ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សង្គមកិច្ច​ ចុះ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី​ទិវា​នៃ​ក្តី​ស្រលាញ់​ដល់​សិស្សានុសិស្ស​ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម​និង​តម្លៃ​ស្ត្រី​ខ្មែរ

ភ្នំពេញ ​៖ ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន ​និង​យុវនីតិសម្បទា​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​ទិវា​នៃ​ក្តី​ស្រលាញ់​ដល់​សិស្សានុសិស្ស​ដើម្បី​លើកកម្ពស់​សីល​ធម៌​សង្គម​និង​តម្លៃ​ស្ត្រី​ខ្មែរ​ឲ្យ​កាន់តែ​ផូរផង់​ថែមទៀត​។​

ថ្លែង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ការអប់រំ​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​ផ្សារភ្ជាប់​នឹង​ទិវា​នៃ​ក្តី​ស្រ​លាញ់​កាលពី​ព្រឹក​ថ្ងៃទី​១២​កម្ភៈ​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​, ​ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​ឲ្យ​ដឹងថា ​កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​សិស្ស យុវវ័យ សាធារណជន​បាន​យល់ដឹង​និង​ផ្សព្វផ្សាយ​ពីថ្ងៃ​នៃ​ក្តី​ស្រលាញ់ ​ព្រោះ​កន្លងមក​មាន​យុវជន​ខ្លះ​បាន​យក​ទិវា​នេះ​ទៅ​ប្រព្រឹត្តិ​និង​អនុវត្ត​នូវ​ការ​ឆ្គាំឆ្គង​ប្រាសចាក​ទៅនឹង​ប្រពៃណី​សីលធម៌​សង្គម​របស់​យើង​។​

លោក​បាន​បន្តថា ​«​ក្តី​ស្រលាញ់​នេះ​មិនមែន​តែ​សម្រាប់​តែ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នោះទេ​គឺមាន​រាល់ថ្ងៃ​គ្រាន់តែ​ថា​ចង់​ឲ្យ​យក​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​បង្វែរ​ទៅជា​ការ​គោរព​ស្រលាញ់​ឪពុកម្តាយ​ដើម្បី​ផ្សារភ្ជាប់​ការរស់នៅ​ដ៏​ល្អជា​មួ យ​គ្នា​នឹង​មាន​សុភមង្គល​ពិសេស​គឺមាន​ការ​ជិតស្និទ្ធ​រវាង​គ្នា​និង​គ្នា​»​។​

លោក ឈួ​រ សុ​បញ្ញា បាន​បន្ថែមទៀតថា​ ក្រសួង​បានបង្ហាញ​ដល់​សិស្សានុសិស្ស​អំពី​អត្ថន័យ​នៃ​ទិវា​ក្តី​ស្រលាញ់​ផ្សាភ្ជាប់​ទៅនឹង​បញ្ហា​សីលធម៌​សង្គម ការរៀបចំ​ខ្លួន​ឲ្យ​ក្លាយជា​សិស្ស​ល្អ​និង​ការបង្ហាញ​ឲ្យ​សិស្ស​ចេះដឹង​គុណ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្តិ​ប្រាសចាក​ទៅនឹង​ប្រពៃណី​និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​។​

លោក ង៉ែត ចាន់ សុខ ប្រធាន​ការិយាល័យ​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​កម្មវិធី​នេះ​ព្រោះថា​ជួយ​ឲ្យ​យុវជន​កម្ពុជា​ក្លាយទៅជា​ពលរដ្ឋ​ដ៏​ល្អ​នៅក្នុង​សង្គម​និង​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។​

លោក​បាន​បន្តថា​ «ការផ្សព្វផ្សាយ​ថ្ងៃនេះ​ជាការ​ដាស់សតិ​សា្មរតី​ដល់​កុមារ​និង​យុវជន​កុំ​ឲ្យ​យល់​ច្រឡំ​ថា​ ថ្ងៃ​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សារ ​និង​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​តែ​សង្សារ​របស់គាត់​និង​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ទៅវិញ​តាមពិត​ក្តី​ស្រលាញ់​មាន​តាំងពី​យើង​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​រហូតដល់​ថ្ងៃ​ដែល​បាន​លាចាក​លោក​នេះ​ទៅជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​គឺមាន​ក្តី​ស្រលាញ់​យូរណាស់​មកហើយៗ​ក្តី​ស្រលាញ់​មិនមែន​មានតែ​ថ្ងៃ​១៤​កុម្ភៈ​នេះ​ទេ​គឺមាន​៣៦៥​ថ្ងៃ​ក្នុង​១​ឆ្នាំ​និង​ពេញ​មួយ​ជីវិត​»​។​

លោក​បាន​បន្ថែម​ថា ​ដូចជា​ការ​ផ្សព្វផ្សាយ​នេះ​ បាន​ជួយ​ឲ្យ​សិស្សានុសិស្ស​ទទួល​បាន​នូវ​ចំណេះដឹង​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដើម្បី​ឲ្យ​សិស្ស​ចេះ​ដឹងគុណ​លោកគ្រូ​អ្នកគ្រូ​ចេះ​គោរព​ស្រលាញ់​មាតាបិតា​អាណា​ព្យាបាល​ចាស់ទុំ​ព្រឹទ្ធាចារ្យ​។​

ចំណែក​លោកមា​ស​ឆ​ពណ្ណ នាយក​សាលាបឋមសិក្សា​ព្រះ​នរោត្តម​បាន​មានប្រសាសន៍ថា​ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​បន្ថែមទៀត​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រលាញ់​ដើម្បី​ជៀសវាង​នូវ​ការប្រព្រឹត្តិ​នូវ​អំពើ​មិនល្អ​នៅក្នុង​សង្គម ។​

លោកនាយក​បាន​បន្តថា ​«​ដូច្នេះ​ថ្ងៃនេះ​សាលា​យើង​មាន​កិត្តិយស​ណាស់​ដែល​ក្រសួង​សង្គមកិច្ច​បាន​ជ្រើស​រើស​សាលា​សម្រាប់​ផ្សព្វផ្សាយ​ហើយ​ការផ្សព្វផ្សាយ​នេះ​ នឹង​ជួយ​បណ្ដុះ​ទំពាំង​ឡើង​ហើយ​បើ​ទំពាំង​យើង​ល្អ ឫស្សី​យើង​ក៏​ទទួលបាន​ផល​ល្អប្រសើរ​ដែរ​អីចឹង​ប្រសិន​ណា​ក្មេងៗ​តូចៗ​យល់ថា​ក្តី​ស្រលាញ់​មិនមែន​មានតែ​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​មួយ​ទេ​ យើង​អាច​ធ្វើបាន​គ្រប់ពេលវេលា​គ្រប់​មនុស្ស​ដែល​នៅ​ជុំវិញ​យើង​អីចឹង​កាលណា​ក្មេង​បាន​យល់​បែប​ហ្នឹង​ទៅ​ថ្ងៃ​១៤​កម្មវចៈ​ទៅ​អនាគត​នឹង​លែង​ជា​ថ្ងៃ​ធ្វើអំពើ​មិនល្អ​អាច​ក្លាយ​ជា​ថ្ងៃ​ធ្វើអំពើ​ល្អ​គ្រប់​បែបយ៉ាង​ពិសេស​អ្នកមានគុណ​យើង​ចំពោះ​ចាស់ព្រឹទ្ធាចារ្យ​លាក់​ខ្ញុំ​គិត​ថា​ មាន​សារសំខាន់​សម្រាប់​សាលារៀន​»​។​

លោក ឈាង បាក់ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​មានប្រសាសន៍ថា​ ក្រសួង​នឹង​ពង្រីក​ការ​ផ្សព្វផ្សាយ​កម្មវិធី​នេះ ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​កុំ​ឲ្យ​សិស្ស​និង​យុវជន​បាន​យល់ដឹង ពី​អត្ថន័យ​នៃ​ទិវា​ក្តី​ស្រលាញ់​នេះ​លែង​ប្រព្រឹត្តិ​អំពើ​ដែល​អ្វី​ដែល​មិនល្អ​នៅក្នុង​សង្គម​ជា​បន្តទៀត​៕

គួរ​បញ្ជាក់ថា ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​នីតិសម្បទា​បាន​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី​ការអប់រំ​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ​ផ្សារភ្ជាប់​នឹង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​ឡើង​កាលពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ​ហើយ​ជា​រៀងរាល់ឆ្នាំ​តែងតែ​រៀបចំ​នៅ​ថ្នាក់បឋមសិក្សា​និង​វិទ្យាល័យ​ហើយ​ដោយ​ឡែក​ឆ្នាំនេះ​ក្រសួង​ធ្វើ​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​និង​វិទ្យាល័យ​ចំនួន​៣​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​៕​

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114