ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែការពារ​ជប៉ុន​Tomohiro Masaki បន្ត​រួមរស់​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប ៣​រដូវ​កាល​ជាប់​គ្នា​

ខ្សែការពារ​ជនជាតិ​ជប៉ុន Tomohiro Masaki បានសម្រេច​បន្ត​រួមរស់​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ជា​លើក​ទី​៣​គិត​ត្រឹម​រដូវ​កាល​ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពី​រូបគេ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។

កីឡាករ Tomohiro Masaki បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដោយ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) ដែល​ជា​សមាជិក​លី​គ​កំពូល​កម្ពុជា​នៅ​គ្រានោះ ហើយ​រូបគេ​បាន​ចំណាយពេល​៣​រដូវ​កាល​ជាមួយ​ក្រុម​ដែលមាន​ក្បាលម៉ាស៊ីន ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​មុន​សម្រេច​មក​រួមរស់​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ នេះ​។

យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុង​នោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ​ក្រុម​អាស៊ី​អឺរ៉ុប ទើបតែ​បង្ហាញ​កីឡាករ​បរទេស​ផ្លូវការ​របស់​ខ្លួន​តែ​២​នាក់​ប៉ុណ្ណោះ ​បូក​នឹង​កីឡាករ​Tsubasa Mitani ជនជាតិ​ជប៉ុន និង​កីឡាករ Joshua Jokic ជនជាតិ​អូស្ត្រាលី ដែល​បាន​ចុះ​កិច្ច​សន្យា​កាលពីដើម​ខែមករា កន្លងទៅ​។

លោក សុក វាសនា គ្រូបង្វឹក​របស់​ក្លិប​មួយ​នេះ​ធ្លាប់​បាន​លើក​ឡើង​ថា ​កូនក្រុម​របស់​ខ្លួន​កាលពី​រដូវ​កាល​២០១៨​កន្លងទៅ ​នៅសល់​ប្រមាណ​ជាង​១០​នាក់​ប៉ុណ្ណោះ ដោយសារ​អ្នកខ្លះ​ផ្លាស់​ទ្រនំ​ថ្មី និង​មួយចំនួនទៀត​បានបញ្ចប់​អាជីព ស្របពេល​ថ្មីៗ​នេះ​ក្លិប​បានធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​យុវជន​ជាច្រើន​នាក់​ហើយ​ជម្រុះ​នៅសល់​ជាង​២០​នាក់​មុន​សម្រេច​ជ្រើស​រើសយក​អ្នក​ល្អ​ចូលរួម​ក្នុង​ក្រុម​។

បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114