ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព ឆក់​កាបូប​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង

សៀមរាប ​៖ ​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព ឆក់​កាបូប​ពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង រួច​បើក​ម៉ូតូ​មក​ជាប់អន្ទាក់​បងប្អូន​ប្រជា​ការពារ​សង្កាត់​ជ្រាវ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ្រាវ​នៃ​អធិការនគរបាល​ក្រុង​សៀមរាប តែម្តង​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១០ ​ខែកុម្ភៈ ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ សម្តេច ជាស៊ីម ស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប​។

មន្ត្រី​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១០​ ខែកុម្ភៈ ​ឆ្នាំ​២០១៩​នេះ នគរបាល​ក្រុង​សៀមរាប​បាន​បញ្ជូន ជនសង្ស័យ​ម្នាក់ និង​សំណុំរឿង ទៅ​តុលាការ ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ កាលពី​យប់​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ៧និង៣០​នាទី នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ សម្តេច ជាស៊ីម ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប​។ មន្ត្រី​បន្ត​ថា ជនសង្ស័យ​មាន ឈ្មោះ ម៉​ង់ ម៉ន ភេទ​ប្រុស អាយុ២៤ឆ្នាំ​ រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប មុខរបរ​កម្មករ​សំណង់ និង​រត់​ម៉ូតូឌុប​នៅពេល​យប់ ប្រើប្រាស់​មធ្យោបាយ ម៉ូតូ​ឌ្រី​ម ​ពណ៌​ខ្មៅ ​១​គ្រឿង ​ស៊េរី​២០១១​ ពាក់​ស្លាក​លេខ បាត់ដំបង 2K-6268 ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ជនរងគ្រោះ​ឈ្មោះ រ​.​ម​.​ន ភេទ​ស្រី អាយុ១៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។

ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​ហើយ បាន​ជិះ​ម៉ូតូ​សំដៅ​ទៅ​ទិសខាងកើត​បាន​ប្រហែល​៥០០​ម៉ែត្រ ដល់​ចំណុច​កា​រ៉ា​ស​សាំង​តេ​លា ក្នុងភូមិ​ខ្នារ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​ភូមិ​ខ្នារ រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ឃាត់​បាន និង​ដកហូត​បាន​វត្ថុតាង ជា​កាបូ​ប​ពណ៌​ខ្មៅ​ របស់​ជនរងគ្រោះ​មកវិញ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕