ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មាធិការ​បោះឆ្នោត​ថៃ​ធ្វើ​សកម្មភាព​ដើម្បី​រំលាយ​គណបក្ស ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ក្សត្រី

គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ បាន​ស្នើសុំ​តុលាការ​ធម្មនុញ្ញ​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​មួយ​ដែល​ដាក់​ឲ្យ​ម្ចាស់​ក្ស​ត្រី​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​, ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទង្វើ​នេះ​ត្រូវ​ទទួលបាន​ការស្ដីបន្ទោស​ពី​ព្រះមហាក្សត្រ​ដែល​ត្រូវជា​ប្អូនប្រុស។

ប្រទេស​ថៃ​បាន​ជាប់​ក្នុង​បញ្ហានយោបាយ​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​នៅពេលដែល​ព្រះនាម​របស់​ម្ចាស់​ក្ស​ត្រី Ubolratana ត្រូវបាន​ដាក់​ស្នើ​ដោយ​គណបក្ស​ថៃ​រក្សា​ជាតិ​ដែលជា​សម្ព័ន្ធភាព​ជាមួយ​ត្រកូល​ស៊ីណា​វ៉ា​ត្រ​ដ៏​មាន​ឥទ្ធិពល​។​

ការប៉ុនប៉ង​មិន​ធ្លាប់មាន​ពីមុនមក​របស់​ព្រះ​នាង Ubolratana ក្នុងការ​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ត្រូវ​ជួបប្រទះ​នឹង​បញ្ហា​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ព្រះមហាក្សត្រ Maha Vajiralongkorn បាន​បដិសេធ​ការចូលរួម​របស់​ខ្សែ​រាជវង្ស​ក្នុង​ល្បែង​នយោបាយ​ដោយ​ហៅថា “​មិន​សមរម្យ​ទាល់តែសោះ​”​។​

ព្រះ​នាង​ត្រូវបាន​ដកសិទ្ធិ​ជា​បេក្ខជន​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ដែល​ក្រោយមក​បានដាក់​ពាក្យស្នើសុំ​ទៅ​តុលាការ​ធម្មនុញ្ញ​ឲ្យ​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​ដោយសារតែ​ការនាំ​សមាជិកគ្រួសារ​រាជវង្ស​ចូលក្នុង​ឆាកនយោបាយ​។​

គណៈកម្មាធិការ​នេះ​បាន​និយាយថា វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អរិភាព​ចំពោះ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

របប​រាជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​គេ​ចាត់ទុកថា​ជាទី​សក្ការបូជា​និង​គោរព​កោតខ្លាច​ដោយ​ប្រជាជន​របស់ខ្លួន​ហើយ​ស្ថិតនៅក្រោម​ការការពារ​នៃ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។ បន្ទូល​របស់​ស្តេច​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​សម្រេច​ចុងក្រោយ​។​

នៅក្នុង​ការ​បង្ហោះ Instagram កាលពី​ថ្ងៃ​អង្គារ ម្ចាស់​ក្ស​ត្រី​ព្រះជន្ម​៦៧​អង្គ​នេះ​បាន​សុំទោស​ចំពោះ​តួនាទី​របស់ខ្លួន​នៅក្នុង​រឿងនេះ​។​

ព្រះ​នាង​បានសរសេរថា “​ខ្ញុំ​សុំទោស​ដែល​បំណង​ពិតប្រាកដ​របស់ខ្ញុំ​ដើម្បី​ជួយ​ការងារ​ប្រទេស​និង​ប្រជាជន​ថៃ​បាន​បង្កើតជា​បញ្ហា​ដែល​មិនគួរ​កើតឡើង​នៅ​សម័យនេះ​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114