ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ស្នើ​៣​ចំណុច​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​អ៊ីតាលី

ភ្នំពេញ​ ៖ ការ​ស្នើ​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ​លោក Lorenzo Galanti ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ថ្មី​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ចំណងទាក់ទង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ីតាលី មាន​តាំងពី​យូរ​មកហើយ​។ ជាមួយគ្នា​នោះ លោក​បាន​ទទួល​ព័ត៌មាន​ជាច្រើន​ពី​ប្រទេស​កម្ពុជា ហើយ​នៅពេលដែល​លោក​មកដល់ ទើបបាន​ឃើញ​នូវ​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និង​កំណើន​ប្រាក់ខែ​របស់​កម្មករ​ជាដើម​។ ជា​រួម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អបអរសាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នេះ​។

ជា​ការ​ឆ្លើយតប​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ជាង​៧​ភាគរយ​នេះ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា​រាជរដ្ឋាភិបាល​កម្ពុជា មានកម្ម​វិធី​នយោបាយ​ត្រឹមត្រូវ គាំពារ​ទៅដល់​កំណើនសេដ្ឋកិច្ច​។ ផ្អែក​ទៅ​លើ​ចំណងទាក់ទង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ៊ីតាលី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើក​ឡើង​នូវ​ចំណុច​មួយចំនួន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (​កម្ពុជា​-​អ៊ីតាលី​) ទី​១, ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ អាច​ជា​យន្តការ​ក្នុងការ​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ដែល​អាច​ជួបគ្នា​ជា​ទៀត​ទាត់ ដើម្បី​កំណត់​នូវ​បញ្ហា​អ្វីដែល​ប្រទេស​ទាំងពីរ​មាន ហើយ​សំណើ​នេះ ត្រូវ​បាន​លោក​ឯកអគ្គរដ្ឋទូត​ទទួល​យកទៅ​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​។ ទី​២, ដើម្បី​ឲ្យ​មាន​កំណើន​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​កើនឡើង​ថែមទៀត​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​រៀបចំ​វេទិកា ឬ​ជា​គណៈប្រតិភូ​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ញឹកញាប់ និង​ទៀងទាត់ ហើយ​ចំណុច​នេះ លោក​ឯកអគ្គរដ្ឋទូត​បាន​ទទួលយក ដោយសារ​តែ​នៅ​ប្រទេស​កម្ពុ​ជាមាន​សហគម​ន៍​សេដ្ឋកិច្ច​របស់​អ៊ីតាលី ដូច្នេះ​លោក​នឹង​ខិតខំ​ជំរុញ​លើ​បញ្ហា​នេះ​។ ទី​៣, ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន និង​ប្រជាជន​បាន​ស្គាល់គ្នា​កាន់តែច្រើន​។

តាម​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស ប្រទេស​ទាំងពីរ​នេះ (​កម្ពុជា​-​អ៊ីតាលី​) មាន​មាន​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​២ បាន​ចុះហត្ថលេខា​រួចហើយ ទី​១, អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ទេសចរ និង​ទី​២, អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​វប្បធម៌ ហើយ​អនុស្សរណៈ​ទាំងពីរ​នេះ លោក​ឯកអគ្គរដ្ឋទូត​បាន​អះអាងថា នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ពី​បញ្ហា EBA ផងដែរ ដោយ​បាន​លើក​ឡើង​ថា កម្ពុជា​បាន​បោះឆ្នោត​ប្រកបដោយ​សន្តិភាព គ្មាន​អំពើ​ហិង្សា និង​បាន​ខិតខំ​អនុវត្ត​វិធានការ​ជាច្រើន រួម​ទាំង​លំហ​នយោបាយ ប៉ុន្តែ​សហគមន៍​អឺរ៉ុប​នៅតែ​ចោទ​ប្រកាន់​ថា កម្ពុជា​រឹត​ត្បិត​លំហ​នយោបាយ​សម្រាប់​គណបក្សប្រឆាំង ហើយ​កម្ពុជា​បាន​ខិត​ធ្វើ​បញ្ហា​មួយចំនួន​ដូចជា វិសោធនកម្ម​ច្បាប់ ដើម្បី​សម្រួល​ឲ្យ​អ្នកនយោបាយ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​, យន្តការ​ជួប​ប្រជុំ​ជាមួយ​អង្គការ​ក្នុងស្រុក អង្គការ​ក្រៅ​ស្រុក ហើយ​យន្តការ​នេះ នឹង​បន្តធ្វើ​ជានិច្ច ហើយ​លើ​វិស័យ​មួយចំនួនទៀត ដូចជា​សហជីព សិទ្ធិ​ការងារ បញ្ហាដីធ្លី​ជាដើម គឺ​រដ្ឋាភិបាល​បាន​ខិតខំ​អនុវត្ត​ដោះស្រាយ​វិធានការ​ជាច្រើន ហើយ​ប្រ​សិប​បើ​សហគមន៍​អឺរ៉ុប​យល់​អំពី​វិធានការ​នេះ សេចក្តីសម្រេច​របស់​សហគមន៍​អឺរ៉ុប នឹង​មាន​ភាព​វិជ្ជមាន និង​មិនមាន​ផល​ប៉ះពាល់​ដល់​កសិករ​ខ្មែរ​នោះ​ទេ​៕