ព័ត៍មានទាន់​ហេតុការណ៏
Search

EU ស្នើសុំ​បន្ថែម​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចូលក្នុង​បញ្ជីខ្មៅ​នៃ​ការលាង​លុយកខ្វក់

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​សម្តែង​ការសោកស្តាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ជុំវិញ​សំណើ​របស់​សហភាព​អឺរ៉ុប (EU) ដើម្បី​ឲ្យ​បន្ថែម​ខ្លួន​និង​ប្រទេស​ចំនួន​ប្រាំមួយ​ផ្សេងទៀត​ចូលទៅក្នុង​បញ្ជីខ្មៅ​នៃ​ការលាង​លុយកខ្វក់​សម្រាប់​រដ្ឋាភិបាល​ដែល​បានធ្វើ​តិចតួច​ពេក​ដើម្បី​ទប់ស្កាត់​ការផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម។

សំណើ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​រាជធានី​រី​យ៉ា​ដ​និង​រដ្ឋាភិបាល​អ៊ឺរ៉ុប​ជុំវិញ​ករណី​ឃាតកម្ម​កាលពី​ឆ្នាំមុន​របស់​អ្នកកាសែត Jamal Khashoggi នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​ចង់​បន្ថែម​ប្រទេស​ចំនួន​ប្រាំពីរ​រួមទាំង​អារ៉ាប៊ីសាអ៊ូឌីត​និង​ប៉ា​ណា​ម៉ា​ផងដែរ​ទៅលើ​ប្រទេស​ចំនួន​១៦​ទៀត​ដែល​ស្ថិតនៅក្នុង​បញ្ជី​រួចទៅហើយ​ដូចជា​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ ប៉ា​គី​ស្ថាន អេ​ត្យូ​ពី​និង​កូរ៉េខាងជើង​ជាដើម​។​

ការដាក់បញ្ចូល​ក្នុង​បញ្ជី​នេះ​មិនបាន​បង្ក​ជា​ទណ្ឌកម្ម​ទេ​ប៉ុន្តែ​វា​តម្រូវ​ឲ្យ​បណ្តា​ធនាគារ​អឺរ៉ុប​ត្រូវអនុវត្ត​ការគ្រប់គ្រង​តឹងរ៉ឹង​ជាង​មុន​លើ​ប្រតិបត្តិការ​ជាមួយ​អតិថិជន​និង​ស្ថាប័ន​នានា​នៅក្នុង​បណ្តា​ប្រទេស​ទាំងនោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ សំណើ​នេះ​ត្រូវតែ​ទទួលបាន​ការអនុម័ត​ដោយ​សភា​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​ចំនួន​២៨​ខណៈ​ប្រទេស​បារាំង​និង​ចក្រភព​អង់គ្លេស​បាន​ប្រឆាំងនឹង​បញ្ជី​ថ្មី​នេះ​។​

ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency បាន​និយាយថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានកត់សម្គាល់​ជាមួយ​ការសោកស្តាយ​ដែល​គណកម្មាធិការ​អឺរ៉ុប​បានស្នើ​ឡើង​នូវ​បញ្ជី​កែប្រែ​នៃ​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់​។​

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អារ៉ាប៊ីសាអ៊ូឌីត​លោក Mohammed Al-Jadaan ត្រូវបាន​ដកស្រង់​សម្តី​នៅក្នុង​របាយការណ៍​នេះ​ដោយ​និយាយថា “​ការប្តេជ្ញាចិត្ត​របស់​ទីក្រុង​រី​យ៉ា​ដ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​និង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវកម្ម​គឺជា​អាទិ​ភាពជា​យុទ្ធសាស្ត្រ​”​។​

ស្របពេល​ជាមួយគ្នា​នោះ ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌​លោកស្រី Vera Jourova បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហភាព​អឺរ៉ុប​បានដាក់​ស្តង់ដារ​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ដើម្បី​ប្រឆាំងនឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខុសច្បាប់​៕ AFP