ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ចាត់ទុក​សេចក្តី​សម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប ជា​រឿង​អយុត្តិធម៌​បំផុត ដោយសារ​តែ​មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង ក្នុង​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត

ភ្នំពេញ​ ៖ ការ​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅ​នឹង​ការសម្រេចចិត្ត​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប ក្នុង​ការ​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែង​គ្រឿង​សព្វាវុធ (EBA)” ពី​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​ពី​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (EBA)” ពី​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​សេចក្តី​សម្រេចចិត្ត​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ដែល​គណៈកម្មការ​អឺរ៉ុប មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន ដែល​បាន​ធ្វើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រកាន់ខ្ជាប់ និង​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​អនុសញ្ញា​ស្នូល​ទាំង​១៥ របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ជា​បុ​រេ​ល័ក្ខខ័ណ្ឌ​ក្នុង​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ឯកតោភាគី ជាពិសេស​នៅលើ​វិស័យ​ទាំងឡាយ​ដែល​ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល សិទ្ធិ​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ដី​សម្បទាន​ស្ករអំពៅ​។

រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទស្សនៈ​ថា គណៈកម្មការ​អឺរ៉ុប មិន​បាន​ធ្វើ​សកម្មភាព​ដោយ​ឈរ​លើ​គោលការណ៍ “​ស្មោះត្រង់​” និង “​យុត្តិធម៌​” នោះ​ទេ​។ គណៈកម្មការ​អឺរ៉ុប​បាន​បិទ​ភ្នែក នៅ​ពេល​ដែល​ប្រទេស​ជាច្រើន ដែល​កំពុងតែ​ទទួល​នូវ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មិនបាន​អនុវត្ត​ពេញលេញ​នូវ​អនុសញ្ញា​អន្តរជាតិ​ទាំងនោះ ប៉ុន្តែ​ជាមួយនឹង​របៀបវារៈ​នយោបាយ ​គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​បន្តុប និង​រំពឹង​នូវ “​ការអនុវត្ត​ដ៏​ល្អឥតខ្ចោះ​” នៃ​អនុសញ្ញា​ទាំងនោះ​ពី​កម្ពុជា​។

គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់ ការ​កែលំអ និង​វឌ្ឍន​ភាពជា​បន្តបន្ទាប់ ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ ដូចដែល​បាន​រំលេច​ឡើង​ក្នុង​លិខិត​ឆ្លើយតប​ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ ដោយមាន​ភ្ជាប់​នូវ​របាយការណ៍​បញ្ជី​វឌ្ឍនភាព​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ ចំពោះ​អ្នកសង្កេតការណ៍ ដែលមាន​ភាព​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ សកម្មភាព និង​វិធាន​ការដែល​រាជរដ្ឋាភិបាល បាន​ធ្វើ​ឡើង គឺ​អាច​ទទួលស្គាល់​បាន​ថា​ ជា​វឌ្ឍនភាព​សំខាន់ៗ បើ​ពិចារណា​ទៅលើ​ភាព​ស្មុគស្មាញ​នៃ​បណ្តា​បញ្ហា​ទាំងនោះ​។ វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឡើង ក្នុងអំឡុងពេល ៨​ខែ ចុងក្រោយ ចាប់តាំងពី​បេសកកម្ម​សុ​ឆន្ទៈ​លើក​ទី ១ ទៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល គឺជា​សក្ខីភាព​នៃ​ភាព​ស្មោះត្រង់ និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​។ ជាក់ស្តែង នៅ​លើ​គោលការណ៍​ពហុបក្ស គណៈកម្មការ​អឺរ៉ុប​បាន​ផ្តោត​តែ​ទៅលើ​អត្ថិភាព​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជោគវាសនា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​តែប៉ុណ្ណោះ​។

គណៈកម្មការ​អឺរ៉ុប បាន​ចោទប្រកាន់​ទៅលើ​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ឈរ​លើ​មូលដ្ឋាន​តែមួយគត់​គឺ​អវត្តមាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់​គណបក្ស ១៩ ផ្សេងទៀត ដែល​បាន​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដែល​បាន​ទទួល​សម្លេង​ជិត ១​លាន​៥​សែន ឬ​ស្មើនឹង ២៣% នៃ​សន្លឹកឆ្នោត​បានការ​នោះទេ​។ ការ​មិនទទួលស្គាល់​នូវ​ការពិត​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាពលំអៀង​យ៉ាង​គឃ្លើន​របស់​គណៈកម្មការ​អឺរ៉ុប ក៏ដូចជា​ការមិន​អើពើ​ចំពោះ​ម្ចាស់​ឆ្នោត និង​គណបក្ស​របស់​ពួកគេ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត ក៏ដូចជា​សិទ្ធិ និង​ជម្រើស​នយោបាយ​របស់​ពួកគេ​។

គណៈកម្មការ​អឺរ៉ុប​មិនបាន​បង្ហាញ​ការគោរព​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា នៅ​ពេល​ដែល​ការ​ទាមទារ​នានា​ទាក់ទង​នឹង EBA គឺ​ស្មើនឹង​ការ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការវិវត្ត​នយោបាយ​របស់​ប្រទេស​មួយ​។ គណៈកម្មការ​អឺរ៉ុប​បាន​បដិសេធ​នូវ​សម្លេង​ដ៏​ច្រើន​លើសលប់​របស់​ម្ចាស់​ឆ្នោត​កម្ពុជា ដែល​បាន​សម្តែង​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​សន្លឹកឆ្នោត​របស់​ពួកគេ​។ ផ្ទុយទៅវិញ គណៈកម្មការ​អឺរ៉ុប​បាន​ជ្រើស​យក​ការ​គាំទ្រ​អ្នកនយោបាយ​មួយ​ក្តាប់​តូច ដែល​បាន​កសាង​ប្រជាប្រិយភាព​របស់​ខ្លួន​តា​មរយៈ​ការ​ស្អប់​ជាតិ​សាសន៍ ការរើសអើង​ពូជសាសន៍ និង​ភាសា​អុចអាល​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យ​បង្កាត់ភ្លើង​សង្គ្រាមស៊ីវិល​។ គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់​គុណសម្បត្តិ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បើកផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ចាប់ផ្តើម​ឡើងវិញ​ដោយ​ពេញលេញ​នូវ​ជីវិត​នយោបាយ​រប​ស់​ពួកគេ​នោះទេ​។ បន្ថែម​លើ​នេះ គណៈកម្មការ​អឺរ៉ុប​សុខចិត្ត​នៅ​ស្ងៀម​ចំពោះ​តថភាព​ដែល​ថ្នាក់ដឹកនាំ​ទាំង​នោះបាន​ក្លាយជា​ចំណាប់ខ្មាំង​របស់​មេដឹកនាំ​របស់​ខ្លួន ដែល​បាន​គំរាម​ថា​នឹង​ចាត់ទុក​ពួកគេ​ជា​ជន​ក្បត់ ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ទទួលយក​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​។

គណៈកម្មការ​អឺរ៉ុប មិនបាន​ពិចារណា​ទៅលើ​ភាពជា​ដៃគូ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល​។ ផ្ទុយទៅវិញ គណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ភាព​មិនស្មោះត្រង់ ដោយ​ពឹងផ្អែក​តែ​ទៅលើ​ការរិះគន់​ជា​ប្រព័ន្ធ​ប្រកបដោយ​ភាព​លំអៀង ដែល​រៀបចំឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ​មួយចំនួន​តូច ហើយ​មិន​ទទួលស្គាល់​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ដែល​សមាគម​ចំនួន ២.២៨៦ អង្គការ NGO ក្នុងស្រុក​ចំនួន ៣.២២១ និង​អង្គការ NGO បរទេស​ចំនួន ៣៩៧ កំពុងតែ​អនុវត្ត និង​ទទួលបាន​។

គុណ​តម្លៃ​នៃ​គោលការណ៍​គឺជា​មូលដ្ឋាន ដែល​សហភាព​អឺរ៉ុប​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​គ្រប់​កាលៈទេសៈ ដោយ​មិន​បែងចែក​លើ​ល័ក្ខខ័ណ្ឌ​នៃ​ការអនុវត្ត​ជា​ឯកតោភាគី ឬ ​ទ្វេភាគី​នោះ​ទេ ទោះ​ក្នុងករណី​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជា​ឯកតោភាគី នូវ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា ឬ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។

តាមរយៈ​ការ​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការ​ដក EBA ពី​កម្ពុជា គណៈកម្មការ​អឺរ៉ុប​គឺ​កំពុងតែ​បដិសេធ​ចោល​នូវ​តម្លៃ​នៃ​សមិទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ ២០​ឆ្នាំ​កន្លងទៅ ដែល​រាជរដ្ឋាភិបាល​បាន​ពុះពារ​ទាញ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ចេញពី​ភាព​ក្រីក្រ ហើយ​ការសម្រេចចិត្ត​បែបនេះ នឹង​មានន័យ​ស្មើនឹង​ការ​ធ្វើ​និរាករណ៍​នូវ​រាល់​ឥទ្ធិពល​វិជ្ជមាន​ដ៏​ធំ​នៃ​គោល​- នយោបាយ​របស់​អឺរ៉ុប ដែល​កម្ពុជា​បាន​ទទួលផល​ពីមុនមក​។ ពិតណាស់​ថា កម្ពុជា​ដឹង​ច្បាស់​ថា សេចក្តី​សម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ស្នងការ​ពីររូប​របស់​គណៈកម្មកា​រ​អឺរ៉ុប ដោយ​គ្មាន​ពិចារណា​លើ​ជោគវាសនា​របស់​កម្មការិនី​កម្ពុជា​ជិត​មួយ​លាន​នាក់​នោះទេ ហើយក៏​មិនបាន​គិតគូរ​ដល់​ផលប្រយោជន៍​នៃ​បណ្តា​សមាគម​ធុរកិច្ច​របស់​អឺរ៉ុប​នៅ​កម្ពុជា និង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ​នា​ទសវត្សរ៍​ក​ន្ល​ង​មករ​វាង​កម្ពុជា និង​បណ្តា​សមាជិក​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​ដែរ​។

ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា នឹង​បន្ត​ធ្វើការ​ដោយ​ស្មោះ​ត្រង់​ជាមួយនឹង​បណ្តា​ប្រទេស​ទាំងនោះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដែល​គោរព​គ្នា​ទៅវិញ ទៅមក​។ កម្ពុជា​នៅតែមាន​ឆន្ទៈ​បន្ត​ពង្រឹង​លំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ ដូចដែល​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។ ក៏ប៉ុន្តែ យើង​ក៏មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ផងដែរ​ក្នុងការ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ​រប​ស់​យើង ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ យើង​នឹង​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម​-​សេដ្ឋកិច្ច​បន្ទាន់ៗ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​យើង ជាពិសេស​គឺ​ពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​វិស័យ​នានា​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​សេចក្តីសម្រេច​នេះ​។

ជា​ចុងក្រោយ យើង​មាន​សេចក្តី​សោកស្តាយ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ជ្រើស​យក​ការ​ជឿជាក់​ទៅលើ​អ្នកនយោបាយ​មិន​ស្មោះត្រង់​មួយ​ក្តាប់​តូច ដែល​ខិតខំ​ឥត​ឈប់ឈរ​ក្នុងការ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បំផ្លាញ​ប្រទេស និង​ប្រជាជន​កម្ពុជា ជាជាង​ការផ្តល់​តម្លៃ​ទៅលើ​សម្លេង​នៃ​អ្នកតំណាង​ដែល​ជាប់ឆ្នោត​ដោយ​ស្របច្បាប់​របស់​ប្រជាជន​៕