ព័ត៍មានទាន់​ហេតុការណ៏
Search

ដឹង​ហើយ​ថា​​ ​ការ​ឆក់​ត្រី​ជា​អំពើ​ខុសច្បាប់ ​នៅ​តែ​ផ្គើន​ ​ទី​បំផុត​ត្រូវ​ឆក់​ខ្លួនឯង​ស្លាប់

ស្ទឹងត្រែង​ ៖ ​បុរស​ម្នាក់​ ទោះ​ដឹង​ថា​ ការ​ឆក់​ត្រី​គឺជា​អំពើ​ខុសច្បាប់​ក៏ដោយ ​​​នៅតែ​លប​លួច​ទៅ​ឆក់​ត្រី​នៅ​ក្នុង​អូរ​មួយ​ដដែល ​តែ​ចៃដន្យ​ត្រូវ​បាន​ឆក់​ខ្លួនឯង​ស្លាប់​​​រយៈពេល​២ ​ថ្ងៃ ​ទើប​ភ្ញាក់​ផ្អើល​​ដឹង​ដល់​ប្រជាពលរដ្ឋ ​និង​ប្រពន្ធ​កូន។

សព​បុរស​ម្នាក់​នោះ ត្រូវ​បាន​គេ​ប្រទះឃើញ កាលពី​វេលា​ម៉ោង១២​ ថ្ងៃត្រង់​ថ្ងៃ​ទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ​ត្រង់​ចំណុច​អូរ​ក្រឡា​ពស់​ ស្ថិត​ក្នុងភូមិ​ស្វាយរៀង ឃុំ​តា​ឡា​ត ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង។

លោក​សន ប៊ុន​ហួត ​នាយ​ប៉ុស្តិ៍​ឃុំ​តា​ឡា​ត​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​ត្រូវ​ឆក់​ស្លាប់​នោះ​មាន​ឈ្មោះ​ផៃ​ផាន់​អាយុ៤៥​ ឆ្នាំ​ មាន​លំនៅ​ភូមិ​ស្វាយរៀង ​ឃុំ​តា​ឡា​ត​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ​និង​ប្រពន្ធ​ឈ្មោះ​សា វាត​ អាយុ​ជាង​៣០​ឆ្នាំ​ និង​មាន​កូន​ម្នាក់។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើ​តាម​ប្រពន្ធ​រៀបរាប់​ថា​ ដោយសារ​ស្ថានភាព​គ្រួសារ​ក្រីក្រ​ខ្វះ​ម្ហូប​សម្រាប់​ដោះស្រាយ​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​ទី​11 ប្ដី​គាត់​បាន​ចេញទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ក្រឡា​ពស់ ក្រោយពី​បាត់ ប្តី​មិន​ឃើញ​មក​ផ្ទះ​នៅ​ថ្ងៃ​ទី​12 ​ខែ​កុម្ភៈ ​ថ្ងៃ​ត្រង់​នេះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​អូរ​ក្រឡា​ពស់ និង​បាន​រាយការណ៍​ជូន​ទៅដល់​សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​ភូមិ​ឃុំ​និង​ដឹកនាំ​ប្រជាពលរដ្ឋ​ ​ចុះទៅ​ពិនិត្យមើល​សាកសព​នៅ​ក្នុង​ចំណុច​កើតហេតុ​កន្លែង​ ដែល​ជនរងគ្រោះ​ឆក់​ត្រី។

ក្រោយពី​ពិនិត្យមើល​សាកសព​ឃើញ​ថា ​ជនរងគ្រោះ​មាន​អាគុយ​រួម​ទាំង​សម្ភារៈ​ឆក់​ត្រី​ តែ​អាច​ឆក់​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​នៅក្នុង​អូរ​នោះ​តែម្ដង​។​

បន្ទាប់ពី​មានការ​ចូលរួម​ពី​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យឃើញថា​សាកសព​នោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ត្រី​ សមត្ថកិច្ច​រួមទាំង​អាជ្ញាធរ​ក៏បាន​ប្រគល់​សាកសព​នោះ​ ជូនទៅ​ក្រុមគ្រួសារ​ប្រពន្ធ​កូន​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​