ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​ទី​១០ ព្រឹទ្ធសភា​ ស្វែងយល់​អំពី​ការអនុវត្ត​ច្បាប់ ស្ដីពី​ការ​ប្រឆាំង​អំពី​ពុករលួយ​ ការ​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ ការអនុវត្ត​មូលដ្ឋាន និង​បញ្ហា​ប្រឈម​នានា ក្នុង​ខេត្ត​រតនគិរី

​រតនគិរី​ ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ គណៈប្រតិភូ​គណៈកម្មការ​ទី​១០​ព្រឹទ្ធសភា ដឹកនាំ​ដោយ​ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ខេត្ត​រតនគិរី​ ដឹកនាំ​ដោយ លោក​ គិត ទ្រី អភិបាលរង​ខេត្តរតនគិរី ដើម្បី​ឈ្វេងយល់​អំពី​ការអនុវត្ត​ច្បាប់ ​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការអភិវឌ្ឍ​មូលដ្ឋាន និង​បញ្ហា​ប្រឈម​នានា នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី​។​

​ក្នុង​ពិធី​ជួបពិភាក្សា​ការងារ​នេះ លោក គិត ទ្រី អភិបាលរង​ខេត្តរតនគិរី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្តរតនគិរី សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខេត្ត សភាព​ការ​ណ៍​សន្តិសុខ សណ្ដាប់ធ្នាប់ តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​វឌ្ឍនភាព នៃ​ការ​អនុវត្ត​ច្បាប់​ ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា នៃ​ការអភិវឌ្ឍន៍​មូលដ្ឋាន នៅ​ក្នុង​ខេត្ត​។​

​ក្នុង​ឱកាស​នោះ​ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា បាន​មានប្រសាសន៍​អំពី​គោល​បំណង​ដែល​គណៈ​ប្រតិភូ​ចុះមក​នាពេលនេះ និង​វាយ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​របស់​ខេត្ត​។​

លោក​អំពាវនាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ ពីព្រោះ​អំពើពុករលួយ គឺជា​ជំងឺ​ដ៏​សាហាវ​មួយ​ដែល​ធ្វើ​ឲ្យ​សុខភាព​សាធារណៈ​ចុះ​អន់ថយ បើ​មិន​ប្រញាប់​ព្យាបាល​នោះ ប្រជា​ពលរដ្ឋ​នឹង​អស់​ជំនឿ​ទុក​ចិត្ត សមិទ្ធផល​ទាំងឡាយ​ដែល​ខិតខំ​កសាង​នា​ពេល​កន្លងមក នឹង​ក្លាយ​ជា​អសារ​បង់។

​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ព្យាបាល​ជំងឺ​ពុករលួយ គឺ​ការ​អនុវត្ត​ឲ្យ​បាន​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែក ព្យាបាល និង​វះកាត់ តាម​រយៈ ការអប់រំ បង្ការ​ទប់ស្កាត់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

ជាពិសេស​ត្រូវ​អប់រំ ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​មិន​ចង់​ពុករលួយ បង្ការ​ទប់ស្កាត់ ដើម្បី​មិនអាច​ពុករលួយ និង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស ដើម្បី​មិន​ហ៊ាន​ពុករលួយ៕