ព័ត៍មានទាន់​ហេតុការណ៏
Search

បរាជ័យ​ក្នុង​វគ្គ​ជម្រុះ​ពាន ACL ធ្វើ​ឲ្យ​ក្រុម Yangon United ធ្លាក់​មកលេង​ក្នុង​វគ្គ​ចែក​ពូ​ល​ពាន​AFC Cup ជាមួយ​ក្រុម​ណាហ្គា​វើ​ល

ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ពី​តំបន់​អាស៊ាន​ផ្សេងទៀត សម្រាប់​ការប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី​២​ប្រចាំ​ទ្វីបអាស៊ី គឺ​AFC Cup 2019 ដែល​នឹង​ប្រកួត​នៅ​ឆ្នាំ​២០១៩​នេះ​។

ការចាប់​ឆ្នោត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ឃើញថា​ក្រុម​ណាហ្គា​វើ​ល​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា​ដូចគ្នា​។

​ត្រង់​ន័យ​នេះ​ចង់​បញ្ជាក់​ថា ​ក្រុម Yangon United មានឱកាស​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់ AFC Champion League (ACL) ក្នុង​វគ្គ​ជម្រុះ​បឋម ហើយ​ប្រសិនបើ​ក្រុម​នេះ​ឈ្នះ​រហូត​ដណ្តើមបាន​កៅអី​ទៅ​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​ខាងលើ​នេះនោះ​កៅអី​នៅក្នុង​ពូ​ល F នៃ​ពានរង្វាន់ AFC Cup នឹង​បាន​ទៅ​ក្រុម Zwekapin United ដោយ​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​បើ​ក្រុម Yangon United ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ពាន ACL នោះ​នៅសល់​ឱកាស​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup ជា​បន្តទៀត​។ ជា​លទ្ធផល​ក្នុង​វគ្គ​ជម្រុះ​បឋម ក្រុម Yangon United បានឈ្នះ​លើ​ក្រុម Ceres–Negros របស់​ហ្វីលីពីន ២​ទល់​១ ខណៈ​ចូលដល់​វគ្គ​ជម្រុះ​ជុំ​ទី​២ បាន​ប្រកួត​ចាញ់​ក្រុម​Chiangrai United របស់​ថៃ ៣​ទល់​១ វិញ​។ ដូច្នេះ​ក្រុម Yangon United ត្រូវ​លេង​ក្នុង​ពូ​ល F ពាន AFC Cup តែម្តង​។

តាម​គម្រោង​ការប្រកួត​ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ នេះ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម។

សម្រាប់​ប្រកួត​បើកឆាក​ពូ​ល F នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ក្រុម Hanoi ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៧​យប់ លើ​ទីលាន​កីឡដ្ឋាន​Hàng Đẫy Stadium ក្នុង​ទីក្រុង​ហាណូយ​។ ចំណែក​ក្រុម Yangon United ត្រូវ​ទទួល​ក្រុម Tampines Rovers លើ​ទីលាន​កីឡដ្ឋាន Thuwunna Stadium ក្នុង​ទីក្រុង​រង់​ហ្គូ​ន​។

​សូម​រំលឹក​ថា ​សម្រាប់​ឆ្នាំ ២០១៨​ក្នុង​ពានរង្វាន់ AFC Cup ជើងឯក​បាន​ទៅ​ក្លិប Al-Quwa Al-Jawiya របស់​អ៊ីរ៉ាក់​ក្រោយ​ឈ្នះ​ក្លិប Altyn Asyr របស់​ទួ​រ​មេ​នី​ស្ថាន ក្នុង​លទ្ធផល ២-០ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​កីឡដ្ឋាន​Basra Sports City ក្នុង​ទីក្រុង Basra​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ កាលពី​ចុងខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ​៕