ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង​Tae Woong Kim មុន​រដូវ​កាល​ថ្មី​មកដល់

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​ជនជាតិ​កូរ៉េខាងត្បូង Tae Woong Kim នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣​ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ក្រោយ​រួមរស់​ជាមួយគ្នា​រយៈពេល​ខ្លី​ពោលគឺ​មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់ ក្នុង​ហេតុផល​ផ្ទាល់ខ្លួន​។

កីឡាករ​បរទេស​ទី​៣​ដែល​ធ្វើដំណើរ​មកដល់​កីឡដ្ឋាន RSN Stadium រូបនេះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុម​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​ក្លិប​បាន​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្ទាល់ខ្លួន​ថា​កីឡាករ​កូរ៉េខាងត្បូង រូប​នេះ​បានសម្រេច​ចិត្ត​ចាក​ចេញពី ក្នុង​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន និង​ដោយ​មានការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោ​ន​ជា​ស្ថាពរ​។ យ៉ាងណាក៏ដោយ ឈរលើ​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ភាគី​ក្លឹប និង​សាមីខ្លួន បានសម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​ទាំង​នោះឡើយ​។

កីឡាករ Tae Woong Kim ជា​កីឡាករ​បរទេស​សញ្ជាតិ​កូរ៉េខាងត្បូង មាន​វ័យ​២៣​ឆ្នាំ លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ ធ្លាប់បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន រយៈពេល​១​ឆ្នាំ​។ រូបគេ​ធ្លាប់ជា​សមាជិក​នៃ​ក្រុម Won Kwang Digital University ( ឆ្នាំ​២០១៣-២០១៥ ) ឆ្នាំ​២០១៥​នៅ​ស្រុកកំណើត​មុន​វិវឌ្ឍន៍​ខ្លួន​ចូល​លី​គ​អាជីព ជាមួយ​ក្លឹប Cheon Ahn City Hall FC ឆ្នាំ​២០១៧ ហើយ​បន្ត​ចូលរួម​ជាមួយ Seoul United នៃ​លី​គ​ទី​៣​កូរ៉េខាងត្បូង និង​ឆ្នាំ​២០១៨​កន្លងទៅ បាន​ចេញមក​ប្រកប​អាជីព​ជាមួយ​ក្លិប​Ranong United នៅ​លី​គ​ទី​៣​ថៃ​។

យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ មកទល់ពេលនេះ ភ្នំពេញ​ក្រោ​ន នៅសល់​កីឡាករ​បរទេស​៤​នាក់​គឺ​សុទ្ធតែ​ជនជាតិ​ប្រេ​ស៊ី​ល ក្នុងនោះ​មាន​Paulo Victor, Leonardo Oliveira, Darlan Martins,Jhonatan Sant’anna​។

ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114