ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំង​ណា​គម្រប​នឹង​មែន ពីរនាក់​ប្តី​ប្រពន្ធ រួម​ដៃ​គ្នា លក់​ថ្នាំញៀន​ទ្រង់ទ្រាយ​ធំ ​ជិត​១៦គីឡូក្រាម ​ដែល​មិន​ធ្លាប់​មាននៅ​បាត់ដំបង ​

​បាត់ដំបង ៖ ថ្នាំញៀន​ចំនួន២ប្រភេទ ដែល​ក្នុងនោះ​មាន​ប្រភេទ​យ៉ាម៉ា​ និង​ប្រភេទ​ម៉ា​ទឹកកក សរុប​ជាង១៦គីឡូក្រាម ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​ សម្រាប់​ប្រភេទ​ថ្នាំញៀន​ទាំងនេះ ដែល​មិន​ធ្លាប់​មាន​ទាល់តែសោះ ​នៅក្នុង​កិច្ចប្រតិបត្តិការ បង្ក្រាប​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​កម្លាំង​ប៉េអិម ក្រសោប​បាន។​

​យោងតាម​ព័ត៌មាន​ នៃ​កិច្ចប្រតិបត្តិការ ដែល​កម្ពុ​ជាថ្មី គឺ​កម្លាំង​ជំនាញ នៃ​បញ្ជាការដ្ឋាន កងរាជ​អាវុធហត្ថ​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២នាក់ ( ប្តី ប្រពន្ធ ) នា​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង៤និង៣០នាទី​ល្ងាច ត្រង់ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​ដំបូង​នេះ កម្លាំង​បានធ្វើ​ការដកហូត​នូវ​រថយន្ត១គ្រឿង​ ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ បាត​ដំបង 2B-4215 រួម​ជាមួយនឹង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៣ កញ្ចប់ មាន​ទម្ងន់៣០៦,៤៦ក្រាម ដែលជា​វត្ថុតាង ដោយ​ជន​ទាំងពីរ​នាក់​នេះ មានឈ្មោះ តាត គិរី ( ប្តី ) អាយុ២៨ឆ្នាំ និង​ប្រពន្ធ​ ឈ្មោះ ឈួន ម៉ា​រី អាយុ២៥ឆ្នាំ ( នារី​បម្រើ​ខារ៉ាអូខេ ) អ្នក​ទាំង២ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។

​ក្រោយពី​បាន​នាំខ្លួន​យកមក​កាន់​ទី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​រួចមក ជនសង្ស័យ​ទាំង២នាក់ បាន​សារភាព​ទាំងអស់​នូវ​មុខរបរ​ជួញដូរ​ថ្នាំញៀន​នេះ។ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​ចូលរួម​ពី​ លោក​ នួន សាន ព្រះរាជអាជ្ញា សាលាដំបូង ខេត្ត​ផង​នោះ នៅវេលា​ម៉ោង១១​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឈានដល់​ការ​ឆែកឆេរ​លំនៅ​ដ្ឋាន ព្រមទាំង​បាន​ដកហូត​វត្ថុតាង ​គឺ ថ្នាំញៀន សរុប​ទម្ងន់១៥,៨​គីឡូក្រាម ក្នុងនោះ មាន​ប្រភេទ​ថ្នាំញៀន (​ម៉ា​ទឹកកក​) មាន ទម្ងន់ ៩,៧០គីឡូក្រាម និង​ថ្នាំ​គ្រាប់ ប្រភេទ ( យ៉ាម៉ា ) ទម្ងន់​៦,១០ គីឡូ​ក្រាម​ ស្មើនឹង ២៦៩ កញ្ចប់ និង​មាន​ចំនួន ៥៣.៨០០គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន២​គ្រឿង សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ព្រមទាំង​ប្រាក់​រៀល និង ប្រាក់​បាត​មួយចំនួនធំ​ផងដែរ ដែល​នេះ​គឺជា​កិច្ចប្រតិបត្តិការ​ក្នុងការ​បង្ក្រាបបាន​ថ្នាំញៀន​មិន​ធ្លាប់មាន​ទាល់តែសោះ។ ដោយ​បច្ចុប្បន្ន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​បន្ត​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114