​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ មាន​ប្រពន្ធ ឈ្មោះ ស៊ិ​ន សុផល អាយុ​៦៣​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក​រួម​ជា​មួយ​កូនៗ មានកូន​ចំនួន​៥​នាក់ ស្រី​ទាំងអស់ រស់នៅ​ផ្សេងៗ​គ្នា រស់នៅ​សព្វថ្ងៃ​ជាមួយ​កូនស្រី​ទី​៤​ម្នាក់ នៅផ្ទះ​ជាមួយ​ឪពុក។ ចំណែក​កូនស្រី​មាន​បញ្ហា រឿងរ៉ាវ​ជំពាក់​លុយ​គាត់ ជា​កូន​ទី​៣ ឈ្មោះ ហ៊ុយ ខេមរា អាយុ​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះ ឃុន ចំរើន អាយ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោកតា​បាន​រៀបរាប់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៣ កូនស្រី​ទី​៣​ បាន​ខ្ចី​ផ្ទះ​មួយ​ល្វែង​យក​ទៅលក់​បាន​លុយ​៥៥០០០​ដុល្លារ ថា​នឹង​សង​ជា​បន្តបន្ទាប់ ទើបតែ​សង​បាន​៣​ពាន់​ដុល្លារ លុយ​នៅ​ខ្វះ​ចំនួន​៥២០០០​ដុល្លា​រទៀត លុះដល់​គាត់ កាន់តែ​ចាស់ជរា ហើយ​ពិការ​ទៀត ត្រូវការ​លុយ​សម្រាប់​ហូបចុក ព្យាបាល​ជំងឺ ទៅ​រក​ទារលុយ បែរ​ជា​កូនស្រី ប្រើ​សម្តី​ជេរប្រមាថ​ជ្រះ​ឆ្អេះ គំរាម ញយ​ដង​ក៏​គាត់​មិន​ថា លុះ​មកដល់​ថ្ងៃទី​០៩ ខែកុម្ភៈ កន្លងមក​ថ្មីៗ​នេះ បំណាច់​អត់​លុយ​សម្រាប់​ព្យាបាល​ជំងឺ ក៏​ដាច់ចិត្ត​ទៅ​ទារ​លុយ​ម្តង​ទៀត តែ​ត្រូវ​បាន កូនស្រី និង​កូនប្រសា​ប្រុស គំរាម វាយ​មក​លើ​គាត់​ជា​ឪពុក​ពិការ បោះពាក្យ បោះសម្តី កាលបើ​ឪពុក​មក​ទារលុយ​ទៀត​ពួកគេ​នឹង​ប្តឹង​ប៉ូលីស​ចាប់ខ្លួន​ហើយ។ ដោយសារ​ការអត់ធ្មត់ ទ្រាំលែងបាន ទើប​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ គាត់​បាន​ទៅប្តឹង​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ចោមចៅ​៣។

ការ​ចោទប្រកាន់​រវាង​ឪពុក​និង​កូនស្រី​បង្កើត​ខាងលើ​យើង គ្រាន់តែ​ស្តាប់​ការ​រៀបរាប់​តែ​ភាគី​ឪពុក​តែប៉ុណ្ណោះ រឿងរ៉ាវ​ពិត​ឬ​មិន​ពិត​យ៉ាងណា រង់ចាំ​ការបំភ្លឺ​ពី​ភាគី​ខាង​កូនស្រី។

ចំណែក​អាជ្ញាធរ​សង្កាត់​វិញ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ បានទទួល​បណ្តឹង​រប​ស់​ភាគី​ខាង​ឪពុក​ហើយ រង់ចាំ​ចេញ​លិខិត​អញ្ជើញ​ភាគី​ខាង​កូនស្រី​មក​សាកសួរ​ពេល​ក្រោយ ដើម្បី​សម្របសម្រួលគ្នា៕