ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភាព​អន្តរជាតិ​ ៖​ ក្លិប Hougang United FC របស់​សឹង្ហ​បុរី ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ណាហ្គា​វើ​ល មុន​បន្ត​ប៉ះ​ភ្នំពេញ​ក្រោ​ន

ក្លិប​បាល់ទាត់ Hougang United FC សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​សឹង្ហ​បុរី (S-League) បានដាក់​ពាក្យស្នើសុំ​ណាត់​ក្រុមបាល់ទាត់​ចំនួន​៣​របស់​សមាជិក​លី​គ​កំពូល​ប្រទេស​កម្ពុជា (Metfone Cambodian League) ធ្វើការ​ប្រកួត​មិត្តភាព​អំឡុង​ពេលដែល​ក្រុម​នេះ​ធ្វើដំណើរ​មក​បោះជុំរុំ​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​។

ក្លិប​Hougang United FC បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​មក​ម្ល៉េះ​ដោយ បាន​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម ស្មើគ្នា​ជាមួយ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ១​ទល់​១ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​នេះ​ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៥និង៣០​នាទី​ល្ងាច​នៅ​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ទី​១៤ ខែមករា នេះ​។ ចុងក្រោយ​ក្រុម​Hougang United FC បន្ត​ជួប​ក្រុម​បឹងកេត នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា ជា​បន្តទៀត​ដែល​ជំនួប​ទាំង ២​លើក​នេះ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន​ដូចគ្នា​។

សូម​រំលឹក​ថា ​ចំពោះ​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា​ដែល​ប្រកួត​នៅ​លើ​ទីលាន​កីឡដ្ឋាន RSN Stadium គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៤០០០​រៀល ដោយ​ថវិកា​បាន​មក​ពី​ការលក់​សំបុត្រ​ទាំងនោះ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នឹង​បរិច្ចាគ​លើ​ការងារ​សង្គម និង សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​។

ចំពោះ​ក្លិប​បាល់ទាត់ Hougang United FC បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ​ដោយ​ប្រើប្រាស់​ទីលាន​កីឡដ្ឋាន Hougang Stadium​។ ក្លិប​នេះ​មាន​ថៅកែ​ឈ្មោះ Bill Ng ហើយ​មាន​គ្រូបង្វឹក​គឺ​លោក Clenment Teo​។ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្លិប​នេះ​បានបញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ដែលជា​ចំណាត់ថ្នាក់​ចុងក្រោយ​គេ បន្ទាប់ពី​ប្រកួត​បាន​២៤​លើក ហើយ​ឈ្នះ​បាន​២​លើក ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​១៦​លើក​មាន​១២​ពិន្ទុ​។ នៅក្នុង​ពានរង្វាន់ Singapore Cup វិញ​ក្រុម​នេះ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​នេះ​អាច​ធ្លាក់​ទៅលេង​ពានរង្វាន់​លំដាប់​ទី​២​របស់​សឹង្ហ​បុរី គឺ​Singapore National Football League​។

​នៅ​ឆ្នាំ​២០១៩ នេះ​មានតែ​ក្លិប​Hougang United FC ដែលជា​ក្លិប​បរទេស​តែ​១​គត់​បានសម្រេច​ជ្រើស​រើសយក​ប្រទេស​កម្ពុជា ធ្វើជា​ទឹកដី​សម្រាប់​បោះជុំរុំ​ហ្វឹកហាត់​ដល់​កូនក្រុម​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់ ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​ធ្លាប់មាន​ក្លិប​មកពី​ប្រទេស​ម៉ាឡេស៊ី បានមក​បោះជុំរុំ​ហ្វឹកហាត់​នៅ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114