ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​គីរីវង់​សុខ​សែន​ជ័យ ដាក់​គោលដៅ​សំខាន់​មួយ​នៅក្នុង​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ

ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ដែលជា​បេក្ខភាព​១​ក្រុម​ក្នុងចំណោម​ក្លិប​បាល់ទាត់​ចំនួន​៣​ក្រុម ត្រូវ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នឹង​ជ្រើសរើស​ជា​បេក្ខភាព​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ ជំនួស​ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ប្រកាស​រំសាយ​ក្រុម​កាលពីពេល​ថ្មីៗ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។

លោក Ekapob Potisai គ្រូ​បង្គោល​គិរីវង់​សុខ​សែន​ជ័យ បានលើកឡើង​ប្រាប់ CNCC ថា​ឆ្លងកាត់​ការហ្វឹកហាត់​ជុំគ្នា​ប្រមាណ​៣​ខែ​មកនេះ ក្រុម​ទាំងមូល​អាច​កែប្រែ​ឲ្យ​កាន់តែ​ល្អ​ទៅមុខ​បាន ហើយ​វា​នឹង​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់​។ លោក​បាន​បន្ត​ថា «គោលដៅ​របស់​យើង​គឺ​ព្យាយាម​ថែរក្សា​ក្រុម​ឲ្យ​បាន​លេង​នៅ​លី​គ​កំពូល​តរៀង​រហូត​ទៅ​។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន ហើយ​យើង​គិតថា យើង​អាច​ធ្វើបាន​។ ជា​មួយ​គ្នា​នេះ​ដែរ ខ្ញុំ​មើលឃើញ​ថា ក្រុម​របស់​យើង​អាច​ស្ថាបនា​កាន់តែ​ល្អ​បាន​ជាមួយគ្នា ហើយ​ប្រសិនបើ​បានធ្វើការ​រួមគ្នា​យូរអង្វែង​ទៀត នឹង​កាន់តែ​ល្អ​ថែមទៀត​»​។

ក្លិប​គីរីវង់​សុខ​សែន​ជ័យ បាន​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន មួយចំនួន​ដោយមាន​ការដឹកនាំ​ពី​សំណាក់​គ្រូបង្វឹក​ថ្មី​គឺ​លោក Ekapob Potisai ដែល​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ថៃ​និង​ជា​អតីត​គ្រូ​បង្គោល​នៃ​ក្លិប Savan United នៃ​លី​គ​កំពូល​ឡាវ​ផង​ដែរ​។ យ៉ាង​ណា​ក្តី​ក្លិប​នេះ​មាន​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ជា​ប្រធាន​ក្លិប​ហើយ​មាន​លោក ឌុ​ក វាសនា ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​។ លោក ផាន់ ចាន់​ផាត ដែល​ជា​គ្រូបង្វឹក​ចាស់​ធ្លាប់បាន​ដឹកនាំ​ជាច្រើន​ឆ្នាំ​មកនេះ​ត្រូវ​បាន​ក្លិប​ប្តូរ​តួរ​នាទី​ទៅជា​គ្រូ​ជំនួយ​វិញ។

ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ធ្លាក់​ទៅ​ចេញពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​ក្រោយ​ឈរ​លេខ​រៀង​ទី​១២ ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១២​នៅ​ឆ្នាំ​នោះ​។ សម្រាប់​នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ចូលរួម​ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​ចាញ់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​លទ្ធផល ២​ទល់​១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ខេត្ត​។ ប៉ុន្តែ​ពេល​ឡើង​ដល់​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​លទ្ធផល​៣​ទល់​២​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​ ចំណែក​ក្រុម​ដែល​ចូល​រួម​ទាំង​១៤​វិញ​នោះ​មាន​ណាហ្គា​វើ​ល​,​បឹងកេត​,​វិសាខា​,​ក្រសួងការពារជាតិ​,​ភ្នំពេញ​ក្រោ​ន​,​អាស៊ី​អឺរ៉ុប​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​,​អង្គ​រថា​យ​ហ្គឺ​រ​ព្រះខ័ន​រាជ​ស្វាយរៀង​,​សូល​ទី​ឡូ​អង្គរ​,​អគ្គីសនី​កម្ពុជា​។ ចំណែក​ក្រុម​លេចមុខ​ថ្មី​៣​ក្រុម​គឺ គីរីវង់​សុខ​សែន​ជ័យ​,​ខេត្តកំពង់ចាម និង U18 សាលា​បាល់ទាត់​ជាតិ​បាទី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114