ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៦៩ ​និង​ទី​៧០​ ដល់​គ្រួសារ​ប្រជាពលរដ្ឋ កំពុង​រស់នៅ​ប្រឈម​នឹង​ជីវភាព​ខ្វះ​ខាត

សៀមរាប ៖ ក្រោម​គោលការណ៍​របស់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ចលនា​បំផុស​មហាជន ជួយ​ដល់​ជនរងគ្រោះ និង ងាយ​រងគ្រោះ ផ្ទះ​មនុស្សធម៌​ទី​៦៩ និង ទី​៧០ ត្រូវ​បាន​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​សៀមរាប ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​ចំនួន​២​គ្រួសារ នៅ​ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្ត​សៀមរាប។

លំនៅដ្ឋាន ទាំង​២​ខ្នង​នេះ ​មាន​ទំហំ ៥​ម៉ែត្រ​x៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី​ភ្លី​ធំ ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ កម្ពស់​១,៨​ម៉ែត្រ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមការងារ​លោកជំទាវ​បណ្ឌិត​អនុប្រធាន​គណៈកម្មាធិការ​សាខា​។​

ផ្ទះ​មនុស្សធម៌​ចំនួន​២​ខ្នង ( ផ្ទះ​មនុស្សធម៌ ទី​៦៩ និង ទី​៧០ ) ត្រូវបាន​លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​សៀមរាប និង សហការី ប្រគល់​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ជីវភាព​ខ្វះខាត ចំនួន​ពីរ​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ក្នុងផ្ទះ​មនុស្សធម៌​ទី ៦៩ ប្រគល់ជូន គ្រួសារ​លោក សាន់ ឆើត អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ ឈ្មោះ ហេង មុំ មានកូន​២​នាក់ នៅ​ភូមិ​ត្រី​ញ័រ ឃុំ​ត្រី​ញ័រ ស្រុក​ពួក មុខរបរ​បច្ចុប្បន្ន ធ្វើជា​កម្មករ (​ទីទ័លក្រ និង​មាន​ជំងឺ​ប្រចាំកាយ​) និង ផ្ទះ​មនុស្សធម៌​ទី​៧០ ប្រគល់​ជូន​គ្រួសារ​បងស្រី ស៊ុយ សួរ អាយុ​៤៨​ឆ្នាំ ជា​ស្ត្រី មេម៉ាយ មានកូន​៤​នាក់ នៅ​ភូមិ​ឈូក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្ត​សៀមរាប មុខរបរ​បច្ចុប្បន្ន ធ្វើស្រែ និង​ដើរ​ស៊ី ឈ្នួល​គេ។

ជាមួយនឹង​ការប្រគល់​ជូន​ផ្ទះ​មនុស្សធម៌​នោះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម ប៊ុន​សុង បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​នោះឡើយ។

លោកជំទាវ​បណ្ឌិត បញ្ជាក់​ឲ្យ​ដឹងថា ផ្ទះ​មនុស្សធម៌​ទី​៦៩ និង ទី​៧០ គឺជា​អំណោយ​សប្បុរសធម៌​រប​ស់ ក្រុមការងារ​លោកជំទាវ​បណ្ឌិត​អនុប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប។

លោកជំទាវ​បណ្ឌិត គូសបញ្ជាក់ថា គោលនយោបាយ​របស់​រា​ជរដ្ឋាភិបាល ក៏ដូចជា គោលដៅ ​នៃ​បេសកកម្ម​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា គឺ​មិនអាច​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ រស់​នៅ​ក្នុង​សភាព​ឯកោ​បាន​នោះទេ ដោយ​ការធ្វើ​មិនដឹង មិនឮ នោះ​ឡើយ ពិសេស គឺ​ប្រជាពលរដ្ឋ​រង​គ្រោះ និង ងាយ​រងគ្រោះ ដូចដែល​ប្រធានបទ​បានលើកឡើង​ថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​”។ ក្នុងនោះ លោកជំទាវ​បណ្ឌិត​ ក៏បាន​ធ្វើការ​សំណូមពរ​ដល់​គ្រួសារ​ទាំងពីរ ឲ្យ​ត្រូវ​ចេះ​ថែរក្សា​លំនៅដ្ឋាន​ថ្មី និង សុខភាព​របស់ខ្លួន ព្រមទាំង​ធ្វើ ការដាំដុះ​ដំណាំ​រួមផ្សំ ក្នុង​ការ​ទ្រទ្រង់​ជីវភាព​ក្នុង​ក្រុមគ្រួសារ​ផងដែរ។

លោកជំទាវ​បណ្ឌិត គួ​យ​ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន ធ្វើការ​ក្រើនរំលឹក​ផង​ដែរ​ថា ក្នុង​រដូវក្តៅ​នេះ ត្រូវមាន​ការ​ថែរក្សា​នូវ​សុខភាព សំខាន់​ចំពោះ​បញ្ហា​ភ្លើង​ផ្សែង ដោយ​រដូវប្រាំង​បាន​ចូល មកដល់​ហើយ ដែល​ធ្វើ​ឲ្យ​មានការ​ហួតហែង និង ងាយ​រង​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​កើតឡើង។

លោកជំទាវ​បណ្ឌិត​ ក៏បាន​សង្កត់​ធ្ងន់​ចំពោះ​បញ្ហា​ការ​បរិភោគ​ទឹក​ឲ្យ​មាន​អនាម័យ ព្រមទាំង​សុខភាព​មាតា ទារក និង ស្ត្រី​មាន​ផ្ទៃពោះ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​សុខភាព ដោយ​ងាយ​ទទួលរង​ឆ្លង​ជំងឺ​ផ្សេងៗ តែបើ​មាន​ជំងឺ​ត្រូវ​ប្រញាប់​នាំ​កូនចៅ ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បងប្អូន ក្នុងការ​សង្គ្រោះ​អាយុជីវិត និង ត្រូវ​ហូប​ស្អាត ផឹក​ស្អាត មាន​អនាម័យ​ល្អ ក្នុងការ​កាត់បន្ថយ ការចំណាយ​ថវិកា​ក្នុង​ក្រុមគ្រួសារ​ទៀតផង។

ការប្រគល់​លំនៅដ្ឋាន​ដល់​គ្រួសារ​ទាំងពីរ​នាពេលនេះ ក្នុង​ការជួយ​សម្រួល​ដ​ល់​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ​ទាំងពីរ ឲ្យ​មាន​ជម្រក​រស់នៅ​ប្រកបដោយ​ភាពកក់ក្តៅ ហើយក៏​ជាការ​លើកកម្ពស់​សុវត្ថិភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ សំខាន់​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ នៃ​សង្គមជាតិ។

សម្ភារៈ​សង្កត់​ផ្ទះ​នាពេលនោះ ​ក្នុង​មួយ​ផ្ទះ​ទទួល​បាន ១​គ្រួសារ មុង​១ -​ភួយ​១ -​សារុង​១ -​ក្រមា​១ -​កន្ទេល​១ -​អង្ករ​៦០​គីឡូក្រាម -​មី​១​កេស -​ត្រីខ​១​យួរ ទឹកត្រី​១​យួរ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និង​ថវិកា​២​សែន​រៀល។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់ៗ​ទទួលបាន​សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​ផងដែរ៕