ស្ទឹងត្រែង ៖ អាជ្ញាធរខេត្តស្ទឹងត្រែង សហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិពង្រឹងកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនៅស្រុកសៀមប៉ាង បំផុសប្រជាពលរដ្ឋដាំដុះឲ្យបានច្រើន ហើយងាកទៅរួមគ្នាអភិរក្សសត្វស្លាបឲ្យនៅគង់វង្ស ដើម្បីឈានទៅបង្កើតតំបន់អេកូទេសចរណ៍សត្វស្លាបថ្មីមួយបន្ថែមទៀត។
លោកដួង ពៅ អភិបាលរងខេត្តបានប្រសាសន៍ថា ៖ ធនធានធម្មជាតិទាំងសត្វព្រៃ និងធនធានជីវចម្រុះក្នុងទឹកលើគោក សុទ្ធសឹងតែផ្តល់ផលប្រយោជន៍ដល់ការរស់នៅសម្រាប់ជីវិតមនុស្ស និងសត្វ ដូចនេះយើងមានអង្គការដៃគូបង្កើតឲ្យមានទិវាស្រូវសង្គ្រោះសត្វព្រៃនេះ យើងត្រូវប្រឹងប្រែងចូលរួមអនុវត្តឲ្យបានទាំងអស់គ្នា។
លោកអភិបាលរងបញ្ជាក់ថា ៖ ការចូលរួមនេះ ជាយន្តការថ្មីមួយទៀតដែលអ្នកពាក់ព័ន្ធទាំងអស់អភិរក្សាបាននូវធនធានធម្មជាតិផង និងជួយស្តារជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើនផង។ គោលដៅរបស់យើងទៅថ្ងៃមុខ យើងនឹងពង្រីកសក្តានុពលនៃដំណើរការដាំស្រូវត្រយង ជំនួសឲ្យការធ្វើសកម្មភាពកាប់បាញ់សត្វឬក៏កាប់បំផ្លាញធនធានធម្មជាតិរបស់យើង គឺយើងកាត់បន្ថយតាមរយៈការធ្វើស្រែ ធ្វើស្រូវបានផលកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ និងរួមចំណែកធ្វើឲ្យជីវភាពរបស់យើងកើនឡើង ធនធានធម្មជាតិនៅគង់វង្សអាស្រ័យផលបានរហូតរក្សាបាននូវគម្របព្រៃ រក្សាបាននូវជីវិតសត្វស្លាប រក្សាបាននូវធនធានធម្មជាតិរបស់យើងឲ្យមាននិរន្តរភាព។
លោកទីស្រ៊ុន ប្រធានប្រចាំតំបន់សៀមប៉ាងនៃអង្គការជីវិតសត្វស្លាបអន្តរជាតិបានបញ្ជាក់ថា ៖ នេះជាលើកទី២ហើយបន្ទាប់ នៅឆ្នាំ២០១៧ យើងបានផ្សព្វផ្សាយ និងផ្តល់ពូជស្រូវត្រយងនេះជូនប្រជាពលរដ្ឋនៅតំបន់អភិរក្សធ្វើការបង្កបង្កើនផល តែពួកគាត់នៅរារែករឿងទីផ្សារលក់ដូរ។
លោកថា លើកនេះខាងអង្គការដៃគូ បានរៀបចំគម្រោងត្រឹមត្រូវ ហើយនឹងត្រៀមលក្ខណៈប្រមូលទិញក្នុងតម្លៃថេរ១២០០រៀល ជូនប្រជាពលរដ្ឋដែលផលិតស្រូវត្រយងនេះ ទោះនៅក្នុងរដូវណាក៏ដោយ យើងមានដៃគូរបស់យើង ដែលគាត់ធានាទទួលទិញទៅលក់នៅទីក្រុងភ្នំពេញ ក៏ដូចជាលក់ទៅសហគមន៍អឺរ៉ុប ជាពិសេសគឺនៅប្រទេសអាល្លឺម៉ង់ដូច្នេះអ្វីដែលសំខាន់គឺយើងអត់បារម្ភរឿងទីផ្សារទេ យើងបារម្ភថាប្រជាជនយើងគាត់ផលិតស្រូវអត់បានគ្រប់គ្រាន់ទៅឲ្យទីផ្សារទៅវិញទេ។
លោកស្រីព្រះសៃ កសិករនៅភូមិខិះស្វាយ ឃុំព្រែកមាសបានសាទរចំពោះការជួយគិតគូរផ្នែក
លក់ដូរនេះ ព្រោះកន្លងមកមានឈ្មួញចូលមកទិញចេះតែធ្វើការបង្អាប់ថ្លៃធ្វើឲ្យកសិករបន្ថយការដាំដុះស្រូវនេះ។
លោកស្រីអះអាងថា ៖ នៅឆ្នាំខាងមុខនេះ នឹងនាំគ្នាប្រឹងប្រែងធ្វើឲ្យអស់លទ្ធភាពដើម្បីជីវភាពខ្លួនឯងផង និងដើម្បីចូលរួមធ្វើឲ្យគម្រោងកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃទទួលជោគជ័យ។
លោកអេងភិរុងប្រធានមន្ទីរបរិស្ថានខេត្តបានគាំទ្រចំពោះការភ្ញាក់រលឹករបស់បងប្អូនប្រជាពលរដ្ឋដែលបានប្តេជ្ញាចូលរួមជាមួយគម្រោងរបស់យើងព្រោះវាទទួលបានប្រយោជន៍ទាំងអស់គ្នាធនធនធម្មជាតិសត្វព្រៃគ្រប់យ៉ាងនៅតំបន់អភិរក្ស ក៏ថែរក្សាបាន បងប្អូនកសិករ ក៏មានជីវភាពរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ៖ ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយង) នៅឆ្នាំ២០១៨កសិករនៅភូមិខិះស្វាយចំនួនជិត១០០គ្រួសារ បង្កបង្កើនផលបានផលល្អ ហើយនៅឆ្នាំ២០១៩គម្រោងនឹងពង្រីកទៅភូមិចំនួន៣ផ្សេងទៀតទោះបីកសិករមិនស្ថិតនៅជិតតំបន់អភិរក្សសត្វព្រៃក៏ដោយ៕