ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ករណី​ទទួលផល​ចោរកម្ម

ភ្នំពេញ ៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ កុម្ភៈនេះ​ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង០២​នាក់ នេះ មុន​ឃាត់ខ្លួន ដំបូង​ឡើយ កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ សេង ចិ​ត្ត្រា ដែល​ជា​ជនរងគ្រោះ បាន​បាត់​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA MATRIX ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ស្លាក​លេខ ភ្នំពេញ 2AF-2402 ដោយ​បាន​ចត​ទុក​ក្រោម​សំយ៉ាប​ផ្ទះ ហើយ​មិនបាន​យក​ប័ណ្ណ​សំគាល់​រថយន្ត ប័ណ្ណបើកបរ និង​សោ​ចេញពី​រថយន្ត​នោះ​ទេ ហើយ​បាន​ចូលទៅ​ក្នុងផ្ទះ​សំរាក​ធម្មតា។

ប្រភព​បាន​បន្ត​ថា ក្រោយពេល​ភ្ញាក់​ពី​ដំណេក​មកវិញ ទើប​ជនរងគ្រោះ​ដឹង​ថា រថយន្ត​ខ្លួន​ត្រូវ​បាន​ចោរលួច​បាត់​។ លុះដល់​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤និង០០​នាទី ជនរងគ្រោះ​បានឃើញ​រថយន្ត​របស់​ខ្លួន នៅ​ចំណុច ផ្លូវ​១៨២ កែង​ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ជនសង្ស័យ ០២​នាក់ កំពុង​បើក​ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​។ ​ទី​១/ ឈ្មោះ ហ៊​ន ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​ ទី​២/ ឈ្មោះ គ្រៀល ថុ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។

ក្រោម​វិធានការ នៃ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​បាន​សារភាព​ឲ្យ​ដឹង​ថា មុន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ ហ៊​ន ហាក់ បាន​ចូល​លេង​ល្បែងស៊ីសង​នៅ​ណា​ហ្កា​វើ​ល ហើយ​បាន​ជួប​បុរស​ម្នាក់ អាយុ​ប្រហែល ៣០​ឆ្នាំ ដែល​កំពុង​លេងល្បែង​នៅ​ណា​ហ្កា​ដូចគ្នា បន្ទាប់មក​រូបគេ​ទាំង ០២​នាក់ បាន​យក​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA MATRIX ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ស្លាក​លេខ ភ្នំពេញ 2AF-2402 ទៅ​ដាក់បញ្ចាំ នៅ​ហាង​បញ្ចាំ​មួយ​កន្លែង មាន​ទីតាំងនៅ​ផ្លូវ​១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​ប្រាក់ ១​ពាន់​ដុល្លារ អាមេរិក ហើយ​បុរស​នោះ​បាន​ឲ្យ​ប្រាក់​មក​ខ្លួន ៥០​ដុល្លារ អាមេរិក​។ បន្ទាប់មក​បុរស​នោះ ទូរស័ព្ទ​ឲ្យ​រូប​ខ្លួន​យក​ប្រាក់ ៥០០​ដុល្លារ​អាមេរិក បន្ថែម​ទៀត តែ​រូប​ខ្លួន​បាន​ប្រាប់​ថា​ ទាល់តែ លួស​រថយន្ត​នោះ​ ហើយ​ទៅ​បញ្ចាំ​កន្លែង​ផ្សេង​ទើបបាន មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​បុរស ០២​នាក់ ជិះ​ម៉ូតូឌុប យក​លុយ​មក​ឲ្យ​ខ្លួន ១,១០០​ដុល្លារ អាមេរិក ដើម្បី​លួស​យក​រថយន្ត​នោះ​មក​វិញ​។ ក្រោយពេល​លួស​រថយន្ត​នោះ​បាន រូបគេ និង​ឈ្មោះ គ្រៀល ថុ​ន បាន​ជិះ​រថយន្ត​នោះ​ទៅ​ហាង​បញ្ចាំ​មួយ​កន្លែង​ទៀត លុះដល់​ចំណុច ផ្លូវ​លេខ​២៥៧ កែង​ផ្លូវ​១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រូបគេ​ទាំង០២​នាក់ ក៏​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​តែម្ដង​ហើយ​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ដើម្បី​កសាង​សំណុំ​ពួកគេ​ទៅ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114