ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ ស្ដីពី​ការ​ត្រៀម​រៀបចំ​សន្និបាត​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៥

​​ប៉ៃលិន​ ៖ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន បាន​បើក​កិច្ចប្រជុំ​ត្រៀម រៀបចំ​សន្និបាត សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត អាណត្តិ​ទី​៥ ស្ថិត​ក្រោម​អធិបតីភាព លោក សៅ សារ៉ាត់ អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន ដោយមាន​ការចូលរួម​ពី​ លោក លោកស្រី​សមាជិក សមាជិកា សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ក្រុមការងារ​អភិវឌ្ឍន៍​ស្ថាប័ន សរុប​ប្រមាណ​ជាង​២០​នាក់​។​

លោក សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍ ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូរ សួរ​សុខទុក្ខ​បងប្អូន​សមាជិក សមាជិកា សាខា​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខ​លំបាក ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេងៗ ជាពិសេស​ជួយ​ជនរងគ្រោះ​ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

លោក​បាន​បន្តទៀតថា​ ចំពោះ​បញ្ហា​នៅថ្ងៃនេះ​ គឺ​យើង បើក​កិច្ចប្រជុំ​ស្ដីពី​ការ​ត្រៀម​រៀបចំ​សន្និបាត​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាពេលខាងមុខ ហើយ​ក្នុង​កិច្ចប្រជុំ​នេះ ​គឺ​យើង​ធ្វើការ​ពិភាក្សា អំពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ ព្រមទាំង​បទពិសោធន៍​នានា ដែល​យើង​បាន​រៀបចំ​សន្និបាត​សាខា កាលពី​អាណត្តិ​ទី​៤​ឆ្នាំ ​(២០១៣-២០១៩) ឃើញ​ថា ​មាន​ភាព​ល្អ​ប្រសើរ ព្រមទាំង​ទទួលបាន​ជោគជ័យ​ខ្ពស់ ក្រោម​ការដឹកនាំ និង​ចង្អុលបង្ហាញ​ពី​លោកស្រី បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន ជាពិសេស ក្រោម​ការ​ដឹកនាំ​ដ៏​ឧត្តុង្គ​ឧត្ដម របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ផង​ដែរ​។​

លោក​បាន​បញ្ជាក់​ថា សន្និបាត​សាខា​អាណត្តិ​ទី​៥ គឺជា​ការងារ​អាទិភាព​មួយ ក្នុង​ឆ្នាំ​២០១៩ ហេតុនេះ​ដើម្បី​ត្រៀមលក្ខណៈ ក្នុង​ការ​ជួយ​រៀបចំ​សន្និបាត​សាខា ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​លក្ខន្តិកៈ​កាកបាទក្រហម​កម្ពុជា ដូច្នោះ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​ប៉ៃលិន នឹង​បង្កើត​ក្រុមការងារ សម្រាប់​ជួយ​រៀបចំ​សន្និបាត​សាខា ដោយមាន​ការចូលរួម​ពី​គ្រប់ សមាជិក សមាជិកា ទាំងអស់ ក្នុងនោះ​យើង​ក៏​នឹង​បង្កើត​ឯកសារ​គោល​មួយចំនួនទៀត សម្រាប់​សាខា​ធ្វើជា​មូលដ្ឋាន ក្នុងការ​គិតគូរ​រៀបចំ​សន្និបាត​សាខា​ផងដែរ។

លោក​បាន​សង្កត់ធ្ងន់​ថា​ ការរៀបចំ​សន្និបាត​ ក៏​យើង​ត្រូវ​ក្រុមការងារ​យុវជន ព្រោះ​យុវជន​កាកបាទ​ក្រហម​កម្ពុជា គឺជា​ឆ្អឹងខ្នង របស់​ចលនា ជា​កម្លាំង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​មនុស្សធម៌ មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ជាមួយគ្នានេះដែរ ​យុវជន​ស្ម័គ្រចិត្ត ក៏​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ផ្តល់​ក្តី​សង្ឃឹម ផ្តល់​ភាព​កក់ក្តៅ ដល់​អ្នក​ងាយ​រងគ្រោះ​ផង​ដែរ​៕