ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ដង្កោ​ ចុះ​វាស់វែង​កំណត់​ចំណី​ផ្លូវ​សាធារណៈ ​ចៀសវាង​ការ​រំលោភបំពាន

ភ្នំពេញ​ ៖ ​បើទោះបី​រដ្ឋបាល​ខណ្ឌដង្កោ ចេញ​សេចក្តីជូនដំណឹង ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ស្តីពី​ការតម្រូវ​ឲ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប និង​សម្ភារៈ​ដាក់តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ ចំនួន ២​លើក រួចហើយ​ក្តី ក៏​គេ​សង្កេតឃើញថា ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម មួយចំនួន បានធ្វើ​ការរុះរើ និង​រៀបចំ​ដាក់​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប និង​សម្ភារៈ ដោយ​ខ្លួនឯង ប៉ុន្តែ​ក៏នៅ​ឃើញ​មាន​ម្ចាស់ អាជីវកម្ម មួយចំនួនទៀត ពុំទាន់​បាន​អនុវត្ត​អោយ​បាន​ល្អប្រសើរ​នៅឡើយ​នោះដែរ។​

ដើម្បី​ចាត់វិធានការ​នេះ អោយបាន​តឹងរឹង អាជ្ញាធរ​ខណ្ឌដង្កោ រយៈពេល​ពី​ពេល ២​ថ្ងៃនេះ គឺ​ថ្ងៃទី​១១ .១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ កំពុង​ញាប់​ចុះ​ធ្វើការ​វាស់វែង កំណត់​ទីតាំង​អោយបាន​ជាក់លាក់​អោយ​អាជីវករ ដាក់តាំង​ទំនិញ ឬ ផ្ទាំង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប អោយបាន​ត្រឹមត្រូវ ចៀសវាង​ការ​រំលោភបំពាន​នៅលើ​ចំណីផ្លូវ​សា​ធា​រណៈ។

មន្ត្រី​សាលាខណ្ឌ​ដង្កោ​ប្រាប់​អោយដឹងថា ការចុះវាស់វែង​ចំណីផ្លូវ​សាធារណៈ សម្រាប់ ២​ថ្ងៃនេះ គឺ​បានតែ​មួយចំណែក ដូច្នេះ​សកម្មភាព​នេះ នៅតែ​បន្ត​រហូត​អស់ ហើយ​ប្រសិនបើ​វាស់វែង​រួចរាល់​ហើយ បងប្អូន​ប្រជាពលរដ្ឋ មិន​ចូលរួម​អនុវត្ត អាជ្ញាធរ​នឹង​ចាប់ផ្តើម​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ បាត់បង់​សម្ភារៈ​អ្វី​ឡើយ។

សូមបញ្ជាក់​អោយដឹងថា យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌដង្កោ ចេញ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ដែល ទទួលបាន​ឲ្យ​ដឹងថា ក្រោយពី​បានធ្វើ​ការប្រជុំ​ណែនាំ​ដល់ អស់លោក លោកស្រី ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម និង​ចេញ​លិខិត​ជូនដំណឹង ចំនួន ២​លើក របស់​រដ្ឋបាល​ខណ្ឌដង្កោ ស្តីពី​ការតម្រូវ​ឲ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប និង​សម្ភារៈ​ដាក់តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ រួចមក ម្ចាស់​មូលដ្ឋាន អាជីវកម្ម សេវាកម្ម មួយចំនួន បានធ្វើ​ការរុះរើ និង​រៀបចំ​ដាក់​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប និង​សម្ភារៈ​របស់ខ្លួន​បានល្អ​ប្រសើរ តាម​ការណែនាំ ប៉ុន្តែ​ទន្ទឹង​និង​នេះ ក៏​នៅមាន​ម្ចាស់ អាជីវកម្ម សេវាកម្ម មួយចំនួនទៀត ពុំទាន់​បាន​អនុវត្ត​នៅឡើយ​នោះទេ ។​

ដូច្នេះ ប្រសិនបើ​ម្ចាស់ អាជីវកម្ម សេវាកម្ម មួយណា​ដែល​រឹងទទឹង ពុំទាន់​បាន​អនុវត្តតាម​ការ​ណែនាំ​នេះ​ទេ រដ្ឋបាល​ខណ្ឌដង្កោ នឹង​ចុះ​ចាត់វិធានការ​រដ្ឋបាល​រុះរើ​ផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ស្លាក​យីហោ សំ​យាប និង​សម្ភារៈ ដាក់តាំង​អនាធិបតេយ្យ និង​រំលោភ​ចំណីផ្លូវ​សាធារណៈ ដោយ​អនុវត្ត​ចាប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ បាត់បង់​សម្ភារៈ​អ្វី​ឡើយ ។

ក្នុងករណី​រឹងរូស រដ្ឋបាល​ខណ្ឌដង្កោ នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី ។​

យោងតាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ខណ្ឌដង្កោ សង្ឃឹមថា អស់លោក លោកស្រី ជា​ម្ចាស់​អាជីវកម្ម និង​សេវាកម្ម​ទាំងអស់ នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

ផ្លូវ​ដែល​ត្រូវ​អាជ្ញាធរ​ខណ្ឌដង្កោ នឹង​ចុះ​អនុវត្ត​វិធានការ​ក្តៅ ចាប់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​នេះ គឺ​ផ្លូវ​លេខ​២១៧ ( ហៅ ផ្លូវ ចំការ​ដូង ) ផ្លូវ​លេខ​៣៧១ និង​ផ្លូវ​ព្រៃ​ស ពីព្រោះថា ផ្លូវ​ទាំង ៣ ខ្សែ នេះ មានការ​រំលោភបំពាន​ខ្លាំងជាងគេ រួចហើយ​នឹង​បន្ត​វិធានការ​តាម​បណ្តា​ផ្លូវ​ផ្សេងៗ​ទៀត​ទូទាំង​មូលដ្ឋាន​ខណ្ឌដង្កោ៕

​    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114