ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ដាក់​លក់​សំបុត្រ​តម្លៃ​១​ម៉ឺន​រៀល​និង​៥​ពាន់​រៀល ក្នុង​ពេល​ក្រុម​U22​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ពាន​ជើងឯក​អាស៊ាន​ចុងខែ​នេះ

ប្រទេស​កម្ពុជា ទទួល​បាន​សិទ្ធិ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ នៅ​ចុងខែ​កុម្ភៈ ខាងមុខ ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (​ស​.​ប​.​ក​) បាន​ត្រៀម​លក់​សំបុត្រ​សម្រាប់​មហាជន​ចូល​ទស្សនា​ជា​បណ្តើរៗ​ហើយ​។

យោង​តាម​ការ​បញ្ជាក់​របស់​ស​.​ប​.​ក នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លើក​ឡើង​ថា ​សំបុត្រ​សម្រាប់​ចូល​ទស្សនាការ​ប្រកួត​នេះ​គឺ​បែង​ចែក​ចេញ ជា​២​ប្រភេទ​ដូច​រាល់​លើក​ដែរ ដោយ​ក្នុង​នោះ​មានតម្លៃ ១០,០០០​រៀល នៅ​តំបន់​មាន​កៅអី​ជ័រ និង ៥,០០០​រៀល តំបន់​គ្មាន​កៅអី​ជ័រ​។ សំបុត្រ​នេះ​នឹង​ចាប់​ដាក់លក់​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ៍ សប្ដាហ៍​នេះ​តទៅ នៅ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ​។

ក្រុម U22 កម្ពុជា ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក Felix Agustin Dalmas ដែលជា​គ្រូបង្វឹក​បាន​ប្រមូលផ្តុំ​កីឡាករ​មួយ​រយៈ​មក​ហើយ​ព្រមទាំង​ជម្រុះ​បាន​១​លើក​ហើយ​គឺ​ពី​៥៤​នាក់​សល់​២៧​នាក់ ខណៈ​ការ​ជម្រុះ​ចុងក្រោយ​នឹង​បន្សល់ទុក​តែ​២៣​នាក់​ប៉ុណ្ណោះ​។ ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។

​តាមពិតទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវបាន AFF សហការ​គ្នា​បង្កើត​ឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មក​ម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែលថា ​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23) ផងដែរ៕