ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខេត្ត​កំពង់ចាម​ រន្ធត់ចិត្តយ៉ាងខ្លាំង ខណៈលោក​ដឹកនាំ​កម្លាំង​ស្វែងរក​ក្មេងស្រី​បាត់​ខ្លួន​ បែរ​ជា​រក​ឃើញ​ជា​សព​ទៅវិញ

ភ្នំ​ពេ​ញ ៖ លោក​គួច ចំរើន ​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា ​កាលពី​ថ្ងៃទី​១១ ​ខែ​កុ​ម្ភៈ ​លោក​មាន​ក្តី​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង ខ​ណៈ​ពេល​ដែល​លោក​កំពុង​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​រុករក​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ ដែល​ក្រុម​គ្រួសារ​ប្រកាស​ស្វែងរក​បាត់​ខ្លួន​តែ​ពេល​រក​ឃើញ​ គឺ​ក្មេងស្រី​ក្លាយទៅជា​សាកសព​ទៅវិញ​។

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​បន្ត​ថា ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ចំរើន សុខ​ជា អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កៀន​ជ្រៃ ​ក្នុង​ឃុំ​កៀន​ជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ត្រូវ​ជីតា​ឈ្មោះ​ស្រ៊ា​ន ចំរើន ​ប្រកាស​ស្វែងរក​ចៅស្រី​ខាងលើ​បាន​បាត់​ខ្លួន ​កាលពី​រសៀល​ម៉ោង​៤​ថ្ងៃទី១០​ ខែ​កុ​ម្ភៈ ​ខ​ណៈ​ដែល​ចៅស្រី​រត់​លេង​មុខផ្ទះ​។ ពេល​ទទួលដំណឹង​ស្តីពី​ការបាត់​ខ្លួន​នេះ​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​បែងចែក​កម្លាំង​ចុះ​ស្វែងរក​ជាបន្ទាន់​ ព្រោះ​ក្មេង​នៅ​តូច​មិនអាច​រត់​លេង​ឆ្ងាយ​ពី​ផ្ទះ​ហើយ​ម្យ៉ាងទៀត​ខ្លាចក្រែង​មាន​ជន​មិន​ស្គាល់​មុខ​ចាប់​យកទៅ​។ ​រហូតមកដល់​ព្រឹក​ថ្ងៃទី​១១​ខែ​ឆ្នាំ​ដដែល​ លោក​គួច ចំរើន​ក៏​នៅតែ​បន្ត​ដឹកនាំ​កម្លាំង​រុករក​ ប៉ុន្តែ​ជា​អកុសល​ពេល​ដែល​រកឃើញ​ហើយ ​បែរ​ក្លាយទៅជា​សព​អណ្តែត​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ជីតា​ទៅវិញ​។

លោក​គួច ចំរើន បាន​បញ្ជាក់​ថា ​លោក​មាន​ក្តី​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ពេល​ឃើញ​គេ​ស្រង់​សព​ក្មេងស្រី​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ចេញពី​ស្រះ​ទឹក​។ ​ក្នុង​ឱកាស​នោះ​ លោក​អភិបាលខេត្ត​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​អស់​ពេល​កន្លះ​ថ្ងៃ ​និង​បាន​ចូល​បច្ច័យ​បុណ្យសព​ក្មេងស្រី​នៅ​ចំណុច​រក​ឃើញ​សព​។ លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​ឪពុកម្តាយ​ក្មេង​តូចៗ​សូមមេត្តា​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ក្មេងៗ​កុំ​ឲ្យ​ចុះ​លេង​ទឹក​ និង​រត់​លេង​តាម​ដងផ្លូវ ​ព្រោះ​ងាយ​និង​គ្រោះថ្នាក់​ដូច​ករណី​ក្មេងស្រី​ខាងលើ​។

ចំពោះ​គ្រួសារ​សព​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់សៀម​ សូម​សំដែង​នូវ​ការដឹងគុណ​ដល់​លោក​គួច ចំរើន អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កំពង់ចាម​ ដែល​បាន​ចំណាយ​ពេលវេលា​មមាញឹក​ចុះ​ជួយ​ស្វែងរក​កូនចៅ​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ខ្លួន​ទាំង​ថ្ងៃ​និង​យប់​។ ​បើ​ទោះ​ជា​រក​ឃើញ​ហើយ​ក្លាយទៅជា​សាកសព​គ្រាន់​ជាង​បាត់​ដំណឹង​សូន្យឈឹង​ហើយ​ពុំ​មាន​អ្នក​ខ្វល់ខ្វាយ​ជួយ​រក​នោះ​៕