ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម​និយាយ​ថា អតីត​ជំនួយការ​របស់​លោក Trump បាន​កុហក​រដ្ឋអាជ្ញា

អតីត​ប្រធាន​យុទ្ធនាការ​របស់​លោក​ Trump គឺ​លោក Paul Manafort អាច​ប្រឈម​នឹង​ការ​កាត់ទោស​ជាប់ពន្ធនាគារ​យូរ​ជាង​ការរំពឹងទុក ​បន្ទាប់ពី​ចៅក្រម​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​កាលពី​ថ្ងៃ​ពុធ​ថា លោក​បានធ្វើ​ខុស​កិច្ចព្រមព្រៀង​របស់​លោក​ជាមួយ​ការស៊ើបអង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក Robert Mueller ស្តីអំពី​បញ្ហា​រុស្ស៊ី។

ចៅក្រម​សហព័ន្ធ​លោកស្រី Amy Berman Jackson បាន​យល់ស្រប​ជាមួយនឹង​រដ្ឋអាជ្ញា​ថា លោក Manafort មាន​ចេតនា​ភូតកុហក​ដល់​អ្នកស៊ើប​អង្កេត​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយនឹង​ជនសង្ស័យ​រុស្ស៊ី​ឈ្មោះ Konstantin Kilimnik ក្នុង​ឆ្នាំ​២០១៦​និង​២០១៧​បើទោះបីជា​បាន​សន្យាថា​នឹង​សហការ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​អង្វរករ​ខែកញ្ញា​របស់​គាត់​ក៏ដោយ​។​

លោកស្រី Jackson ក៏បាន​សម្រេច​ផងដែរ​ថា លោក Manafort បាន​កុហក​អំពី​ការទូទាត់​សម្ងាត់​ដែល​គាត់​បាន​ធ្វើទៅ​ឲ្យ​ក្រុមហ៊ុន​ច្បាប់​មួយ​ហើយ​បាន​និយាយ​កុហក​ម្តងទៀត​នៅពេល​ក្រុម​អ្នកស៊ើប​អង្កេត​បាន​សួរ​គាត់​អំពី​ការស៊ើបអង្កេត​សម្ងាត់​ដាច់ដោយឡែក​មួយ​ដែល​ទាក់ទង​នឹង​ការស៊ើបអង្កេត​របស់លោក Mueller ។​

សេចក្តីសម្រេច​នេះ​មានន័យថា លោក Mueller លែង​ត្រូវគោរព​តាម​កិច្ចព្រមព្រៀង​ទៀតហើយ​ដែល​ក្នុងនោះ​លោក Manafort បាន​យល់ព្រម​សារភាព​ទោសកំហុស​ចំពោះ​ការចោទប្រកាន់​អំពី​ការឃុបឃិត​ចំនួន​ពីរ​ករណី​ដែល​អាច​ជាប់ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ​។​

វា​ក៏​អាច​បង្កើន​ការពិន័យ​ដែល​កើតចេញពី​សាលក្រម​រប​ស់​បុរស​អាយុ​៦៩​ឆ្នាំ​រូបនេះ​នៅក្នុង​ការកាត់ក្តី​ដាច់ដោយឡែក​ពីគ្នា​មួយ​កាលពី​ឆ្នាំមុន​នៅ​រដ្ឋ Virginia ផងដែរ​។​

លោកស្រី Jackson បាន​និយាយថា ភាគី​លោក Mueller លែង​ជាប់​កាតព្វកិច្ច​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​អង្វរករ​ទៀតហើយ​ដែល​ក្នុងនោះ​រួមមាន​ទាំង​ការសន្យា​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការកាត់បន្ថយ​នៅក្នុង​ការកាត់ទោស​រប​ស់លោក Manafort ផងដែរ​។​

គួរ​បញ្ជាក់ថា លោក Manafort គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អតីត​សហការី​យុទ្ធនាការ​របស់លោក Trump ទាំង​ប្រាំពីរ​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រុម​របស់លោក Mueller ។​
​គាត់​ត្រូវបាន​គេ​កាត់ទោស​កាលពី​ខែសីហា​នៅក្នុង​តុលាការ​រដ្ឋ Virginia ពីបទ​ចោទប្រកាន់​អំពី​ការបន្លំ​លុយ​ធនាគារ​និង​ពន្ធ​ចំនួន​៨​ករណី​ទាក់ទង​នឹង​ការងារ​របស់គាត់​សម្រាប់​គណបក្សនយោបាយ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ចន្លោះ​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៤៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114