ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​១៣​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​សេ​ដូ​នី​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយថា មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​ស្លាប់​និង​ជាង​៣០​នាក់​ផ្សេងទៀត​រង​របួស​នៅ​ពេល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ​បាន​ក្រឡាប់​លើ​ផ្លូវ​ជាតិ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​សេ​ដូ​នី​កាលពី​ថ្ងៃ​ពុធ។

ថ្លែង​ទៅកាន់​ទីភ្នាក់ងារ AFP លោក Venko Filipce បាន​បន្ថែមថា ចំនួន​អ្នកស្លាប់​អាច​កើនឡើង​ដោយសារ​តែមាន​មនុស្ស​កំពុង​ទទួល​ការវះកាត់​និង​មនុស្ស​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ប្រហែល​២០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Skopje ។ មនុស្ស​ប្រហែល​៥០​នាក់​បាន​ជិះ​ក្នុង​រថយន្តក្រុង​នេះ​។​

លោក Ilir Asani ប្រធាន​មជ្ឈមណ្ឌល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​របស់​ទីក្រុង Skopje បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​រងរបួស​ធ្ងន់​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ផងដែរ​។​

ទន្ទឹម​នោះ រដ្ឋអាជ្ញា​សាធារណៈ​បាន​និយាយថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែល​បាន​កើតឡើង​នៅពេល​រថយន្ដក្រុង​រប​ស់​ក្រុមហ៊ុន Durmo Tours បាន​បុក​របាំង​នៅ​ទិសដៅ​ផ្ទុយគ្នា​ហើយ​បន្ទាប់មក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​និង​ក្រឡាប់​នៅក្បែរ​ភូមិ Laskarci ។​

លោក Festim Rusani អាយុ​៤២​ឆ្នាំ​គឺ​កំពុងធ្វើដំណើរ​ទៅផ្ទះ​របស់គាត់​ក្នុង​ទីក្រុង Tetovo នៅពេលដែល​គាត់​បានឃើញ​រថយន្តក្រុង​នេះ​ក្រឡាប់​។​

លោក​បាន​ប្រាប់ AFP ថា “​ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​និង​ប៉ូលិស​ភ្លាមៗ​។ ខ្ញុំ​និង​អ្នកជិតខាង​បាន​ជួយ​យក​មនុស្ស​បីនាក់​ចេញពី​រថយន្តក្រុង​។ ប៉ុន្តែ​សម្រាប់​អ្នក​ផ្សេងទៀត វា​គឺ​ពិបាក​ណាស់​ព្រោះ​ពួកគេ​ទាំងអស់​ត្រូវ​ជាប់​នៅក្រោម​រថយន្តក្រុង​”៕ AFP