ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​មួយ​នៅ​ផ្សា​ទំនើប​អ៊ី​អន​សែន​សុខ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម

ក្លិប​បាល់ទាត់​បឹងកេត សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលជា​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​បានប្រកាស​ថា​ នឹង​រៀបចំ​កម្មវិធី​ស​ន្និសីទ​សារព័ត៌មាន​ផ្លូវការ​មួយ​នៅ​ផ្សា​ទំនើប​អ៊ី​អន​សែន​សុខ ក្នុង​ថ្ងៃ​សុក្រ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ពោលគឺ​ធ្វើឡើង​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ចាប់ផ្តើម​។

លោក បែ មករា អ្នកចាត់ការ​ក្លិប​បាល់ទាត់​បឹងកេត បាន​បង្ហាញ​ពី​របៀបវារៈ​ប្រាប់​សារព័ត៌មាន​ថា «​កម្មវិធី​នឹង​យើង​នឹង​បង្ហាញ​ពី​សមិទ្ធផល​នៅ​ឆ្នាំ​ចាស់​, គោលដៅ​ឆ្នាំ​ថ្មី​, បង្ហាញ​ពី​ឯកសណ្ឋាន និង sponsor ថ្មី​, កីឡាករ​ថ្មី​។ ក្រៅពីនោះ​យើង​មាន​រង្វាន់​សម្រាប់​អ្នកគាំទ្រ​យើង​មួយចំនួន​ដែលមាន​សកម្មភាព​ខ្លាំង ហើយ​នឹងមាន​រង្វាន់​ស​ម្រា​ប់​កីឡាករ​មួយចំនួនទៀត​ដែរ​»​។

សូម​រំលឹក​ថា​ ក្រុម​បឹងកេត កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ Metfone Cambodian League មាន​៤៩​ពិន្ទុ ក្រោយ​ឈ្នះ​បាន​១៥ លើក ហើយ​ស្មើគ្នា​បាន​៤ លើក​និង ចាញ់​៣​ប្រកួត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល​។

ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ ,២០១៤ និង​ឆ្នាំ​២០១៨ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៧​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេងពាន​រង្វាន់​លំដាប់ទី​២​ប្រចាំ​ទ្វីប​អាស៊ី​ AF Cup ផងដែរ​តែធ្លាក់ត្រឹម​វគ្គជម្រុះ​តាម​ពូល​ដូច​គ្នា​៕