ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ម្នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​នាក់​ ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​ដាំ​មៀន​ប៉ៃលិន ​ឬ​គេ​ហៅ​តាង៉ែន

ប៉ៃលិន​៖ លោក នុត សឿន អាយុ​៥២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​មាន​ចម្ការ​តា​ង៉ែ​ន នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ពី​វិធី សាស្ត្រ​មួយចំនួន ក្នុង​ថែទាំ​ដំណាំ​មៀន​ប៉ៃលិន។

លោក​លើក​ឡើង​ថា ​៖ លោក​មាន​ដីចម្ការ​ជាង​៣០​ហិកតា សម្រាប់​ដំណាំ​មៀន​ប៉ៃលិន និង​ជាច្រើន​ហិកតា​ទៀត​សម្រាប់​ដំណាំ​ស្វាយ និង​ដំណាំ​ធូរេន ដោយ​លោក​បាន​ធ្វើ​លើ​ដំណាំ​ទាំងនេះ​រយៈពេល​១៥​ឆ្នាំ​មកហើយ។ មៀន​ប៉ៃលិន ឬ​គេ​ហៅ​តា​ង៉ែ​ន ប្រសិនជា​យើង​ថែទាំ​វា​បានល្អ ដាក់​ទឹក​គ្រប់គ្រាន់ នោះ ក្រុម​ឈ្មួញ​ពួកគេ​មិន​ទម្លាក់​តម្លៃ​នោះ​ឡើយ ហើយ​ដំណាំ​ប្រភេទ​នេះ វា​ក៏​មាន​បញ្ហា​ប្រឈម​ខ្លាំង បើ​យើង​មើល​វា​មិន​ដិតដល់។ លោក​បាន​បន្ត​ថា​ ៖​ ដំណាំ​មៀន​ប៉ៃលិន​នេះ មាន​បញ្ហា​ប្រឈម​ខ្លាំង នៅ​ពេល​ដែល​យើង​ធ្វើ​រដូវ​ឲ្យ​វា​ចេញ​ផ្កា ហើយ​មាន​ភ្លៀង​ខ្លាំង ព្រោះ​កាលណា​ភ្លៀង​ខ្លាំង យើង​បញ្ជា​វា​អត់​ចេញ​ល្អ ដូច​អត់​សូវ​ភ្លៀង​នោះ​ទេ ម្យ៉ាងវិញទៀត នៅពេល​តា​ង៉ែ​ន វា​ចេញ​ផ្កា​ល្អ វា​ក៏​អាច​ប្រឈម​នឹង​ទឹក​ទៀត ​អញ្ចឹង​យើង​ត្រូវការ​ទឹក​មុនពេល​ជិត​បេះ ពីមួយ​ខែ ឬ​មួយខែ​កន្លះ គឺ​យើង​ត្រូវការ​ដាក់​ទឹក​រាល់ថ្ងៃ រយៈ​កន្លះ​ម៉ោង​តែម្តង បើ​ដាក់​ទឹក​មិន​គ្រប់គ្រាន់​ទេ គឺ​ផ្លែ​មិនល្អ ហើយ​មិន​គ្រប់​គឺ​ឡូ​ទៀត​ផង។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​៖​ ចំពោះ​ការ​តែង​(​តែង​ផ្លែ​)​គឺ​យើង​តែង​វា​ឲ្យ​សល់​តែ​៤០​គ្រាប់​ប៉ុណ្ណោះ ប្រសិនជា​មិនមាន​ការ​តែង​ផ្លែ​ទេ គឺ​វា​មិនមាន​ទម្ងន់​នោះទេ។ ​ចំពោះ​ការ​ថែទាំ​រហូត​បានទទួល​ផល គឺ​យើង​ប្រើពេល​០៦​ខែ​១០​ថ្ងៃ ឬ​០៦​ខែ​កន្លះ ប៉ុន្តែ​បើ​ថែ​មិន​ដិតដល់​ទេ​ អាច​ចូលដល់​៧​ខែ​។ ​លោក​បាន​បញ្ជាក់ថា​ ៖ ​ចំពោះ​លោក​ពាក់ព័ន្ធ​នឹង​តម្លៃ​គឺ​មិនដែល​មានការ​ធ្លាក់​ថ្លៃ​ដូច​គេ​ទេ ថោក​បំផុត​គឺ​២៥០០​រៀល​ដែរ ប៉ុន្តែ​ឆ្នាំនេះ​លោក​លក់​ឲ្យ​ក្រុម​ឈ្មួញ​មកពី​ប្រទេស​ថៃ បាន​តម្លៃ​៣០​បាត ស្មើ​​លុយ​ខ្មែរ​៣៥០០​រៀល ខុសពី​រាល់​ឆ្នាំ​បាន​៤០០០​រៀល ទៅ​៥០០០​រៀល​ផងដែរ ដោយ​លោក​មិន​លក់​ធូរ​ថ្លៃ​ដូច​គេ​នោះទេ ព្រោះ​លោក​ធ្វើ​លើ​ដំណាំ​តា​ង៉ែ​ន​នេះ​គ្រប់​ស្តង់ដារ​តែម្តង។

លោក​បាន​បន្ត​ថា​ ៖ ប្រជាកសិករ​ភាគច្រើន ដែល​ពួកគាត់​និយាយ​ថា ​ធ្លាក់​ថ្លៃ​នេះ​គឺ​ពួកគាត់​បញ្ជា​ចំ​ខែ​១១​ឬ​ខែ​១២ ដែល​ខែ​ទាំងនេះ តា​ង៉ែ​ន​ឬ​មៀន​ប៉ៃលិន មិន​មាន​ទឹក​គ្រប់គ្រាន់ មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ស្រប​ពេលដែល​ដំណាំ​ប្រភេទ​នេះ នៅ​ស្រុក​ថៃ​វា​សម្បូរ​ដែរ អញ្ចឹង​វា​អាច​ចុះថោក។ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា ​៖​ មុខរបរ​មួយ​នេះ លោក​មិនសូវ​ជា​ចេះ​ប៉ុន្មាន​ទេ គឺ​ចេះ​តៗ​គ្នា ប៉ុន្តែ​បើ​បងប្អូន​ចង​ជ្រាប់​ច្បាស់​អាច​ទំនាក់ទំនង​លោក​បាន តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៩៩៩៩៦៦ ផងដែរ៕

​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114