ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​ ចុះ​កិច្ចសន្យា​ផ្តល់​ជំនួយ​ជាង​៥២៩​ពាន់​ដុល្លារ​អាមេរិក ដល់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​សាលា​មត្តេយ្យ​សិក្សា​ធនធាន​ខេត្ត​បាត់ដំបង

ភ្នំពេញ ​៖​ រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​ជាង ៥២៩​ពាន់​ដុល្លារ​អាមេរិក ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត ក្រោម​គម្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន។

កិច្ចសន្យា​ផ្តល់ជំនួយ​នេះ ត្រូវបាន​ចុះហត្ថលេខា​នា​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ ​នៅ​ស្ថានទូត​ជប៉ុន រវាង​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក Kase Takashi នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត សម្រាប់​គម្រោង​សាលារៀន​ម​ត្តេ​យ្យ​សិក្សា​ធនធាន​គំរូ ផ្តោតលើ​បណ្ណាល័យ​ក្នុង​ខេត្តបាត់ដំបង​។​

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា ថវិកា​ជំនួយ​ប្រមាណ​ជាង ៥២៩​ពាន់​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​នេះ នឹង​បង្កើត​សាលារៀន​ម​ត្តេ​យ្យ​គំរូ​បំពាក់​ដោយ​បណ្ណាល័យ លើកកម្ពស់​ការអាន​សៀវភៅ​ក្នុង​ការអប់រំ​កុមារ​តូច និង​បង្កើន​សមត្ថភាព​គ្រូបង្រៀន​សាលា​ម​ត្តេ​យ្យ​ក្នុង​ខេត្ត​បា​ត់​ដំបង ដើម្បី​កែលម្អ​គុណភាព​នៃ​ការអប់រំ​កុមារ​តូច និង​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កុមារ​តូច​។ តាមរយៈ​គម្រោង​នេះ ​លោក​ទូត​សង្ឃឹមថា សកម្មភាព​របស់​បណ្ណាល័យ​នឹង​រីកចម្រើន​នៅ​ទូទាំង​ខេត្ត ហើយ​ការអប់រំ​កុមារ​តូច​ក្នុង​ខេត្តបាត់ដំបង​នឹង​អភិវឌ្ឍន៍​កាន់តែខ្លាំង​។​

លោក Kase Takashi បាន​សន្យាថា​ ក្នុងដំណាក់កាល​នៃ​ការរៀបចំ​គម្រោង​នេះ យើង​បាន​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ និង​សហការ​ជាមួយ​មន្ទីរ ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង និង​សា​លាម​ត្តេ​យ្យ​សិក្សា​ធនធាន​បាត់ដំបង ហើយ​យើង​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​នៅ​ដំណាក់កាល​នៃ​ការអនុវត្ត​គម្រោង​នេះ​។ ជាពិសេស​គម្រោង​នេះ​អាចរួមចំណែក​ដល់​ការបង្កើត​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114